ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្លាស់ប្តូរទស្សនៈ និង ពិភាក្សា អំពីការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌអាស៊ាន រៀបចំដោយកម្ពុជា។ នេះបើការបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះ។
អ្នកនាំពាក្យ បានបន្តថាៈ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកទីប្រឹក្សារដ្ឋ វ៉ាង យី បានកត់សម្គាល់ ដោយសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះទំនាក់ទំនង កំពុងកើនឡើង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ក្នុងវិស័យ ផ្សេងៗ រវាងកម្ពុជា និងចិន។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកោតសរសើរ ចំពោះលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល លើកទី៦ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ហើយបាន ប្តេជ្ញាធ្វើការជាមួយគ្នា ដើម្បីអនុវត្តផែនការសកម្មភាព សម្រាប់ការរួមគ្នាកសាងសហគមន៍ វាសនារួម។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសចិន ដែលតែងតែគាំទ្រកម្ពុជា ក្នុងមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន និងការផ្តល់នូវជំនួយយ៉ាងច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។ លោកបានកោតសរសើរ ចំពោះគំនិតផ្តួចផ្តើម របស់ប្រទេសចិន ក្នុងការរៀបចំព្រឹត្តិការណ៍ ជាបន្តបន្ទាប់ ដើម្បីរំលឹកខួបលើកទី១០០ នៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះនរោត្តម សីហនុ។
ប្រភពដដែល បានបញ្ជាក់ថាៈ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីការសកម្មភាពនានា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំក្រោយ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក ទីប្រឹក្សារដ្ឋ វ៉ាង យី បានពិភាក្សាអំពី ការវិវត្តនាពេលថ្មីៗនេះ នៅច្រកសមុទ្រតៃវ៉ាន់ ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការព្រួយបារម្ភ និងបានគូសបញ្ជាក់ អំពីជំហរឥតងាករេ និងរឹងមាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» និងចាត់ទុក បញ្ហានានា ពាក់ព័ន្ធទៅនឹងហុងកុង តៃវ៉ាន់ ទីបេ និង ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុង និងក្រោមសិទ្ធិអធិបតេយ្យភាព របស់សាធារណរដ្ឋប្រជាមានិតចិន។
អ្នកនាំពាក្យ ក្រសួងការបរទេស បានបន្តថាៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកទីប្រឹក្សារដ្ឋ វ៉ាង យី ក៏បានផ្លាស់ប្តូរទស្សនៈ និងបានវាយតម្លៃលើវិបត្តិ នៅមីយ៉ាន់ម៉ា ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីការខកចិត្តរបស់កម្ពុជា ចំពោះការប្រហារជីវិត សកម្មជនបក្សប្រឆាំង ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដែលបានជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាពវិញ។
លោក ទីប្រឹក្សារដ្ឋ វ៉ាង យី បានថ្លែងអំណរគុណយ៉ាងខ្លាំង និងបានគូសបញ្ជាក់ អំពីការគាំទ្រ យ៉ាងមុតមាំរបស់ប្រទេសចិន ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឧបនាយករដ្ឋមន្ត្រី លើការស្វែងរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកទីប្រឹក្សារដ្ឋ វ៉ាង យី ក៏បានផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងទៀត ដែលជាកង្វល់រួមផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តសម្របសម្រួល និង គាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងតំបន់ និងពិភពលោក៕/V