ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋាភិបាលសហព័ន្ធបានប្រកាសអាសន្នផ្នែកសុខភាពសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ទី៤សីហាដើម្បីជំរុញការឆ្លើយតបទៅនឹងការផ្ទុះជំងឺអុតស្វាដែលបានឆ្លងដល់ជនជាតិអាម៉េរិកជាង ៦.៦០០ នាក់។
សេចក្តីប្រកាសនេះនឹងជួយបញ្ចេញលុយនិងធនធានផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ ដែលអាចបណ្តាលឱ្យក្តៅខ្លួន ឈឺរាងកាយ ញាក់ញ័រ អស់កម្លាំងនិងកន្ទួលដូចកើតមុននៅលើផ្នែកជាច្រើននៃរាងកាយ។
លោក សាវីយ៉េ បេសេរ៉ា (Xavier Becerra) រដ្ឋមន្ត្រីសុខាភិបាលនិងសេវាមនុស្សជាតិ បាននិយាយថា”យើងត្រៀមខ្លួនដើម្បីនាំយកការឆ្លើយតបរបស់យើងទៅដល់កម្រិតបន្ទាប់ក្នុងការដោះស្រាយមេរោគនេះ ហើយយើងជំរុញឱ្យជនជាតិអាម៉េរិកគ្រប់រូបយកចិត្តទុកដាក់ឱ្យមែនទែនអំពីជំងឺអុតស្វា”។
ការប្រកាសដោយក្រសួងកើតឡើងខណៈរដ្ឋបាលបៃដិនប្រឈមមុខនឹងការរិះគន់ជុំវិញលទ្ធភាពអាចរកបាននូវវ៉ាក់សាំងជំងឺអុតស្វា។ គ្លីនិកក្នុងទីក្រុងធំៗដូចជា ញូវយ៉កនិងសាន់ហ្វ្រាន់ស៊ីស្កូ និយាយថា ពួកគេមិនបានទទួលវ៉ាក់សាំងដូសទីពីរគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនោះទេ ហើយគ្លីនិកខ្លះត្រូវឈប់ផ្តល់វ៉ាក់សាំងទីពីរដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងដូសទីមួយ។
សេតវិមានបាននិយាយថា ខ្លួនបានបង្កើតវ៉ាក់សាំងជាង ១,១ លានដូស ហើយបានជួយបង្កើនសមត្ថភាពធ្វើរោគវិច្ឆ័យក្នុងស្រុករហូតដល់ ៨០.០០០ តេស្តិ៍ក្នុងមួយសប្តាហ៍។
ជំងឺអុតស្វាឆ្លងតាមរយៈការប៉ះពាល់ស្បែករយៈពេលយូរ រួមមានការឱប ការអង្អែល និងការថើប ព្រមទាំងការប្រើពូក កន្សែង និងសម្លៀកបំពាក់រួមគ្នាផងដែរ។ អ្នកដែលឈឺរហូតមកទល់ពេលនេះ ភាគច្រើនជាបុរសដែលរួមភេទជាមួយបុរស។ ប៉ុន្តែមន្ត្រីសុខាភិបាលបញ្ជាក់ថា មេរោគនេះអាចឆ្លងទៅមនុស្សគ្រប់គ្នា៕
ស្ត្រីម្នាក់មកទទួលវ៉ាក់សាំងការពារជំងឺអុតស្វានៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០២២