​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២ បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ អាគារ​បណ្ណាល័យ ១​ខ្នង និង​សមិទ្ធផល​នានា ដែល​ទើប​កសាង​រួច ក្នុងអំឡុងពេល​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ កាន់តំណែង​ជា​ស្នងការ​។​

​អាគារ​បណ្ណាល័យ ១​ខ្នង​នោះ សម្រាប់​ដាក់​ឯកសារ សៀវភៅ កំរង​អនុស្សាវរីយ៍​ផ្សេងៗ និង​សមិទ្ធផល​នានា​ជាច្រើន ដែល​ទើប​កសាង​រួច មានដូចជា ចំណតរថយន្ត ចំណត​ម៉ូតូ ផ្លូវ​បេតុង​ព័ទ្ធជុំវិញ ក្នុង​ស្នងការដ្ឋាន និមិត្តរូប​រាជសីហ៍​ថ្មី (LOGO) ចំ​ពីមុខ​ស្នងការដ្ឋាន ជាពិសេស​មាន​សួនផ្កា ដើមឈើ សួនច្បារ​ឲ្យ​មាន​ខ្យល់អាកាស​បរិសុទ្ធ សម្រាប់​សុខភាព បរិស្ថាន​កន្លែងធ្វើការ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នា​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

​ការសម្ពោធ​នេះ ធ្វើឡើង​ក្រោយ​បញ្ចប់ ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់ ឋានន្តរ​ស័​ក្ត​មន្ត្រី​នគរបាលជាតិ​រួច លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងឱកាស​នោះ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល បាន​ថ្លែង​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ឥត​សំចៃ លើ​ការងារ​ស្នូល និង​ជំនាញ​សមត្ថកិច្ច ការងារ​អន្តរាគមន៍ ការងារ​សង្គម មនុស្ស​ធ​ម៍ ទស្សនៈ​ជំនឿ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការដឹកនាំ​បញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ និង​ការចូលរួម​ពី​ស្នងការរង និង​នាយ នាយរង ពល​នគរបាល ខេត្តបន្ទាយមានជ័យ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថាៈ មិន​ត្រឹមតែ​ខិតខំ​ប្រឹងប្រែង បំពេញការងារ​តាម​តួនាទី ភារកិច្ច​បាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោកស្នងការ និង​សហការី នៅបាន​កសាង​សមិទ្ធផល​ថ្មី ដែល​បានដាក់​សម្ពោធ​ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ ពេលនេះ ក្នុង​ស្នងការដ្ឋាន និង​ក៏​នៅមាន​សមិទ្ធផល​នៅ​ខាងក្រៅ ស្នងការដ្ឋាន គី​នៅ​អធិការដ្ឋាន​ក្រុង ស្រុក បញ្ជាការដ្ឋាន​វរ​នគ​របាល​ការពារ​ព្រំដែន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គោលដៅ​នគរបាល​ច្បាម​ការងារ និង​សមិទ្ធផល​បក្ស រដ្ឋ ជាច្រើន​ទៀត ៕/V​