​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រមុខ​ចារកម្ម​យោធា​របស់​អ៊ុយ​ក្រែន​បាន​ធ្វើឱ្យ​រស់​ឡើង​វិញ​នូវ​ទ្រឹស្តី​មួយ​ដែល​ថា​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុង​ប្រើ​រាងកាយ​ពីរ​ហើយ​ចង្អុល​ទៅ​ការផ្លាស់ប្តូរ​ត្រចៀក​​របស់​គាត់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ជា​ភស្តុតាង​។ សុខភាព​របស់​ប្រធានាធិបតី​រុស្សី​វ័យ​៦៩​ឆ្នាំ​រូប​នេះ​បាន​ក្លាយជា​ប្រធានបទ​នៃ​ការពិភាក្សា​យ៉ាង​ស្វិតស្វាញ​ក្នុងចំណោម​អ្នក​អត្ថាធិប្បាយ​។​

​សម្ពន្ធ​មិត្ត​ជិតស្និទ្ធ​របស់​គាត់​ឈ្មោះ នី​កូឡាយ ផា​ទ្រូ​សេ​វ (Nicolai Patrushev) ត្រូវ​គេ​និយាយថា​បាន​ចូលខ្លួន​ជំនួស​ប្រធានាធិបតី​ក្នុងអំឡុងពេល​ការ​ណាត់ជួប​គ្រូពេទ្យ​របស់​គាត់​។ កាសែត The Sun និយាយថា ក្នុង​សប្តាហ៍​នេះ ឧត្តមសេនីយ៍ឯក គ្រី​រី​ឡូ ប៊ូ​ដា​នូវ (Kyrylo Budanov) របស់​អ៊ុ​យក្រែន បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដើម្បី​អះអាង​ទៅកាន់​ទស្សនិកជន​ថា​កម្ពស់​និង​​ត្រចៀក​របស់​លោក​ពូ​ទី​ន​បាន​ផ្លាស់ប្តូរ​នៅក្នុង​ការបង្ហាញ​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​។ គាត់​បាន​និយាយថា “​ក្នុង​រូបភាព សូម​មើល​ចុះ គឺ​ត្រចៀក​ខុសគ្នា​… ហើយ​វា​ប្រៀប​ដូច​ជា​ស្នាម​ក្រយ៉ៅ​ដៃ​អ៊ីចឹង​រូបភា​ពត្រ​​ចៀ​ក​របស់​មនុស្ស​ម្នាក់ៗ​គឺ​មាន​លក្ខណៈ​ពិសេស​។ វា​មិន​អាច​មាន​ត្រចៀក​ពីរ​ផ្សេងគ្នា​នោះ​ទេ​”​។​

​លោក​ប៊ូ​ដា​នូវបាន​ចោទប្រកាន់​បន្ថែមទៀតថា រាងកាយ​ទី​ពីរ​របស់​ពូ​ទីន “​មាន​ទម្លាប់​ផ្សេងគ្នា អាកប្បកិរិយា​ផ្សេងគ្នា ដំណើរ​ផ្សេងគ្នា ហើយ​ពេល​ខ្លះ​ថែមទាំង​មាន​កម្ពស់​ខុស​គ្នា​ទៀត​ផង​ប្រសិនបើ​អ្នក​​សង្កេតមើល​ឱ្យ​ដិតដល់​”​។ លោក​ប៊ូ​ដា​នូវមុននេះ​បាន​អះអាង​ថា រាងកាយ​ទី​ពីរ​របស់​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​ប្រហែលជា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការមកដល់​របស់​គាត់​នៅ​ឯ​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​ទី​​ក្រុងតេអេ​រ៉ង់​កាលពី​សប្តាហ៍​មុន នេះ​បើ​យោង​តាម​ប្រមុខ​ចារកម្ម​យោធា​អ៊ុ​យក្រែន​។ ខណៈ​មេដឹកនាំ​រុស្ស៊ី​មើលទៅ​មានដំណើរ​ឆ្គាំឆ្គង​នៅ​ពេល​គាត់​ចុះ​ពីលើ​យន្តហោះ​របស់​គាត់​នៅ​ទី​ក្រុងតេអេ​រ៉ង់ ប្រភព​​អ៊ុយ​ក្រែន​បាន​កត់សម្គាល់​ថា គាត់​បាន​ដើរ​ទៅ​មុខ​យ៉ាង​លឿន​ស្វាហាប់​ខុសពី​ធម្មតា​និង​មានការ​ប្រុងប្រយ័ត្ន​ជាង​ការ​បង្ហាញខ្លួន​ជា​សាធារណៈ​ពី​ដំបូង​។​

​មេដឹកនាំ​រុស្ស៊ី​មើល​ទៅ​មាន​ភាពស្វាហាប់​នៅ​ពេល​រង់ចាំ​ស្វាគមន៍​ភាគី​សន្ទនា មុន​ពេល​ដោះ​អាវ​របស់​គាត់​ចេញ ហើយ​ចូលទៅ​ក្នុង​រថយន្ត​ពាស​ដែក​។ ឧត្តមសេនីយ៍ឯក គ្រី​រី​ឡូ ប៊ូ​ដា​នូវ​បាន​សម្តែង​ការ​​សង្ស័យ​បែប​នេះ​នៅក្នុង​បទសម្ភាសន៍​ផ្សាយ​ផ្ទាល់​នៅលើ​ប៉ុស្តិ៍​ព័ត៌មាន 1+1 របស់​អ៊ុ​យក្រែន​។ របាយការណ៍​របស់​អ៊ុយ​ក្រែន​បាន​និយាយថា​លោក​ប៊ូ​ដា​នូវ​បាន​លើកឡើង​ថា​មនុស្ស​មាន​មុខ​ដូច​ពូ​ទីន​ប្រហែល​​បាន​ហោះ​ទៅ​កាន់​ទី​ក្រុងតេអេ​រ៉ង់​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​និង​តួ​ក​គី​។​

​លោក​បាន​និយាយថា “​ខ្ញុំ​គ្រាន់តែ​បង្ហើប​តម្រុយ​ប៉ុណ្ណោះ​។ សូម​ក្រឡេក​មើល​ពេលដែល​លោកពូ​ទីន​ចាកចេញ​ពី​យន្តហោះ​។ តើ​នេះ​ជា​ពូ​ទីន​មែន​ទេ​?”៕

​ឧត្តមសេនីយ៍ឯក គ្រី​រី​ឡូ ប៊ូ​ដា​នូវ ដាក់​ការសង្ស័យថា ពូ​ទីន​ប្រើ​រាងកាយ​ពីរ​ផ្សេង​គ្នា​