ដោយ:សូ ហាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង/ភ្នំពេញ:គង់ ស៊ីម អាយុ ៧២ឆ្នាំ គឺជាប្រជាពលរដ្ឋរស់នៅភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានរៀបរាប់ថា  ខ្ញុំមានបងប្អូនចំនួន៤នាក់ ក្នុងនោះស្រី២នាក់ ហើយខ្ញុំគឺជាកូនទី១។ នៅឆ្នាំ១៩៦៤ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាស្រះតាអឹម ដល់ថ្នាក់ទី៨ នៅក្នុងសម័យសង្គមរាស្ត្រនិយម។ ខ្ញុំរៀនជាមួយលោកគ្រូឈ្មោះ ប្រាក់ ម៉ុន, អាំ, តី ម៉ាឡែន និងគ្រូ ឡុង។

គង់ ស៊ីម អាយុ៧២ឆ្នាំ រស់នៅភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។(បណ្ណសារមជ្ឈមណ្ឌល ឯកសារកម្ពុជា)

នៅឆ្នាំ១៩៦៩ ខ្ញុំបានបួសរៀននៅវត្តព្រៃរំដេង បានចំនួន២វស្សា ហើយសឹកវិញ។ នៅដើមឆ្នាំ១៩៧០ ខ្ញុំបានទៅចូលរួមទទួលដំណើរយាងរបស់សម្ដេចព្រះ នរោត្តម សីហនុ មកសម្ពោធមន្ទីរពេទ្យ និងសាលារៀន នៅក្នុងឃុំអង្គរស។ ក្រោយមក ក៏កើតមានព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ដោយលោក លន់ នល់។ ក្រោយពីរដ្ឋប្រហារ ខ្ញុំឃើញវត្តមានរបស់កងទ័ពធីវគី ចូលមកធ្វើបាបប្រជាជន និងលួចប្លន់ទ្រព្យសម្បត្តិប្រជាជនជាដើម។

នៅឆ្នាំ១៩៧១ ខ្ញុំបានចូលធ្វើឈ្លបឃុំអង្គរសរយៈពេល២ឆ្នាំ បន្ទាប់មកខ្ញុំផ្លាស់ទៅចូលកងពិសេស និងឈរជើងនៅស្រុកមេសាងវិញ។ ក្រោយមក ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យទៅធ្វើការងារខាងបែងចែកផលត្រី។ នៅពេលនោះ មានការទម្លាក់គ្រាប់បែកកើតមានជាហូរហែរហូតមកដល់ចុងឆ្នាំ១៩៧៣។ ការរស់នៅរបស់ខ្ញុំលំបាកណាស់ ព្រោះខ្ញុំត្រូវរត់ចូលក្នុងលេណដ្ឋានជាញឹកញាប់ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៤ ការទម្លាក់គ្រាប់បែកបានស្ងប់ស្ងាត់ទៅវិញ។ ចាប់តាំងពេលនោះមក ខ្មែរក្រហមបង្កើតឲ្យមានសហករណ៍ ហើយឲ្យប្រជាជនហូបបាយរួមជាបណ្ដើរៗ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ នៅទីក្រុងភ្នំពេញ ខ្ញុំបានវិលត្រឡប់មករស់នៅក្នុងភូមិស្រះតាអឹមវិញ។ នៅពេលនោះ ប្រជាជនចាប់ផ្ដើមយករបស់របរប្រើប្រាស់ដាក់ចូលទៅក្នុងសហករណ៍ ធ្វើជារបស់ប្រើប្រាស់រួម។ នៅឆ្នាំ១៩៧៦ អង្គការបានរៀបការឲ្យខ្ញុំ។ បន្ទាប់ពីរៀបការរួច ខ្មែរក្រហមបានចាត់ខ្ញុំឲ្យធ្វើការនៅកងផលិត និងទៅកាប់ព្រៃរនាម។ ក្រោយមក ខ្មែរក្រហមក៏បញ្ជួនខ្ញុំទៅធ្វើការនៅក្រុងព្រៃវែង។ នៅពេលនោះដោយសភាពការច្របូលច្របល់ និងមានការបាញ់បោះ ខ្ញុំបានផ្លាស់ទៅនៅស្រុកពញាក្រែកវិញ។ នៅទីនោះបានមួយ កងទ័ពវៀតណាមបានចាប់ផ្តើមវាយប្រយុទ្ធតទល់ជាមួយយោធាខ្មែរក្រហមនៅតាមព្រំដែនក្នុងខេត្តក្រចេះ ធ្វើខ្ញុំមានការភ័យខ្លាចហើយរត់ត្រឡប់មករស់នៅក្នុងភូមិស្រះតាអឹមវិញ។ ពេលខ្ញុំមកដល់ភូមិស្រះតាអឹម ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិឲ្យធ្វើដំណើរទៅអ្នកលឿង។ នៅពេលទៅដល់អ្នកលឿង ក៏មានការផ្ទុះអាវុធទៀត ហើយកងទ័ពសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ប្រកាសឲ្យប្រជាជនវិលត្រឡប់ទៅស្រុកកំណើតវិញ ព្រោះប្រទេសរបស់យើងត្រូវបានរំដោះហើយ។

ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានវិលមកមករស់នៅក្នុងភូមិស្រះតាអឹម និងបានជូបជុំគ្រួសារឡើង។ ខ្ញុំនិងគ្រួសារនៅជួបការលំបាកនៅឡើយ ព្រោះមិនទាន់មានស្រូវអង្ករហូបចុកគ្រប់គ្រាន់។ ខ្ញុំនិងគ្រួសារបានដើររើសគួរស្រូវដើម្បីបុកហូប ហើយក្រោយមកទើបជីវភាពរបស់ខ្ញុំបានប្រសើរឡើង។

នៅឆ្នាំ១៩៨១ ខ្ញុំបានចូលបម្រើការងារជាមេភូមិស្រះតាអឹម ដើម្បីជួយដល់ប្រជាជន។ រហូតមកដល់ឆ្នាំ១៩៩៣ ខ្ញុំបានផ្លាស់ទៅធ្វើជានរគបាល ស្រុកមេសាង បានរយៈពេលមួយឆ្នាំក៏ឈប់ ហើយត្រឡប់មករស់នៅ និងធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ៕សរន