ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចិនកាលពីថ្ងៃព្រហស្បតិ៍បានបាញ់កាំជ្រួចផ្លោងនិងបញ្ជូនចេញយន្តហោះប្រយុទ្ធរាប់សិបគ្រឿងនៅពេលខ្លួនចាប់ផ្តើមធ្វើសមយុទ្ធធំបំផុតមិនដែលធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់ ជាការបង្ហាញកម្លាំងមួយដែលត្រូវបានរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថ្កោលទោសថាជាប្រតិកម្មជ្រុលចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ីទៅកាន់កោះផ្តាច់ខ្លួនរបស់ចិនមួយនេះ។
តែអ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងរបស់រុស្ស៊ីបាននិយាយថា ចិនមានសិទ្ធិអធិបតេយ្យក្នុងការធ្វើសមយុទ្ធយោធាធំៗនៅជុំវិញតៃវ៉ាន់និងបានចោទប្រកាន់អាម៉េរិកថាបញ្ឆេះភាពតានតឹងនៅក្នុងតំបន់។
នៅពេលត្រូវបានសួរអំពីសមយុទ្ធរបស់ចិន អ្នកនាំពាក្យ ឌីមីទ្រី ប៉េស្កូវ បាននិយាយថា« នេះជាសិទ្ធិអធិបតេយ្យរបស់ចិន។ភាពតានតឹងក្នុងតំបន់នៅជុំវិញតៃវ៉ាន់បង្កឡើង…ដោយដំណើរទស្សនកិច្ចរបស់ណាន់ស៊ី ផេឡូស៊ី ។វាជាដំណើរទស្សនកិច្ចមិនចាំបាច់សោះ និងជាការបង្ករឿងមិនចាំបាច់ផងដែរ»។
ចន ឃឺប៊ី អ្នកនាំពាក្យសេតវិមាន កាលពីម្សិលមិញបានប្រាប់អ្នកយកព័ត៌មានថា «ចិនបានជ្រើសយកប្រតិកម្មជ្រុលនិងប្រើដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី ជាលេសមួយដើម្បីបង្កើនសកម្មភាពយោធាបង្ករឿងនៅក្នុងនិងជុំវិញច្រកសមុទ្រតៃវ៉ាន់។កំដៅពិតជាក្តៅណាស់ តែភាពតានតឹងអាចធ្វើអោយថយចុះមកវិញដោយងាយដោយគ្រាន់តែចិនឈប់ធ្វើសមយុទ្ធយោធាគឃ្លើនណាស់ទាំងនេះ»។
ចន ឃឺប៊ី អ្នកនាំពាក្យសេតវិមាន
ចិនប៉េកាំងក្នុងពេលជាមួយគ្នាបានការពារសមយុទ្ធយោធានេះដោយចាត់ទុកវាថា«ចាំបាច់និងត្រឹមត្រូវ» និងបន្ទោសអាម៉េរិកនិងសម្ពន្ធមិត្តចំពោះកំណើននៃភាពតានតឹងនាពេលនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីហួ ជុនយីង បាននិយាយថា «ក្នុងការប្រឈមនឹងការបង្ករឿងច្បាស់ក្រឡែតនេះយើងត្រូវតែចាត់វិធានការស្របច្បាប់និងចាំបាច់ដើម្បីការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី»។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីហួ ជុនយីង
ប្រធានសភាអាម៉េរិកបានទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់កាលពីថ្ងៃអង្គារនិងពុធ ទោះជាចិនព្រមានជាបន្តបន្ទាប់កុំអោយទៅ។ជាការឆ្លើយតបចិនបានធ្វើសមយុទ្ធជាបន្តបន្ទាប់នៅតំបន់ជាច្រើនជុំវិញកោះតៃវ៉ាន់ ដោយតំបន់ខ្លះត្រូវមន្ត្រីតៃវ៉ាន់អះអាងថានៅក្នុងដែនទឹកនិងដែនអាកាសរបស់តៃវ៉ាន់ដល់ទៅ២០គីឡូម៉ែត្រ។
តៃវ៉ាន់បាននិយាយថា យោធាចិនបានបាញ់កាំជ្រួចផ្លោងធុនDongfengចំនួន១១ដើម តែមិនបាននិយាយថាកាំជ្រួចទាំងនេះធ្លាក់ទីណា ឬហោះរំលងកោះតៃវ៉ាន់ទេ។ជប៉ុនដែលជាសម្ពន្ធមិត្តអាម៉េរិកបាននិយាយថា កាំជ្រួចប្រាំបួនដើមដែលខ្លួនចាប់សញ្ញាបាន ត្រូវគេជឿថាបានហោះរំលងកោះតៃវ៉ាន់។
រដ្ឋាភិបាលទីក្រុងតូក្យូក៏បានធ្វើការតវ៉ាទៅកាន់ទីក្រុងប៉េកាំងអំពីសមយុទ្ធនេះ ដោយរដ្ឋមន្ត្រីការពារជាតិលោក ណូប៊ូអុ គីស៊ី (Nobuo Kishi)បាននិយាយថា កាំជ្រួចប្រាំដើមបានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
ក្នុងពេលជាមួយគ្នា ក្រសួងយោធាតៃវ៉ាន់បាននិយាយយន្តហោះប្រយុទ្ធចិន២២គ្រឿងបានហោះឆ្កងកាត់ខែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់មួយភ្លែតកាលពីថ្ងៃព្រហស្បតិ៍៕
ចិនបាញ់កាំជ្រួចផ្លោងយ៉ាងតិច១១ដើម ដោយមួយចំនួនហោះរំលងកោះតៃវ៉ាន់ ក្នុងសមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍