ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានប្រកាសនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២២ ថា កម្ពុជា បានទទួលគម្រោងវិនិយោគចំនួនប្រាំ ដែលមានតម្លៃវិនិយោគសរុប ប្រមាណជា ២៦ លានដុល្លារ ។
ប្រភពដដែលបានអះអាងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ៦ A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៤០៤កន្លែង។
ប្រភពដដែលបានបន្តថា កម្ពុជាក៏បានទទួលគម្រោងវិនិយោគពី THE INHERITANCE (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន បីទៀតដែលមានមានក្រុមហ៊ុន “Solar Long PV-Tech (Cambodia) Co., Ltd.”លើ គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០នាក់។
ប្រភពដដែលបានបន្តថា ក្រុមហ៊ុនមួយទៀតគឺ “Cambodian Xihanouke Cabinet Co., Ltd.” លើគម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់ និង ក្រុមហ៊ុន “Taica (Cambodia) Corporation” លើគម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០នាក់៕