ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៤សីហាថាខ្លួនត្រូវបានបង្ខំឱ្យបោះបង់ទឹកដីមួយចំនួននៅភាគខាងកើតប្រទេសក្នុងពេលប្រឈមមុខនឹងការវាយលុកខ្លាំងក្លាពីរុស្ស៊ី ហើយប្រមុខនៃសម្ពន្ធមិត្តយោធាណាតូបាននិយាយថា ទីក្រុងមូស្គូមិនត្រូវអនុញ្ញាតឱ្យឈ្នះសង្គ្រាមជាដាច់ខាត។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសប្តាហ៍នេះ បានពណ៌នាអំពីសម្ពាធដែលកងកម្លាំងប្រដាប់អាវុធរបស់លោកកំពុងទទួលរងនៅតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែនថាជា “ឋាននរក”។ គាត់បាននិយាយអំពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅជុំវិញទីក្រុងអាវឌីអ៊ីវកា (Avdiivka) និងភូមិការពាររឹងមាំឈ្មោះ ភីស្គី (Pisky) ជាទីដែលទីក្រុងគៀវទទួលស្គាល់”ជោគជ័យមួយផ្នែក” របស់សត្រូវរុស្ស៊ីរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលយ៉ាងតិចពីរគ្រាប់មកលើភូមិភីស្គី ប៉ុន្តែកងទ័ពរបស់ខ្លួនអាចបាញ់ទម្លាក់ពួកវាបាន។
អ៊ុយក្រែនបានចំណាយពេលប្រាំបីឆ្នាំចុងក្រោយនេះដើម្បីពង្រឹងទីតាំងការពារនៅភូមិភីស្គី ដោយចាត់ទុកវាជាតំបន់ការពារដ៏សុវត្ថិភាពប្រឆាំងនឹងកងកម្លាំងគាំទ្រដោយរុស្ស៊ីដែលគ្រប់គ្រងទីក្រុងដូណិតសខ៍ (Donetsk) ស្ថិតនៅប្រហែល ១០ គីឡូម៉ែត្រនៅភាគអាគ្នេយ៍។
ឧត្តមសេនីយ៍ អូឡេកស៊ី រ៉ូម៉ូវ (Oleksiy Hromov) បានប្រាប់សន្និសីទសារព័ត៌មានថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមយកភូមិចំនួនពីរជុំវិញទីក្រុងភាគខាងកើតឈ្មោះស្លូវីយ៉ានសខ៍(Sloviansk) ប៉ុន្តែត្រូវបានរុញច្រានត្រឡប់ទៅជាយក្រុងអាវឌីអ៊ីវកា (Avdiivka) បន្ទាប់ពីត្រូវបានបង្ខំឱ្យបោះបង់ចោលអណ្តូងរ៉ែធ្យូងថ្ម ដែលចាត់ទុកថាជាទីតាំងការពារដ៏សំខាន់៕
អ៊ុយក្រែនត្រូវបានបង្ខំឱ្យបោះបង់ទឹកដីមួយចំនួននៅភាគខាងកើតប្រទេសក្នុងពេលប្រឈមមុខនឹងការវាយលុកខ្លាំងក្លាពីរុស្ស៊ី