ដោយៈ ឫទ្ធិស័ក្តិ-ទេព កង្រី / ភ្នំពេញៈ សមត្ថកិច្ចចម្រុះនៃស្រុកបរិបូណ៌ បានសហការគ្នា ជាមួយម្លាំងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប គណៈបញ្ជាការឯកភាពស្រុកបរិបូរណ៍ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មន្ត្រីបរិស្ថាន សង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ បានចុះបង្ក្រាបបទល្មើស ក្រុមឈ្មួញដឹកលៀស យកមកទុកបម្រុងដឹកចេញ ទៅកាន់ទីផ្សារ ប្រទេសវៀតណាម ។ ការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ បន្ទាប់ពីមានការបង្ក្រាប គឺមានមន្ត្រីខ្លះអន្តរាគមន៍។
គំនរលៀសដែលក្រុមឈ្មួញច្រកការ៉ុងបម្រុងដឹកចេញ តាមរថយន្តធុនធំ ទៅកាន់ទីផ្សារ ប្រទេសវៀតណាមនោះ ត្រូ វបានកម្លាំងចម្រុះ រកឃើញនៅចំណុចជើងកំពង់សេះស្លាប់ ដែលស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក លី ឡា បានប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហាថាៈ នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ច បង្ក្រាបបីទីតាំងផ្សេងគ្នា នៅកំពង់ឆ្នុកទ្រូ និងដកហូតលៀស ចំនួន ១៤០ ការ៉ុង នៅកំពង់ស្តាប់ បានចំនួន ៨០ការ៉ុង និងនៅចំណុចមាត់ទឹក ភូមិកំពង់អួ ឃុំខុនរ៉ង ស្រុកបរិបណ៍ ចំនួន ៥០ ការ៉ុង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នាំយកទៅចាក់លែង ក្នុងបឹងធម្មជាតិវិញទាំងអស់។ ក្នុងនោះ សមត្ថកិច្ចដកហូតគោយន្តកន្ត្រៃ ៣គ្រឿង នាំយកមករក្សាទុក នៅស្នាក់ការជលផលឆ្នុកទ្រូ ដើម្បីចាត់ការ តាមនីតិវិធី។
មន្ត្រី បានឲ្យដឹងថាៈ ក្រុមឈ្មួញរកស៊ីដឹកលៀស ទាំងរដូវប្រាំង និងរដូវវស្សា នៅក្នុងឆ្នុកទ្រូ មានដូចជា ឈ្មោះ ចែអ៊ីម នៅភូមិជើងខ្នារឃុំពន្លៃ , ឈ្មោះកូនចែយាង នៅភូមិពោម្រះ ឃុំ ចក , ឈ្មោះ ចែធី កូនយាយអ៊ី នៅជើងខ្នារ ឃុំពន្លៃ , ឈ្មោះ ចែញាញ់ នៅភូមិពោម្រះ ឃុំ ចក , ឈ្មោះ ចែហ៊ីង នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ , ឈ្មោះ ហុង នៅភូមិឆ្នុកទ្រូ ឈ្មោះ ឡេខា នៅខេត្តកំពង់ចាម ស្នាក់នៅភូមិឆ្នុកទ្រូ ឈចាំទិញ , ឈ្មោះ ចែលាប នៅភូមិឆ្នុកទ្រូ។
មន្ត្រី បានឱ្យដឹងទៀតថាៈ បទល្មើសលៀសខាងលើនេះ បានដឹកចេញពីខេត្តកំពង់ធំ និងខ្លះទៀត ដឹកចេញពីខេត្តកំពង់ឆ្នាំង មកដាក់នៅចំណុចខាងលើ។ សមត្ថកិច្ចកំពុងតែ ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ច បានបង្ហើបឲ្យដឹងថាៈ ករណីក្រុមឈ្មួញដឹកលៀស យកមកទុកបម្រុងដឹកចេញ ទៅកាន់ទីផ្សារ នៅប្រទេសវៀតណាម គឺមានការឃុបឃិតគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួន នៅខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ហើយកន្លងមក មិនមានសមត្ថកិច្ចណា ហ៊ានបង្ក្រាបនោះទេ ដោយសារតែមានអ្នកអន្តរាគមន៍។ តែដោយសារមានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាល ឲ្យបង្ក្រាបក្រុមបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ទើបក្រុមមន្ត្រីដែល ពាក់ព័ន្ធក្នុងជំនួញនាំលៀសចេញទៅវៀតណាម បានដកខ្លួនចេញ៕/V