ដោយ:បញ្ញាសាស្ត្រ/កំពង់ធំ៖ លោក ជា ចាន់តូ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានលើកយកទិសដៅការងារមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជាមកបញ្ជាក់ជូនដល់សមាជិកសមាជិកា គណបក្សក្នុងស្រុកស្ទោងដើម្បីត្រៀតលក្ខណះសម្រាប់តម្រង់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ខាងឲ្យទទួល ជោគជ័យនិងលទ្ធផលកាន់តែល្អប្រសើរ។

លោក ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា(រូបថតក្រុមការងារ)

ទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះត្រូវបានលោកជា ចាន់តូ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំលើកយកមក ជម្រាបជូនសមាជិកសមាជិកាបក្សនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្ស ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរៀចំឡើងនៅទីស្នាក់ការគណបក្សស្រុកស្ទោង ។

នៅក្នុងកិច្ចប្រជុំនោះដែរលោក ជា ចាន់តូ បានបង្ហាញនូវមោទនភាពថាជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាទទួលបាននៅក្នុងការបោះឆ្នោតលជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងមកនេះជាការបញ្ជាក់ឲ្យយ៉ាងច្បាស់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ជាមួយនេះដែរក៏អាចវាយតម្លៃបានទៀតថា
ប្រជាពលរដ្ឋកម្ពុជាយើងម្នាក់ៗបច្ចុប្បន្នមានការយល់ដឹងខ្ពស់និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវមិនចាញ់បោកតាមការឃោសនាភូតកុហករបស់ជនអគិតមួយចំនួនទៀតទេ ទោះបីជាក្រុមទាំងនោះបានប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងគ្រប់រូបភាពឃោសនាពិសពុលបែបណាក៏ដោយ។

លោក ជា ចាន់តូ បានបន្តទៀតថា កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះកន្លងមកនេះ ក៏មិនអាចកាត់ផ្តាច់និងមើលរំលងពីកិច្ចខិតខំប្រឹងប្រែងពីការចូលរួមចំណែកយ៉ាងសកម្មនិងដ៏ធំធេងពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្សទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងមិនខ្លាចពីការនឿយហត់នោះបានឡើយ។
នៅក្នុងឱកាសនោះដើម្បីឲ្យក្រុមការងារគណបក្ស ស្រុកស្ទោង បានយល់កាន់តែច្បាស់ថែមទៀត ពីសមិទ្ធផលរបស់គណបក្សសម្រេចបានកន្លងមកលោក ជា​ចាន់តូ បានលើកយកនូវខ្លឹមសារលម្អិតនិងសំខាន់ៗនៃលទ្ធផលសន្និបាត និងចំណុចសំខាន់ៗមួយចំនួនទៀតក្នុងនោះក៏បានលើកយក ទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្ស សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខមកជម្រាបជូនដល់កិច្ចប្រជុំផងដែរ៕សរន