​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ ក្រុមហ៊ុន​បច្ចេកវិជ្ជា​មកពី​ជុំវិញ​ពិភពលោក​កំពុង​ដាក់​តាំង​បង្ហាញ​ផលិតផល​ប្រើប្រាស់​ចុងក្រោយ​របស់​ពួកគេ​នៅ​ឯ​ពិព័រណ៍​ហៃ​ណាន​២០២២​។ វេបសាយ CGTN បានជ្រើសរើស​ឧបករណ៍​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​ចំនួន​ដើម្បី​ឱ្យ​លោក​អ្នក​បាន​ឃើញ​និន្នាការ​ចុងក្រោយ​បំផុត​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​។​

ស្រ្តីម្នាក់សាកដ្រូននៅ​ឯ​ពិព័រណ៍​ហៃ​ណាន​២០២២

​ពិព័រណ៍​ហៃ​ណាន ទោះបីជា​ទើបតែ​ប្រារព្ធ​ឡើង​ជា​លើក​ទី​ពីរ​ក៏​ដោយ ក៏​ប៉ុន្តែ​បាន​ក្លាយ​ជា​បណ្តាញ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ក្រុមហ៊ុន​នានា​ក្នុង​ការបញ្ចេញ​ផលិតផល​ថ្មី​ម៉ាក​ល្បីៗ​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា AI យក្ស​របស់​ចិន iFLYTEK បាន​ណែនាំ​ម៉ូ​ដែល​ទី ៤ នៃ​ឧបករណ៍​បកប្រែ AI របស់​ពួកគេ ដែល​មាន​ការ​រចនា​អេក្រង់​ពីរ​អនុញ្ញាត​ឱ្យ​មាន​បទពិសោធន៍​មើលឃើញ​​សម្រាប់​ភាគី​ទាំងពីរ​នៃ​ការសន្ទនា​។​

​ឧបករណ៍​បកប្រែ​នេះ​អាច​ដំណើរការ ១៦ ភាសា​ដោយ​មិនចាំបាច់​ភ្ជាប់​អ៊ីនធឺណិត និង ៨៣ ភាសា​ដោយមាន​ជំនួយ​តាម​អ៊ីនធឺណិត​។​

​ក្រុមហ៊ុន​ក៏​បាន​បញ្ចេញ​ឧបករណ៍​ជំនួយការ​ស្តាប់ ដែល​មាន​តម្លៃ​មធ្យម​ផងដែរ ដោយ​ព្យាយាម​បំពេញ​ចន្លោះ​រវាង​ផលិតផល​លំដាប់​ទាប​តម្លៃថោក​និង​ផលិតផល​ប្រណីតៗ​តម្លៃ​ថ្លៃ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Chery Automobile បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​យក្ស​ផ្នែក​លក់​អន​ឡា​ញ JD.com​ដើម្បី​ណែនាំ​បទពិសោធន៍​ទិញ​រថយន្ត​តាម​អ៊ីនធឺណិត​ក្រោម​អ្វី​ដែល​គេ​ហៅ​​ថា​ប្រព័ន្ធ​អេកូឡូស៊ី “iCar” ដែល​អាច​ឱ្យ​អ្នកបើកបរ​ទិញ​រថយន្ត​តាម​អ៊ីនធឺណិត​ដូច​សម្លៀក​បំពាក់​ឬ​គ្រឿង​អេឡិចត្រូនិច​យ៉ាង​អ៊ីចឹង​។​

​ឥឡូវនេះ​មនុស្ស​អាច​បញ្ជា​ទិញ​រថយន្ត​អគ្គិសនី “Wujie Pro” EV ថ្មី​របស់​ក្រុមហ៊ុន​នៅលើ​វេបសាយ JD.com ។​

​ក្រុមហ៊ុន​កាន់តែច្រើន​បានជ្រើសរើស​បង្ហាញ​ផលិតផល​របស់​ពួកគេ​នៅលើ​វេបសាយ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត Xiaopeng មិន​ត្រឹមតែ​ណែនាំ​រថយន្ត EV របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ជូន​នូវ​ដ្រូ​ន​មាន​មនុស្ស​បើក​សម្រាប់​អ្នកទស្សនា​សាកល្បង​ទៀតផង​។​

​ដ្រូ​ន​ត្រូវបាន​គេ​ហៅថា “​យន្តហោះ​គ្មាន​មនុស្ស​បើក​” ជា​ភាសា​ចិន ជាហេតុ​ធ្វើឱ្យ​យន្តហោះ​មាន​មនុស្ស​បើក​ស្តាប់​ទៅ​មាន​ភាពឆ្គាំឆ្គង និង​ទាក់ទាញ​ក្នុងពេល​តែមួយ​។​

​ដ្រូ​ន​នេះ​មាន​រូបរាង​ដូច​ដ្រូ​ន​ស្លាបចក្រ​បួន​ផ្គុំ​ជាមួយ​កំពូល​រថយន្ត​ទំនើប​យ៉ាង​អ៊ីចឹង​។ ភ្ញៀវ​ត្រូវ​តម្រង់​ជួរ​ដើម្បី​ចូលទៅ​ក្នុង​នោះ​ហើយ​ទទួលបាន​បទពិសោធន៍​ហោះហើរ​។​

​ក្រុមហ៊ុន​កុំព្យូទ័រ​យក្ស​របស់​អាម៉េរិក Dell បាន​សម្រេចចិត្ត​ទាក់ទាញ​អ្នក​ចូលចិត្ត​វីដេអូ​ហ្គេម​ជាមួយនឹង “​យាន​កីឡា​អេឡិចត្រូនិច​” របស់​ពួកគេ​។​

​ពួកគេ​បាន​បន្ថែម​អេក្រង់​ដូច​ដៃ​ពី​លើ​ក្បាល​ទៅ​នឹង​កៅអី​កីឡា​អេឡិចត្រូនិច (esports) ដោយ​ធ្វើឱ្យ​វា​ក្លាយជា​ស្ថានីយ​ពេញលេញ​សម្រាប់​ការលេង​ហ្គេម​កាន់តែ​ស៊ីជម្រៅ​៕