ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ នាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃសុក្របានថ្កោលទោសការបាញ់កាំជ្រួចផ្លោងរបស់ចិនក្នុងអំឡុងពេលធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានហៅវាថាជា«បញ្ហាធ្ងន់ធ្ងរមួយដែលប៉ះពាល់សន្តិសុខជាតិរបស់យើងនិងសុវត្ថិភាពរបស់ពលរដ្ឋរបស់យើង»។
ប្រធានសភាអាម៉េរិក ណាន់ស៊ី ផេឡូស៊ី ចាប់រលាក់ដៃនាយករដ្ឋមន្ត្រីជប៉ុននៅតូក្យូកាលពីថ្ងៃ៥ សីហា
រដ្ឋាភិបាលទីក្រុងតូក្យូបាននិយាយថា កាំជ្រួចចិនចំនួនប្រាំដើមទំនងជាបានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន និងបួនដើមក្នុងចំណោមប្រាំដើមនេះត្រូវគេជឿងថាបានហោះរំលងកោះតៃវ៉ាន់។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអុ គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានក្រោយជួបប្រធានសភាអាម៉េរិក ណាន់ស៊ី ផេឡូស៊ី ថា« អំពើរបស់ចិនពេលនេះប៉ះពាល់ធ្ងន់ធ្ងរលើសន្តិភាពនិងស្ថិរភាពនៃតំបន់របស់យើងនិងសហគមន៍អន្តរជាតិ។ខ្ញុំបានប្រាប់លោកស្រីប្រធានសភាថា យើងស្នើសុំអោយបញ្ឈប់សមយុទ្ធយោធានេះជាបន្ទាន់»។
លោកគីស៊ីដាបាននិយាយថា លោកនិងលោកស្រី ផេឡូស៊ី បានពិភាក្សាអំពីបញ្ហាភូមិសាស្ត្រនយោបាយ រួមមានបញ្ហាទាក់ទងនឹងកូរ៉េខាងជើង ចិននិងរុស្ស៊ីព្រមទាំងកិច្ចខិតខំមួយឆ្ពោះរកពិភពលោកមួយគ្មាននុយក្លេអ៊ែរ និងថាសម្ពន្ធមិត្តទាំងពីរនឹងធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
លោកស្រី ផេឡូស៊ី កំពុងស្ថិតនៅទីក្រុងតូក្យូសំរាប់ការឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចអាស៊ីដ៏ជ្រួលច្របល់របស់លោកស្រី ។ការឈប់សំចតនៅក្រុងតៃប៉ិរបស់លោកស្រីនាំអោយចិនប៉េកាំងខឹងដាច់ក្បាលដាច់កន្ទុយ ហើយចាត់វិធានការតបដូចការព្រមានដោយធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនដែលធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់។
ជប៉ុន ដែលបណ្តាកូនកោះចុងខាងត្បូងរបស់ខ្លួននៅជិតតៃវ៉ាន់ជាងក្រុងតូក្យូ បានព្រមានថា ការបំភិតបំភ័យរបស់ចិនលើកោះតៃវ៉ាន់ជាការគំរាមសន្តិសុខជាតិមួយដល់ខ្លួន។គណបក្សប្រជាធិបតេយ្យសេរីរបស់លោកគីស៊ីដា ក៏បានសន្យាបង្កើនចំណាយយោធាទ្វេដង ដល់ចំនួនពីរភាគរយនៃផលិតផលសរុបក្នុងស្រុក។
ភាពតានតឹងរវាងចិននិងជប៉ុនក៏បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍នៅពេលចិនបានប្រកាសលុបចោលជំនួបមួយរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនៅក្រុងភ្នំពេញដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំងមិនសប្បាយចិត្តការដែលជប៉ុនចូលរួមជាមួយក្រុមប្រទេសG-7ដើម្បីចេញសេចក្តីថ្លែងការណ៍មួយសុំអោយរដ្ឋាភិបាលទីក្រុងប៉េកាំងដោះស្រាយភាពតានតឹងជាមួយតៃវ៉ាន់ដោយអហិង្សា៕