ដោយៈ ភ្នំសន្ទុក/កំពង់ធំ:កាលពីរសៀលថ្ងៃទី៤ខែសីហា ឆ្នាំ២០២២ ប្រតិភូគណ:បញ្ជការយោធាទីក្រុងហូជីមិញយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាមដឹកនាំដោយឧត្ដមសេនីយ៍ត្រី ឡេ ង៉ុកហាយ មេបញ្ជាការរង បាននាំយកថវិកា សម្រាប់សាងសង់ អគារទីបញ្ជាការផ្នែកសឹករងតាំងគោក និងស្បៀងអាហារមួយចំនួនសម្រាប់សកម្មភាព មនុស្សធម៌ ជួយដល់គ្រួសារកងទ័ពអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតផ្តល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្ដមសេនីយ៍ត្រី ឡេ ង៉ុកហាយ បានមានប្រសាសន៍ថា យោងតាមកិច្ចសហប្រតិបត្តិការ រវាងកងយោធពល ខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជាមួយ បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកន្លងមក នេះបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានជួយឧបត្ថម្ភ ក្នុងការសាងសង់អគារទីបញ្ជាការផ្នែកសឹករងទាំងប្រាំបីនិងវរសនាតូចទាំងពីរចំនួន ១០ខ្នងដោយក្នុងមួយខ្នងទំហំ១៩៥ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង ចំណុះបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ រួចមកហើយ នឹងថ្ងៃនេះបានឧបត្ថម្ភថវិកាជាថ្មីទៀតសម្រាប់សាងសង់អគារទីបញ្ជាការ ផ្នែកសឹករងតាំងគោក ដែលទើបបង្កើតថ្មី ព្រមទាំងឧបត្ថម្ភស្បៀង អាហារ គ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងវិស័យមនុស្សធម៌ ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ គណៈបញ្ជាការយោធាទីក្រុងហូជីមិញយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមដែលជានិច្ច កាលតែងតែជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានអគារធ្វើការងារនិងអគារស្នាក់នៅ សរុប ចំនួន១២ ខ្នងរួចមកហើយ ទាំងនៅទីបញ្ជការតំបន់ប្រតិបត្តិការសឹករង និងនៅតាមបណ្ដាអង្គភាពចំណុះ ។ ហើយថ្ងៃ នេះបានជួយឧបត្ថម្ភថវិកាសម្រាប់សាងសង់អគារថ្មីមួយខ្នងបន្ថែមទៀត សម្រាប់ផ្នែកសឹករងតាំងគោកនិងបានជួយ និងបានឧបត្ថម្ភអង្ករចំនួន១០ តោន មីចំនួន ៥០០កេស.ត្រីខកំប៉ុងចំនួន១០០កេស សម្រាប់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ធ្វើសកម្មភាពមនុស្សធម៌ ថែមទៀតផង ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន ក៍បានបញ្ជាក់ថា ក្នុងវិធានការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លង ជំងឺកូវីដ-១៩ កន្លងមកនេះ គណៈបញ្ជាការយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានឧបត្ថម្ភបរិក្ខាពេទ្យមានដូចជា ម៉ាស .អាល់កុលសម្លាប់មេរោគ.ជែលសម្រាប់លាងសំអាតដៃ .ម៉ាស៊ីនវាស់ស្ទង់កំដៅ សំលៀកបំពាក់សម្រាប់ក្រុមគ្រូពេទ្យ និងស្បៀងអាហារគ្រឿង ឧបភោគបរិភោគមួយចំនួនរួចមកហើយផងដែរ សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារកងទ័ព អតីតយុទ្ឋជន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩កន្លងមកនេះ ៕សរន