ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿង និងបានបញ្ជូន ជនសង្ស័យបីនាក់ ដែលជាមុខសញ្ញលួចម៉ូតូ (កាច់កម៉ូតូ) យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ទៅតុលាការ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្រោយពីនគរបាល ក្រុុងប៉ោយប៉ែត បានបង្ក្រាប និងឃាត់ខ្លួន បានជាបន្តបន្ទាប់។
នគរបាលក្រុុងប៉ោយប៉ែត បានឱ្យដឹងថាៈ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៣និង៣០នាទី កម្លាំងនគរបាលព្រហ្មទ័ណ្ឌ ក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ យឹម វិរ: ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តំណាងឱ្យជនជាតិឥណ្ឌូណេស៊ី ដែលជាម្ចាស់ម៉ូតូ ថាមានជនមិនស្គាល់អត្តសញ្ញាណ ចំនួនបីនាក់ បានលួចយកម៉ូតូ ចំនួន២គ្រឿង ក្នុងនោះ១.ម៉ាកហុងដា ឃ្លិច ពណ៌ខ្មៅ លាយលឿង និង ២.ម៉ាកហុងដា ឃ្លិច ពណ៌ស-លាយខ្មៅ ហើយម៉ូតូទាំងពីរនេះ ទុកនៅមុខអាគារធ្វើការ របស់បុគ្គលិកជនជាតិ ឥណ្ឌូណេស៊ី ដោយចាក់សោ ក ត្រឹមត្រូវ ។ លុះដល់ព្រឹកថ្ងៃទី២៤ កក្កដា ២០២២ ទើបបានដឹងថាបាត់ ហើយបានឆែកកាមេរ៉ាសុវត្ថិភាព ក៏ឃើញរូបចោរ មានគ្នា បីនាក់។
តមកទៀត នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ គឹម វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹង និងរាយការណ៍ថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ បានលួចយកម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ក្រម៉ៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1O-4585 នៅពេលនោះ ខ្លួនបានឱ្យម៉ូតូប្អូនខ្ចី ទៅរកអីញាំនៅក្រៅ លុះម៉ោងប្រហែលជិត ២៤ ប្អូនរបស់ឈ្មោះ គឹម វណ្ណៈ បានត្រឡប់ពីក្រៅវិញ ដើម្បីទៅបន្ទប់គេង។ លុះដល់បន្ទប់ជួល ក៏ឃើញម្ចាស់ផ្ទះ ផឹកស៊ីពីមុខផ្លូវចូលបន្ទប់ ប្អូនរបស់ឈ្មោះ គឹម វណ្ណៈ ក៏មិនហ៊ានបណ្ដើរម៉ូតូ ចូលបន្ទប់ ក៏សម្រេចចិត្តទុកម៉ូតូ នៅមុខផ្ទះ ដោយគិតថា ម្ចាស់ផ្ទះ នឹងបណ្ដើរម៉ូតូ ចូលក្នុងឱ្យ។ ចំណែកខ្លួន ក៏បានឡើងទៅបន្ទប់គេងបាត់ លុះព្រឹកឡើង មិនឃើញម៉ូតូ ក៏ឆែកកាមេរ៉ា ទើបដឹងថាបាត់។ ដើមបណ្ដឹងសំណូមពរ សូមឱ្យសមត្ថកិច្ច ជួយស្វែងរកម៉ូតូ និងចាត់ការ តាមផ្លូវច្បាប់។ បន្ទាប់ពីបានទទួលបណ្ដឹងរួច កម្លាំងនគរបាលព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែត បានចុះទៅដល់ កន្លែងកើតហេតុ ឆែកកាម៉េរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញា ជនសង្ស័យ។
រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៣ ទៀបភ្លឺ កម្លាំងជំនាញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ២ នាក់ នៅចំណុចផ្ទះសំណាក់ មួយកន្លែង ស្ថិតក្នុងភូមិ បាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋាន ដើម្បីសួរនាំ។
នគរបាលព្រហ្មទ័ណ្ឌ ក្រុងប៉ោយប៉ែត បានបន្តថាៈ ជនសង្ស័យ មានទី១-ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។ ទី២-ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តមកទៀត កម្លាំងនគរបាលព្រហ្មទ័ណ្ឌ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀត ឈ្មោះ ធូ ចាន់ថុល ហៅថុល ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង បីនាក់ ខាងលើ បានឆ្លើយសារភាពថា ពិតជាបានលួច (កាច់កម៉ូតូ) របស់ជនរងគ្រោះ ខាងលើ ពិតប្រាកដមែន។ ហេតុនេះ កម្លាំងជំនាញ បានស្រាវជ្រាវ រកឃើញម៉ូតូ បានចំនួន ៥ គ្រឿង រួចស្នើសុំប្រគល់ជូនទៅម្ចាស់ម៉ូតូ ដើម្បីយកទៅប្រើប្រាស់ វិញ។ ចំណែកឯជនសង្ស័យ បានត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ហើយកម្លាំង ជំនាញខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕/V