ដោយ:មុនីរ័ត្ន/ភ្នំពេញៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោករដ្ឋមន្រ្តីការបរទេស យ៉ូហ្ស៊ីម៉ាសា បានកត់សម្គាល់ដោយក្តីពេញចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញ៉ាប់ និងទំនាក់ ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជា នៅក្នុងវេទិកា តំបន់ និងអន្តរជាតិនានា ដែលស្តែងឱ្យឃើញតាមរយៈកិច្ចប្រជុំកំពូលចំនួន២ រវាងនាយករដ្ឋមន្រ្តីនៃ ប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាព ពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ខណៈឆ្នាំក្រោយជាខួបអនុស្សាវរី យ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តីការបរទេស យ៉ូហ្ស៊ីម៉ាសា បាន គូសបញ្ជាក់ថា ជប៉ុនកំពុងពិចារណាលើ សំណើរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការលើកកម្ពស់ភាព ជាដៃគូយុទ្ធសាស្រ្ត ទៅកម្រិតថ្មីមួយ ដើម្បីរំលឹកខួបអនុស្សា វរី យ៍ខាងលើ ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែង អំណរគុណ ចំពោះប្រទេសជប៉ុន ដែលបានផ្តល់ ជំនួយយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងសន្តិសុខ និង ការកសាងសមត្ថភាពដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលយកដោយក្តីរីករាយនូវការអញ្ជើញរបស់សមភាគី ជប៉ុនរបស់លោកក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុននៅក្នុងឆ្នាំនេះ។

តបទៅនឹងសំណើរបស់លោករដ្ឋមន្ត្រីការបរទេស យ៉ូហ្ស៊ីម៉ាសា លោកឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន បានជម្រាបជូនសមភាគីរបស់លោកអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់អំពីវឌ្ឍនភាពមួយចំនួនដែលសម្រេចបាន និងបានសង្កត់ធ្ងន់ថា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែង រហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់ឯកឧត្ដមជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា ទោះបីជាមានការដើរថយក្រោយ តាមរយៈការប្រហារជីវិត នាពេលថ្មីៗនេះក៏ដោយ។

លោលរដ្ឋមន្ត្រីការបរទេស យ៉ូហ្ស៊ីម៉ាសា បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានខិតខំស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។

នៅក្នុងក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-ជប៉ុន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជា សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន ឆ្នាំ២០២៣ ដើម្បីរំលឹកខួបឆ្នាំទី៥០ ជា «ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ» និងចំពោះបំណង របស់ប្រទេសជប៉ុនក្នុងការកសាង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន ។ លោករដ្ឋមន្ត្រីការបរទេស យ៉ូហ្ស៊ីម៉ាសា បានអះអាងជាថ្មីនូវការគាំទ្រដ៏មុតមាំរបស់ជប៉ុនចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស យ៉ូហ្ស៊ីម៉ាសា ក៏បានផ្លាស់ប្តូរ ទស្សនៈគ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមក៕សរន