ដោយ: សុខុម / ស្ទឹងត្រែង: រថយន្តក្រុមហ៊ុនវីរៈប៊ុនថាន់ដឹកមនុស្សចំនួន ៩នាក់ ក្រឡាប់នៅលើកណ្ដាលផ្លូវជាតិលេខ៩ ក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី ៤ ខែសីហាឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្ដាលឲ្យរថយន្តខាងលើនេះ ក្រឡាប់គឺពេលកំពុងបើកបរស្រាប់តែគាំងដៃចង្កូតរថយន្តហើយអ្នកបើកបរបញ្ជាមិនបាន។ មនុស្សជិះនៅក្នុងរថយន្តសរុប ៩ នាក់ក្នុងនោះមានស្រីបីនាក់ជនបរទេស ៥នាក់មានស្ត្រីបីនាក់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តដែលក្រឡាប់ម៉ាកខនធីពាក់ស្លាកលេខភ្នំពេញ 3D 6505 របស់ក្រុមហ៊ុនវីរៈប៊ុនថាន់ បើកបរក្នុងទិសដៅពីកើតទៅលិច។ អ្នកបើកបរឈ្មោះ សុខ សុភី ភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិព្រៃពង្រ ឃុំក្រាំងថ្នង ស្រុកកងពិសី ខេត្តកំពង់ស្ពឺ។ ហេតុការណ៍នោះ មិនបានបង្កឱ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ក្រោយពេលកើតហេតុ ខាងភាគីរថយន្តបានយករថយន្តក្រុមហ៊ុនផ្សេងទៀតដឹកមនុស្សទាំងអស់ ឆ្ពោះទៅកាន់គោលដៅដោយបន្សល់ទុកតែអ្នកបើកបរម្នាក់នៅហ្នឹងកន្លែងកើតហេតុ។ ចំណែករថយន្តដែលក្រឡាប់នោះត្រូវបានក្រុមហ៊ុនយករថយន្តស្ទូចមកស្ទូចទៅដោយខ្លួនឯង៕