ដោយៈ បូកគោ / កំពតៈ មន្ត្រីជំនាញ បានអះអាងថាៈ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្បើយឡើងវិញ វិស័យទេសចរណ៍ ក្នុងខេត្តកំពត ចាប់ផ្តើមល្អប្រសើរ ដោយក្នុង ១ សប្តាហ៍ មានភ្ញៀវមកកម្សាន្ត យ៉ាងហោចប្រមាណ ៣ ម៉ឺននាក់។ ឆ្លើយតបនឹងបញ្ហានេះ សេវាទេសចរណ៍ ត្រូវបានរៀបចំបង្កើនបន្ថែម ជាមួយក្តីសង្ឃឹមថា ភ្ញៀវនឹងមកកម្សាន្ត កាន់តែច្រើនឡើង។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានប្រាប់ឱ្យដឹងថាៈ អំឡុងពេល នៃការរីករាលដាល នូវជំងឺកូវីដ-១៩ វិស័យទេសចរណ៍ ក្នុងខេត្ត បានធ្លាក់ចុះ យ៉ាងខ្លាំង។ បច្ចុប្បន្ន ខេត្តកំពត មានរមណីយដ្ឋានទេសចរណ៍ ចំនួន ២១ កន្លែង សហគមន៍ទេសចរណ៍ ចំនួន ៤ កន្លែង គោលដៅទាក់ទាញទេសចរណ៍ ៤ កនែ្លង និងមណ្ឌលបោះតង់ ចំនួន ៥ កន្លែង។ ចំណែកសេវាស្នាក់នៅ ក៏មានការកើនឡើងផងដែរ។ ដោយនិយាយតែបឹងហ្គាឡូ កាលពីឆ្នាំ២០១៩ មាន ៤០០ បន្ទប់ បច្ចុប្បន្ន កើនដល់ ៩០០ បន្ទប់។
លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ ពេលនេះ សកម្មភាពទេសចរណ៍ក្នុងខេត្តកំពត បានចាប់ផ្តើមល្អប្រសើរឡើងវិញ ជាបណ្តើរៗ ដោយ ១ សប្តាហ៍ មានភ្ញៀវមកសម្រាក កម្សាន្ត ប្រមាណ ៣ ម៉ឺននាក់។
ស្រដៀងគ្នានេះដែរ ម្ចាស់បឹងហ្គាឡូ ស្ពានរថភ្លើង បានរៀបរាប់ថាៈ កន្លែងសម្រាកលម្ហែ របស់លោក ចាប់ផ្តើមមានភ្ញៀវ មកស្នាក់នៅឡើងវិញហើយ។ សេវាកម្មជាច្រើនប្រភេទ កំពុងបើកដំណើរការឡើងវិញ ដូចជា ផ្នែកម្ហូបអាហារ ហាងកាហ្វេ ការជួលម៉ូតូទឹកជិះកម្សាន្ត និងទូកទេសចរណ៍ជាដើម៕/V