ដោយៈ​សុផល / ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony J. Blinken នៅថ្ងៃនេះ បានប្រកាស​ពី​គម្រោង​ថ្មី​មួយ ក្នុង​ទឹកប្រាក់ ២៥ លាន​ដុល្លារ​អាមេរិក គឺ «​គម្រោង​កម្ពុជា​ ហា​វែ​ស III» ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​កំណើនសេដ្ឋកិច្ច ក្នុង​វិស័យ​កសិកម្ម ក្នុងប្រទេស​កម្ពុជា​។ គម្រោង​កម្ពុជា ហា​វែ​ស III មាន​រយៈពេល ៥ ឆ្នាំ ដែល​គ្រប់គ្រង​ដោយ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ។​

​លោក​រដ្ឋមន្ត្រីការបរទេស Blinken មានប្រសាសន៍ថា ៖ «​យើង ជឿជាក់​លើ​គម្រោង​នេះ យើង​ជឿជាក់​លើ​ដៃគូ​នានា​របស់​យើង ហើយ​យើង​ចង់​ធ្វើ​ការល្អៗ ឱ្យបាន​ច្រើន​ជាមួយគ្នា​។ វា​ពិត​ជាមាន​សារៈសំខាន់ ដែល​យើង ត្រូវ​ពង្រឹង​នូវ​សន្តិសុខ​ស្បៀង​ពិភពលោក និង ដោះស្រាយ​ឬ​សគល់ នៃ​ភាពអត់ឃ្លាន កង្វះ​អាហារូបត្ថម្ភ និង ភាពក្រីក្រ​» ។​

​គម្រោង កម្ពុជា​ហា​វែ​ស III នឹងធ្វើ​ការ​ជាមួយ​ដៃគូ​កម្ពុជា ក្នុង​វិស័យ​កសិកម្ម អ្នកផ្តល់​បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និង ភាគី​ពាក់ព័ន្ធ​វិស័យ​ឯកជន​ដទៃទៀត ដើម្បី​អភិវឌ្ឍន៍​នូវ កម្លាំង​ការងារ​ជំនាញ បង្កើត​ការងារ និង​ចាប់យក​ឱកាស​ទីផ្សារ សម្រាប់​កសិករ ។ គម្រោង​នេះ នឹង​កសាង​បន្ថែម លើ​ការវិនិយោគ ដែល​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បានធ្វើ​អស់​រយៈពេល​ជាង មួយ​ទសវត្សរ៍ មកហើយ តាមរយៈ​ការលើកកម្ពស់​ឱកាស​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ណែនាំ​នូវ​បច្ចេកវិទ្យា​កសិកម្ម​វៃឆ្លាត បែប​ធន់​នឹង​អាកាសធាតុ និង​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​ប្រជាជន​កម្ពុជា ជាពិសេស​ស្ត្រី យុវជន និង ប្រជាជន​ងាយ​រងគ្រោះ ។​

​ក្នុង​រយៈពេល​គម្រោង ៥ ឆ្នាំនេះ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID រំពឹងថា នឹង​រកបាន ៣៩ លាន​ដុល្លារ ក្នុងការ​វិនិយោគ​វិស័យ​ឯកជន​ថ្មី បង្កើត​ការងារ​ថ្មី ជាង ៣ ពាន់​កន្លែង ជួយ​ដល់​បណ្តា​ធុរកិច្ច និង​អ្នក​ផលិត ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ឱ្យ​ទទួលបាន​ហិរញ្ញប្បទាន ១៥ លាន​ដុល្លារ និង​រកបាន ១០០ លាន​ដុល្លារ ពី​ការលក់​៕/V​