ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ និងប្រមាណ៤០នាក់ទៀតរងរបួសក្នុងអគ្គិភ័យនៅក្លឹបរាត្រីមានមនុស្សពេញក្នុងស្រុកមួយនៃខេត្ត ឈុន ប៊ូរីកាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ។
អគ្គិភ័យនេះបានចាប់ផ្តើមនៅម៉ោងប្រមាណមួយរំលងអធ្រាត នៅពេលភ្ញៀវចូលពេញណែននៅក្លឹបMountain B។រូបភាពវីដេអូបង្ហាញមនុស្សម្នារត់រកសុវត្ថិភាពនិងស្រែកនៅពេលអណ្តាតភ្លើងនិងផ្សែងហុយចេញពីរោងអាគារ។អ្នកខ្លះរត់ទាំងអណ្តាតភ្លើងឆេះពេញដងខ្លួន។
បើតាមរបាយការណ៍ប៉ូលិស បុរសប្រាំបួននាក់និងស្ត្រីបួននាក់បានស្លាប់ក្នុងអគ្គិភ័យ ដោយសពឆេះរោលបួននាក់ត្រូវបានរកឃើញនៅផ្នែកខាងមុខនៃអាគារកំពស់មួយជាន់នេះនិងបីនាក់នៅបន្ទប់សម្រាក ម្នាក់នៅក្នុងបន្ទប់DJ និងប្រាំនាក់នៅក្នុងបន្ទប់គិតលុយ។
មេប៉ូលិសស្រុកកើតហេតុ បាននិយាយថា ជនរងគ្រោះទាំងអស់ទំនងជាជនជាតិថៃ។
សាក្សីបាននិយាយថា គេឮសម្លេងផ្ទុះចំនួនពីរនៅក្បែរបន្ទប់DJនិងឃើញផ្កាភ្លើងហើយភ្លើងបានឆាបឆេះយ៉ាងលឿន។
មេបញ្ជាការប៉ូលីសខេត្តឈុន ប៊ូរី បាននិយាយថា មនុស្សប្រហែល៤០នាក់បានរងរបួសក្នុងអគ្គិភ័យ ក្នុងនេះប្រាំបីនាក់របួសធ្ងន់ ដោយរលាកភ្លើងពេញខ្លួន។
ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើងបានទាំងស្រុកក្រោយប្រើពេលអស់បីម៉ោង។
សូមរំលឹកថា អគ្គិភ័យធំមួយក្នុងពិធីអបអរការចូលឆ្នាំថ្មីនៅក្លឹបមួយក្នុងក្រុងបាងកកកាលពីឆ្នាំ២០០៩ បានសម្លាប់មនុស្ស៦៧នាក់ និងរបួសជាង២០០នាក់៕
អ្នកពន្លត់ភ្លើងព្យាយាមទប់ទល់និងពន្លត់ភ្លើងនៅក្លឹបMountain Bក្នុងខេត្តឈុន ប៊ូរី កាលពីដើមថ្ងៃសុក្រ