ដោយ ៖ គាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម/ត្បូងឃ្មុំ:ខ្ញុំឈ្មោះ អ៊ុក ម៉ុក ភេទប្រុស កើតនៅឆ្នាំ១៩៦២។ ខ្ញុំមានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ហើយសព្វថ្ងៃខ្ញុំរស់នៅភូមិឃុំដដែល។ ឪពុករបស់ខ្ញុំឈ្មោះ យ៉ាង់ អ៊ុក និងម្ដាយឈ្មោះ ថោង ខុន ព្រមទាំងមានបងប្អូនបង្កើតចំនួន ៨នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ ស៊ាន  និងមាន កូនចំនួន៤នាក់។

អ៊ុក ម៉ុក រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (បណ្ណសារមជ្ឈណ្ឌលឯកសារកម្ពុជា)

កាលពីសម័យមុននៅក្នុងភូមិរបស់ខ្ញុំមានប្រជាជនរស់នៅប្រហែលជា៧០គ្រួសារប៉ុណ្ណោះ ហើយនៅក្នុងភូមិមានដើមឈើដុះស៊ុបទ្រុប។ នៅពេលខ្ញុំមានអាយុ១០ឆ្នាំ នៅក្នុងភូមិរបស់ខ្ញុំកើតមានសង្គ្រាមរវាងទាហានអាមេរិក និងកងទ័ពវៀតកុង ឬវៀតណាមខាងជើង។ ប្រជាជននាំគ្នារត់ចូលត្រង់សេ ឬលេណដ្ឋានដើមី្បគេចពីគ្រាប់ផ្លោង។ ក្រោយសង្គ្រាមស្ងប់ស្ងាត់ ទើបយើងនាំគ្នាចូលមករស់នៅក្នុងផ្ទះ និងប្រកបរបរធ្វើស្រែចម្ការវិញ។ រយៈពេលមួយឆ្នាំក្រោយមកសង្គ្រាមក៏កើតឡើងម្ដងទៀត។

នៅក្នុងឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងនៅក្នុងភូមិរបស់ខ្ញុំ និងបានប្រមូលទ្រព្យសម្បត្តិ, គោ, ក្របី, មាន់, ទា, ចាន, ឆ្នាំង ដាក់ជារបស់រួម។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅក្នុងកងកុមារ។ កងកុមារចាប់ផ្ដើមធ្វើការនៅម៉ោង៦ព្រឹក ដូចកងមនុស្សចាស់ៗដែរ។ ក្រោយមក ខ្ញុំផ្លាស់ចូលធ្វើការនៅក្នុងកងចល័ត ហើយត្រូវបានខ្មែរក្រហមចាត់តាំងឲ្យច្រូតស្រូវ និងឃ្វាលគោក្របី។ ពេលយប់ខ្មែរក្រហមឲ្យខ្ញុំរៀនអក្សរថែម។ គ្រូបង្រៀនគឺជាកម្មាភិបាលខ្មែរក្រហម ហើយខ្ញុំរៀនដល់ថ្នាក់ទី៣។

នៅពេលយប់កងយុវជន និងយុវនារីត្រូវ ដេកនៅកន្លែងផ្សេងគ្នា។ នៅពេលនោះប្រធានកងយុវជនឈ្មោះ សំ អេន និងប្រធានកងយុវនារី ឈ្មោះ ឈុំ។ ខ្ញុំត្រូវចាត់តាំងជាប្រធានក្រុម ដោយមានភារកិច្ចហៅសមាជិកក្រុមមកប្រជុំ និងណែនាំក្រុមឲ្យធ្វើការងារបន្ត។ ក្រុមនីមួយៗត្រូវចូលរួមប្រជុំរៀងរាល់ល្ងាច។ ខ្ញុំធ្វើការនៅកងចល័តរហូតដល់ឆ្នាំ១៩៧៧។

ក្រោយមក កម្មាភិបាល និងកងទ័ពមកពីភូមិភាគនិរតីបានចូលមកគ្រប់គ្រងភូមិ ហើយបានចាប់គ្រូបង្រៀន និងប្រធានកងរបស់ខ្ញុំយកទៅបាត់។ កម្មាភិបាល និងកងទ័ពមកពីភូមិភាគនិរតីបានចាប់មនុស្សកាន់តែច្រើនយកទៅចងទុកនៅសាសារំចេក។ ចំណែកខ្ញុំត្រូវខ្មែរក្រហមមកពីនិរតីជម្លៀសទៅដល់ព្រៃឆ្លូង ប៉ុន្តែដោយសារនៅទីនោះមិនមានអាហារហូបចុកគ្រប់គ្រាន់ ខ្ញុំក៏រត់ភៀសខ្លួនចេញពីភូមិទាំងភ័យខ្លាច។

នៅឆ្នាំ១៩៧៨ កម្មាភិបាល និងយោធាខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកកាន់តែច្រើន និងបានស្នាក់នៅសាលារំចេក។ នៅពេលនោះប្រជាជនលែងហ៊ានរស់នៅក្នុងភូមិទៀតហើយ គឺបាននាំគ្នាទៅរស់នៅក្នុងព្រៃ។ ខ្ញុំបានរត់ភៀសខ្លួនទៅខ្នងក្រពើ ហើយបន្ទាប់មកទៅប្រទេសវៀតណាម ព្រោះមានរថយន្តវៀតណាមរង់ចាំទទួលនៅមេមត់។ វៀតណាមបានសង់ផ្ទះថ្មី និងបើករបបអង្ករឲ្យខ្ញុំហូបរៀងរាល់ខែ។ ខ្ញុំរស់នៅវៀតណាមបានរយៈពេល៥ខែ។ បន្ទាប់ពីខ្ញុំបានឮសេចក្តីប្រកាសថា កងវៀតណាមវាយចូលប្រទេសកម្ពុជាដើម្បីរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម ទើបខ្ញុំត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំបានមក រស់នៅជុំឪពុកម្ដាយនៅក្នុងភូមិ។ បន្ទាប់មកខ្ញុំរៀបការជាមួយប្រពន្ធរបស់ខ្ញុំដែលជាអ្នកស្រុកជាមួយគ្នា និងប្រកបរបរធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ៕សរន