ដោយៈ សុផល / ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យក ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០ នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤។
របៀបវារៈដែលត្រូវលើកយកមកពិនិត្យ ពិភាក្សា មានដូចខាងក្រោម៖
១-ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងារ របស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី៨ និងលើកទី៩ នីតិ-កាលទី៤។
២-ពិនិត្យ ហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។
៣-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែន សារពើពន្ធ ។
៤-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
១- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់ រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយក ពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិង
ការចៀសវាងពន្ធ។
២- កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
៥- ពិនិត្យ ហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញា ស្តីពីជំនួយក្នុងករណីមាន គ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម ៕/V