ដោយ:វណ្ណៈ/ព្រះសីហនុ:លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនបុរសម្នាក់ដែលជាជនដៃដល់ក្នុងការបាញ់ប្រហារសម្លាប់ជនជាតិចិនពីរនាក់ឲ្យស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស ក្នុងកាស៊ីណូ យីហោហ្វាងប៉ាលិរិន នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ។

ជនសង្សយ័ឈ្មោះ ZHENG YINGFEI អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយប្រើអាវុធខ្លី ហើយមូលហេតុដែលនាំដល់ការផ្ទុះអាវុធបាញ់សម្លាប់នេះដោយសារជម្លោះរឿងជំពាក់ប្រាក់។

សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួនបីនាក់រាប់ទាំងជនដៃដល់ផង ។ប៉ុន្តែក្រោយសាកសួរតាមនីតិវិធី នៅល្ងាចថ្ងៃទី៣ខែសីហាជនជាតិចិនចំនួនពីរនាក់ ដែលពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មនេះ ត្រូវបានដោះលែងវិញ ៕សរន