​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ដណ្តើមបាន​មេដាយ​សរុប ២៣ គ្រឿង មាស​៦ ប្រាក់​៨ និង​សំរឹទ្ធ ៩ គ្រឿង ។​

​ពេលនេះ កម្ពុជា នៅសល់ ៣ ប្រភេទ​កីឡា​ទៀត ដែល​ត្រូវ​បន្ត​ការប្រកួត គឺ​កីឡាហែលទឹក ៣ វិញ្ញាសា កីឡា​លើក​ទម្ងន់ និង​បាល់បោះ​ជិះរទេះ​នារី វិញ្ញាសា​៥​ទល់​៥ នឹងត្រូវ​ប្រកួត​ដណ្តើម មេដាយមាស ជាមួយ​ក្រុមកីឡា​ការិនី​ថៃ នៅ​ថ្ងៃទី​៥ សីហា​នេះ នៅ​ម៉ោង ១១:០០ ថ្ងៃ​ត្រង់នេះ ។​

​សម្រាប់​ប្រភេទ​កីឡា ដែល​នៅសល់​នេះ យ៉ាងហោចណាស់ ក៏​ទទួលបាន​ត្រឹម​មេដាយប្រាក់ មួយគ្រឿង និង​មេដាយសំរិទ្ធ ខ្លះទៀត​ដែរ​។ សម្រាប់​បាល់បោះ​ជិះរទេះ​នារី ៥​ទល់​៥ ផ្ដាច់ព្រ័ត្រ ជាមួយ​ថៃ បើ​កម្ពុជា ឈ្នះ នឹង​បាន​មេដាយមាស ។​

​ប្រធាន​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា សូម​ជូន​មេដាយមាស ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ថៃ ដោយ​លទ្ធផល ៣​សិត​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ម្សិលមិញ នៅ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូណេស៊ី​។​

​សម្រាប់​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា ដែល​ដណ្ដើមបាន​មេដាយមាស ពី​ម្សិល​មិញ​នោះ បន្ទាប់ពី​ឈ្នះ​ថៃ ៣​សិត​ទល់​១​សិត កីឡាករ អ៊ូ ផល្លា ប្រធាន​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ បាន​និយាយថាៈ «​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់​។ តាំងពី​ខ្ញុំ​ចេះ​លេង​កីឡា ១០ ទៅ ២០ ឆ្នាំ​មក ថ្ងៃនេះ គឺជា​ពេលវេលា​រំភើប​រីករាយ​បំផុត ដែល​ទទួលបាន​មេដាយមាស​។ ខ្ញុំ​សូម​អរគុណ​ប្រជាជន​កម្ពុជា ដែល​បាន​គាំទ្រ​កីឡាបាល់ទះ​អង្គុយ ពួកយើង នៅថ្ងៃនេះ​។ ពួកយើង​អាចធ្វើ​បាន​ជូន​ជាតិ​កម្ពុជា​»​។​

​បន្ទាប់ពី​ឈ្នះ ២​សិត​ដំបូង ក្រុម​កីឡាករ​បាល់ទះ​អង្គុយ​ថៃ បាន​វាយបក​យកឈ្នះ នៅ​សិត​ទី​៣ ដែល​ធ្វើ​ឲ្យ​ការប្រកួត បន្តទៅ​សិត​ទី​៤​។ ពាក់ព័ន្ធ​នឹង​បរាជ័យ នៅក្នុង​សិត​ទី​៣ នេះ កីឡាករ អ៊ូ ផល្លា បាន​ប្រាប់ថាៈ «​ពេលខ្លះ យើង​បែក​អារម្មណ៍​លេង​មិន​ស៊ីសង្វាក់​គ្នា ធ្វើ​ឲ្យ​ល្បែង​ដំណើរការ​មិនល្អ ធ្វើ​ឲ្យ​ចាញ់​សិត​ទី​៣​។ សិត​ទី​៤ យើង​បាន​សហការគ្នា​ល្អ ហើយ​យើង​បាន​តាំងចិត្ត​ទាំងអស់គ្នា​ថា ធ្វើយ៉ាងណា ឲ្យ​ឈ្នះ​សិត​ទី​៤​។ ទីបំផុត យើង​ធ្វើបាន យកបាន​មេដាយមាស​ជាតិ​»​។​

«​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​យើង​ឈ្នះ គឺ​បិទ​ជើង​ក្រោម​ល្អ​។ អ្វីដែល​សំខាន់​គឺ សាមគ្គី​គ្នា និង​ការប្តេជ្ញាចិត្ត​»​។ មេដាយមាស​នេះ ពិតជា​មានន័យ​ណាស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​សូម​ជូន​មេដាយមាស​នេះ ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ និង​ក្រុមគ្រួសារ​របស់ខ្ញុំ​»​។​

​សូមបញ្ជាក់ថា កម្ពុជា ធ្លាប់​ឈ្នះ​មេដាយប្រាក់ ពីរដង ក្នុង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧​។ ឆ្នាំ​២០២២ គឺជា​លើកដំបូង ហើយ​ដែល​បាល់ទះ​អង្គុយ​កម្ពុជា បាន​មេដាយមាស​៕/V​