ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ដរាបណាសម្តេចនៅមានដង្ហើមសម្តេច នៅតែបន្តសិក្សាតទៅ ទៀត ។ សម្តេចបន្តថាសម្តេចបានក្លាយទៅជាអ្នកដែលបានរៀនសូត្រពេញមួយជីវិត ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហានេះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«ខ្ញុំបានក្លាយទៅជាអ្នកដែលបានរៀនសូត្រពេញមួយជីវិត មិនត្រឹមតែថ្ងៃនេះខ្ញុំនៅតែជឿជាក់ខ្លួនឯងថាកាលណា ខ្ញុំនៅមានដង្ហើមខ្ញុំនៅតែបន្តការសិក្សាតទៅទៀត»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានអរគុណចំពោះអស់លោកលោកស្រីសាស្ត្រាចារ្យសាកលវិទ្យាល័យក៏ដូចជាសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យដែលបានផ្ដល់នូវ ការវាយតម្លៃមួយសម្រាប់រូបសម្តេច ។ សម្តេចតេជោបានបន្តថាចាប់ផ្ដើមពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះហើយ ដែលបានផ្តលឱកាសឲ្យសម្តេចស្វែងរកការ សិក្សាក្រោយឧត្តមសិក្សា ផ្នែកវិទ្យាសាស្រ្តនយោបាយ ។

បើតាមសម្តេចបានបញ្ជាក់ថាសម្តេចបានបញ្ចប់ឧត្តមសិក្សាដែលចេញដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាំងពីឆ្នាំ ១៩៩០ ដើម្បីមានមូលដ្ឋានឆ្ពោះទៅរក សញ្ញាបត្របណ្ឌិតបណ្ឌិតវិទ្យាសាស្រ្តនយោបាយ, ពិតមែនហើយមកដល់ពេលនេះសម្តេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសប្រហែលជាមិនតិចជាង ១០ ទេ, សម្រាប់សញ្ញាបត្រនៅក្នុងប្រទេសមាន២, សញ្ញាបត្រដែលមកពីក្រៅប្រទេសមានច្រើន, ប៉ុន្តែថ្ងៃនេះសម្តេចបានក្លាយទៅជាឥស្សរជនខ្មែរដំបូងដែលបានទទួល នូវសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យភ្នំពេញនៅក្នុងដំណាក់កាលថ្មីនេះ ។

ជាមួយនឹងការផ្ដល់កិត្តិយសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ,ថ្លែងការដឹងគុណចំពោះឥស្សរជនកណបក្ស ប្រជាជនកម្ពុជាដែលបានស្លាប់ទៅហើយ និងនៅរស់ ,ព្រមទាំងប្រជាជនទាំងអស់ដែលបានគាំទ្រសម្តេចនាពេលកន្លងមក ។ សម្តេចក៏មិនភ្លេចនឹងការថ្លែងអំ ណរគុណចំពោះឪពុកម្ដាយរបស់សម្តេចទោះបីគាត់បានទទួលមរណភាពហើយក៏ដោយនិងអរគុណចំពោះបងប្រុសប្អូនស្រីទោះបីបងខ្លះដែលបានទទួលមរណ ភាពនេះជារឿងសោកសៅមួយសម្រាប់សម្តេច,ប៉ុន្តែពួកគាត់បានប្រឹងណាស់ទៅហើយដើម្បីជួយឲ្យខ្ញុំបានមកដល់ពេលនេះ ។ សម្តេចក៏បានថ្លែងអំណរគុណជា ពិសេសចំពោះឧត្តមភរិយារបស់សម្តេចដែលតែងតែលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តគ្រប់បែបយ៉ាងដើម្បីឲ្យសម្តេចបន្តការងារទាំងការងាររដ្ឋទាំងការងារសិក្សាហើយសម្តេចក៏អរគុណនឹងកោតសរសើរចំពោះកូនៗរបស់សម្តេចដែលពួកគេបានស្ដាប់ដំបូន្មានរបស់សម្តេចធ្វើឲ្យ សម្តេចក្លាយទៅជាឪពុកមួយដែលបានទទួល ការបានផ្ដល់នូវការអប់រំកូនបានល្អ ។

សម្តេចក៏បានសំដែងនូវមោទនភាពជាមួយនឹងអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេល ៧០ ឆ្នាំរបស់សម្តេច ,ដែលរឿងនេះគឺមិនអាចកាត់ផ្ដាច់បានទេជាមួយ នឹងការគាំទ្រទាំងឡាយដែលចេញមកពីគ្រប់មជ្ឈដ្ឋាន ចេញមកពីអ្នកទាំងអស់គ្នា ។

ជាមួយនេះសម្តេចក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះសត្រូវរបស់សម្តេចឬដៃគូប្រកួតប្រជែងរបស់សម្តេចផងដែរដោយសារតែពួកគេទើបផ្ដល់ឱកាស ឲ្យសម្តេចបានខិតខំធ្វើការហើយ សម្តេចគួរធ្វើយ៉ាងម៉េចដើម្បីនឹងឈ្នះអ្នកឯង និយាយតាមមួយបែប ឬ គួរធ្វើយ៉ាងម៉េច ដើម្បីកុំឲ្យអ្នកឯងបំផ្លាញសន្តិភាព និងការអភិវឌ្ឍប្រទេស ។

សម្តេចបន្តថា«ខ្ញុំគួរតែអរគុណចំពោះអ្នកឯង ដែលអ្នកឯងបានផ្ដល់ឱកាសឲ្យខ្ញុំប្រុងប្រយ័ត្នចំពោះអ្នកឯង តាមរយៈនៃការប្រុងប្រយ័ត្នចំពោះអ្នកឯងនោះ ហើយដែលផ្ដល់ឲ្យខ្ញុំសិក្សាបន្ថែមដកពិសោធន៍ល្បិចកល របស់អ្នកឯង ដើម្បីទប់ទល់ចំពោះអ្នកឯង សំដៅការពារនូវសន្តិភាពស្ថិរភាពនយោបាយនិងការពារ ជីវិតរបស់ប្រជាជនកម្ពុជា» ។