តើ​ខ្មែរ​ចាប់ផ្តើម​ប្រើ​នាមត្រកូល​ចាប់ពី​ពេលណា ?

3400
ចែករម្លែក
  • 12
    Shares

(​ភ្នំពេញ)​៖ នាមត្រកូល​គឺជា​នាម ឬ ជា​ឈ្មោះ ដែល​នៅក្នុង​សង្គម​ខ្មែរ​ប្រមាណ ២០០ ឆ្នាំ​មកនេះ បាន​ប្រើ​ជាទូទៅ​ភ្ជាប់​នៅ​ខាងដើម​ឈ្មោះ​របស់​ខ្លួនគេ​ម្នាក់ៗ នៅពេល​ត្រូវ​សរសេរ ឬ ហៅ​ជា​ផ្លូវការ ។ នាមត្រកូល នៅក្នុង​សង្គម​ខ្មែរ ជាទូទៅ​ត្រូវបាន​គេ​យក ” ឈ្មោះ​របស់ ឪពុក , តា ឬ រហូតដល់ តា ទួត របស់​ពួកគេ ” ក៏មានដែរ ។ ដូចជា សម្តេច​ព្រះមហា​សង្ឃរា​ជ្យ ជួន ណាត ជាដើម គឺ ” ជួន ” ជា​នាម​របស់​បិតា ឬ ញោមប្រុស ឬ ឪពុក​របស់​សម្តេច រីឯ ” ណាត ” គឺជា​នាម​របស់ សម្តេច​ផ្ទាល់ ទៅជា ជួន ណាត ។​

​សង្កេតមើល​ទៅក្នុង​ប្រវត្តិសាស្ត្រ​
​គិត​ចាប់ពី​ខ្មែរ​កកើត​ទៅជា​អាណា​ក​ចក្រ​មុនដំបូង គឺ​នគរ​ភ្នំ ឬ ហ្វ៊ូ​ណន នា​ពាក់កណ្តាល​សតវត្សរ៍​ទី ១ នៃ គ្រិស្តសករាជ គេ​ឃើញថា ព្រះនាម​របស់​ស្តេច គឺ​ព្រះបាទ ហ៊ុនទៀន ឬ កៅ​ឌិ​ណ្យ ឬ ព្រះ ថោង និង ព្រះ​មហេសី គឺ​ព្រះ​នាង សោ​ម៉ា ឬ ព្រះ​នាង លីវយី ឬ នាង នាគ ជាដើម គឺ​ពុំមាន សរសេរ​នាមត្រកូល​ឡើយ គឺ​មានតែ​ព្រះនាម​របស់​ព្រះអង្គ​តែម្តង ។ ហេតុនេះហើយ​ទើប​រហូតមក ដល់ពេលនេះ គេ​ពុំ​ដឹងថា នាមត្រកូល របស់​ព្រះបាទ ហ៊ុនទៀន ឬ ព្រះបាទ កៅ​ឌិ​ណ្យ និង ព្រះ​នាង សោ​ម៉ា ជាដើម​នោះ​ជា​អ្វី​ឡើយ ។​

​រាប់ពាន់​ឆ្នាំ​រហូតមកដល់​សម័យ​អង្គរ រហូត​បែក​អង្គរ រហូតដល់​ព្រះបាទ​ពញា យ៉ា​ត មក​តាំង រាជធានី​នៅ​ចតុមុខ រហូតដល់​រជ្ជកាលរ​បស់​ព្រះបាទ អង្គឌួង ក៏​នៅតែ​មិនទាន់​ឃើញ​មានប្រើ នាមត្រកូល​ភ្ជាប់​មកជា​មួយ​ដែរ ។ ព្រះបាទ​អង្គឌួង គឺជា​បុត្រ​ពៅ​របស់​ព្រះអង្គ អេង និង អ្នក​ម្នាង រស់ ។

​ប្រសិនបើ​ដូច​បច្ចុប្បន្ននេះ​វិញ ដែល​អ្នកខ្លះ​យកឈ្មោះ​ឪពុក​ធ្វើជា​នាមត្រកូល​នោះ ម្ល៉េះ​សម​ព្រះនាម របស់​ព្រះបាទ​អង្គឌួង ត្រូវបាន​គេ​សរសេរថា ” ព្រះបាទ អេង ឌួង ឬ ព្រះអង្គ អេង ឌួង ” ដូច្នេះ ជាដើម ព្រោះ​ព្រះអង្គ អេង គឺជា​បិតា​របស់​ព្រះអង្គ ឌួង ។ ប៉ុន្តែ​មិនឃើញ​មាន​ឯកសារ​ណា សរសេរ​បែបនេះ​ឡើយ ។ ចេញពី​ចំណុច​នេះ យើង​អាច​សន្និដ្ឋានបានថា រហូតដល់​ឆ្នាំ ១៨៦០ ជា​ឆ្នាំ​ដែល​ព្រះអង្គ ឌួង ចូល​ទិវង្គត​ហើយ ក៏​សង្គម​ខ្មែរ​នៅតែ​មិនទាន់​ប្រើ​នាមត្រកូល​នៅក្នុង សំណេរ​ផ្លូវការ​ដែរ ។​

​ព្រះបាទ​អង្គ ឌួង មាន​ព្រះ​បុត្រា ២ ព្រះអង្គ ដែល​បាន​សោយរាជ្យ គឺ​ព្រះបាទ នរោត្តម និង ព្រះបាទ ស៊ីសុវត្ថិ (​ព្រះអង្គម្ចាស់ ស៊ី​វុត្ថា មិនបាន​សោយរាជ្យ​ទេ )​។ ព្រះបាទ នរោត្តម ( នាម​ដើម ព្រះអង្គ​ច្រឡឹង ) ក៏​មិន​ខុសពី​ព្រះ​អយ្យកោ ( ជីតា គឺ​ព្រះអង្គ អេង ) និង ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ​អង្គឌួង ដែរ ពោលគឺ​មិនទាន់​ឃើញ​មាន​សំណេរ​ណាមួយ​ដែល​សរសេរ​ព្រះនាម​របស់ ព្រះអង្គ ដោយមាន ឬ ភ្ជាប់​មកជា​មួយ នូវ​ព្រះនាម​ត្រកូល ( ដូចជា អេង នរោត្តម ឬ ឌួង នរោត្តម ជាដើម ) ឡើយ ។​

សង្គម​ខ្មែរ​ចាប់ផ្តើម​ប្រើ​នាមត្រកូល​
​បណ្ឌិត វង់ សុធា​រ៉ា សាស្ត្រាចារ្យ សិលាចារឹក និង ប្រវត្តិសាស្ត្រ​ខ្មែរ និង អាស៊ីអាគ្នេយ៍ បាន​កត់ សម្គាល់​យ៉ាង​សង្ខេប និង ទូលំទូលាយ​ថា ” សង្គម​ខ្មែរ​ចាប់ផ្តើម​ប្រើ​នាមត្រកូល នៅក្នុង សម័យ​អាណានិគម​បារាំង ” ។ អាណានិគម​បារាំង បានចាប់ផ្តើម​ជា​ផ្លូវការ​នៅ ( ថ្ងៃទី ១១ ខែ សីហា ) ឆ្នាំ ១៨៦៣ (​ដល់​ថ្ងៃទី ០៩ វិ​ច្ឆ​ការ ១៩៥៣ ) ។ អំឡុង​ពេលនោះ គឺ​រជ្ជកាល​របស់​ព្រះបាទ នរោត្តម និង ព្រះបាទ ស៊ីសុវត្ថិ ( ០៧ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពី គ​.​ស​. ១៩០៤ រហូតដល់​សោយ​ព្រះ​ទិវង្គត​នៅ​គ​.​ស ១៩២៧ ) និង ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ (៣១ តុលា ១៩២២ – ១៥ តុលា ២០១២) ។ ដោយហេតុនេះ យើង​គប្បី​ចាប់ផ្តើម​សិក្សា​ពី​រជ្ជកាល​របស់​ព្រះបាទ នរោត្តម ។​

​ដូចដែល​បានលើកឡើង​ខាងដើម​មកហើយ​ថា ព្រះបាទ​នរោត្តម​ក៏​ពុំទាន់​មាន​សរសេរ​ភ្ជាប់ មកជា​មួយ​នូវ​ព្រះនាម​ត្រកូល​ដែរ ។ ទោះយ៉ាងណា នៅក្នុង​ឯកសារ​សំណេរ​ប្រវត្តិសាស្ត្រ​ខ្មែរ គេ​បានដឹងថា ព្រះបាទ​នរោត្តម មាន​ព្រះ​ឱរស (​កូនប្រុស ) ចំនួន ២៧ ព្រះអង្គ និង ព្រះរាជ​ធីតា ៣៤ អង្គ​គឺ​៖ ១. ព្រះអង្គម្ចាស់​ន​. ( នរោត្តម ) កម្ពុជា​រាជ​សុ​ដា​ដួង (១៨៥០ ដល់ ១៩១៣) និង ទី .២ ព្រះអង្គម្ចាស់​ន​. (​នរោត្តម ) ភួង​កម្ពុជា​រតន (១៨៥៥ ដល់ ១៩១៣) ។ ល ។

​គឺ​ចាប់ពីពេលនេះ​ហើយ ដែល​គេ​ឃើញ​មាន​សំណេរ​ឯកសារ​ខ្មែរ មានភ្ជាប់​ជាមួយ​ទៅដោយ នាមត្រកូល ឬ គេ​អាច​និយាយ​ម្យ៉ាង​ទៀតថា ” ខ្មែរ​បានចាប់ផ្តើម​ប្រើ​នាមត្រកូល​ភ្ជាប់​មកជា​មួយ នៅក្នុង​សំណេរ​ឯកសារ គឺ​នៅក្នុង​អំឡុង​រជ្ជកាល​ព្រះបាទ នរោត្តម នោះ ” ។ ព្រះបាទ​នរោត្តម ប្រសូត នៅ​ឆ្នាំ ១៨៣៤ សោយរាជ្យ​ជា​ស្តេច​នៃ ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ​១៨៥៩ ដល់​ឆ្នាំ ១៩០៤ ។ នៅក្នុង​រជ្ជកាល​ព្រះបាទ នរោត្តម នេះ ក៏មាន​ព្រឹត្តិការណ៍​គួរឱ្យកត់សម្គាល់​មួយចំនួន​ដែរ ដែល​មិន​ធ្លាប់មាន​ក្នុង​រជ្ជកាល​ស្តេច​មុនៗ ។​

​ចាប់ពីពេលនោះ​មក នៅក្នុង​ឯកសារ​សំណេរ នៃ ថ្នាក់ដឹកនាំ​ជាតិ ( ក៏ដូចជា​មន្ត្រី និង រាស្ត្រ ) គេ​ឃើញ​មាន​សរសេរ​ភ្ជាប់​មកជា​មួយ​នូវ​នាមត្រកូល​រហូតមក ដូចជា នរោត្តម សីហនុ ( ព្រះ​បរម​រតន​កោដ្ឋ ) ជួន ណាត ខៀវ ជុំ និង ស៊ីសុវត្ថិ សិរី​មតៈ ជាដើម​ក៏​ចាប់ផ្តើម​មាន​ជា បន្តបន្ទាប់ ។

​ដូច្នេះ​យើង​អាច​សន្និដ្ឋានបានថា សង្គម​ខ្មែរ ចាប់ផ្តើម​ប្រើ​នាមត្រកូល​ភ្ជាប់​នឹង​នាមខ្លួន ឬ ឈ្មោះ​បុគ្គល គឺ​ចាប់ពី​រជ្ជកាល​ព្រះបាទ នរោត្តម រៀង​រហូតមក ៕ ដោយ​: ខឿន សា​ឃាង​

​ជួន គឺជា​នាមត្រកូល រីឯ ណាត គឺជា​នាម​សាមីខ្លួន ( ជូន ណាត​)
ព្រះករុណា​ព្រះបាទ នោ​រោ​ត្ត​ម ( ១៨៣៤ – ១៨៥៩ ដល់​ឆ្នាំ ១៩០៤ ) គឺ​នៅក្នុង​រជ្ជកាល​ព្រះអង្គ​នោះ ហើយ​ដែល​សង្គម​ខ្មែរ​ចាប់ផ្តើម​ប្រើ​នាមត្រកូល ( នរោត្តម​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ