​ដោយ​: ភ្នំ​សន្ទុក​/​កំពង់ធំ​: លោក ងួន រតនៈ​ អភិបាលខេត្ត​កំពង់ធំ ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ស្ថានភាព​ដី​តំបន់​៣ ក្នុង​តំបន់​បែក​ចាន តំបន់​ពាក់​ថែប​និង​តំបន់ភ្នំ​ជី​មូស ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២​។​

​លោក ងួន រតនៈ បាន​អរគុណ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ ដូចជា​ពិសេស​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កន្លងមកនេះ ដែល​បាន​ដកហូត​ដី​នៅ​តំបន់​៣ ហើយក៏​បាន​ហាម​មិន​ឲ្យ​អាស្រ័យ​ផល​ជា​ដាច់​ខាត់​កាលពី​កន្លងមក តែ​ពេ​នេះ​សម្តេច​តេ​ជោ​បាន​ឲ្យ​ក្រុមការងារ​ចម្រុះ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត​បាន​សិក្សា​លម្អិត​ក្នុងការ​កាត់​ឆ្វៀល​ដី​ពី​តំបន់​៣ មក​តំបន់​២​វិញ ដើម្បី​ប្រជាពលរដ្ឋ​មាន​សិទ្ធ​គ្រប់គ្រាន់​ក្នុងការ​អាស្រ័យ​ផល​ស្រូវ​ជាធម្មតា និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ (​ប្លង់ដី​) ឲ្យ​ទៅកាន់​ពលរដ្ឋ​ផងដែរ​។​

​លោក ងួន រតនៈ អភិបាលខេត្ត​បានបញ្ជាក់​ប្រាប់ បងប្អូន​ប្រជាពលរដ្ឋ​ថា​ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​កាត់​ឆ្វៀល​ដី​អភិរក្ស​បឹង​ទន្លេសាប​ចេញពី​តំបន់​៣ និង​តំបន់​២ ជូនទៅ​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ​ពិសេស ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​តំបន់​៣​នេះ ជូន​បងប្អូន​ទៅតាម​អ្វីដែល​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ជាក់ស្តែង ដោយ​ផ្អែកលើ​ផែនទី​អាកាស​ដែលជា​ផែនទី​គោល​សម្រាប់​មក​ផ្ទៀងផ្ទាត់​បន្ថែមទៀត​ដើម្បី​កាត់​ឆ្វៀល​បាន​ត្រឹមត្រូវ ។ ធ្វើបែបនេះ​ក្នុង​គោលបំណង​រួមគ្នា​អភិរក្ស​និង​អភិវឌ្ឍន៍​បឹង​ទន្លេសាប​ឲ្យ​ធនធាន​ជលផល​និង​ជន​ធាន​ធម្មជាតិ​មាន​ភាព ល្អប្រសើរ​ឡើងវិញ​។​

​លោក​អភិបាល​ខេត្តកំពង់ធំ បាន​ជំរុញ​ទៅដល់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​រដូវ​លែង​កូន​ត្រី​ត្រូវធ្វើ​យ៉ាងណា​គិតគូរ​ពី​ការលែង​ទៅដល់​បឹងបួរ​ដែល​នៅក្នុង​តំបន់ ២ តំបន់ ៣ ដើម្បី​ឱ្យមាន​ការរក្សា​ក៏ដូចជា​ការរស់នៅ​បែប​ធម្មជាតិ​ឡើងវិញ​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ទៀតថា យោងតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ និង​អនុក្រឹត្យ​លេខ​១០៥ អនក្រ​.​ប្រក​ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ស្តីពី​កែសម្រួល​ផ្ទៃដី​ទំហំ ៦,៣៨៥ ហិច​តា ចេញពី​តំបន់​៣ បញ្ចូលមក​តំបន់​២​នៃ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ នឹង​ប្រគល់ជូន​ប្រជាពលរដ្ឋ និង​អាស្រ័យ​ផល​៕​