ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ខណៈដែល​កម្ពុជា ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០២២ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្តួចផ្តើម​រៀបចំ​កម្មវិធី ជជែក​ដេញដោលយុវជន​អាស៊ាន ២០២២ វគ្គ​ជម្រុះ​ជុំ​ទី​១​។​

​គួរ​បញ្ជាក់ថា ពិធី​នេះ មានការ​ចូលរួម​ពី​បណ្តា​យុវជន ចំនួន​២០​ក្រុម មកពីបណ្ដា​ប្រទេស ទាំង​១០ ជា​សមាជិក​អាស៊ាន ចូលរួម ដោយ​ក្នុងនោះ រួមទាំង​យុវជន​កម្ពុជា​ផងដែរ​។

​ថ្លែង​ក្នុង​ពិធី​នេះ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍ថាៈ យុវជន គឺជា​ទ្រព្យសម្បត្តិ ដែល​មិនអាច​ខ្វះ​បាន និង​ក្លាយជា​អ្នកដឹកនាំ ក្នុង​តំបន់​អាស៊ាន នាពេល​អនាគត​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រចះត្រចង់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​យុវជន ជា​គន្លឹះ​ដ៏​សំខាន់ ក្នុងការ​ធានាបាននូវ​សុខសន្តិភាព ស្ថិរភាព និង​ការរីកចម្រើន​របស់ ប្រទេសជាតិ​។ លើសពីនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​កម្មវិធី​ផ្សេងៗ និង​គោលនយោបាយ​គាំទ្រ ដើម្បី​ធានាថា យុវជន ត្រូវបាន​ផ្តល់ឱកាស ក្នុងការ​អភិវឌ្ឍ សមត្ថភាព កាន់តែខ្លាំង រួមទាំង​កម្មវិធី​ផ្លាស់ប្តូរ ភាពជា​អ្នកដឹកនាំ គំនិត​ផ្តួចផ្តើម និង​សកម្មភាព​ស្ម័គ្រចិត្ត​ជាដើម​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​អគ្គនាយកដ្ឋាន​យុវជន លេខាធិការដ្ឋាន​អាស៊ាន អង្គការ ERIA ក្រសួងការបរទេស​ក​ម្ពុ​ជា និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បានផ្តល់​ការគាំទ្រ យ៉ាងច្រើន ក្នុងការ​បង្កើត​គំនិត​ផ្តួចផ្តើម​នេះ និង​គ្រប់​មធ្យោបាយ ដែល​អាចធ្វើ​ទៅបាន​។​

​គួរ​បញ្ជាក់ថា កម្មវិធី​ជជែក​ដេញដោល យុវជន​អាស៊ាន រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការចូលរួម​សម្របសម្រួល ពី​លេខាធិការដ្ឋាន​អាស៊ាន ក្រោម​ការឧបត្ថម្ភ គាំទ្រ​ពី​អង្គការ ERIA ។ កម្មវិធី​នេះ បង្កើតឡើង ក្នុង​គោលបំណង​បណ្តុះ​ឱ្យ​យុវជន មាន​បំ​ណិ​ន​ស្រាវជ្រាវ ការគិត​បែប​ស៊ីជម្រៅ និង​ការនិយាយ​ជា​សាធារណៈ ព្រមទាំង​លើកកម្ពស់ ការយល់ដឹង ស្តីពី​គុណ​តម្លៃ និង​អត្តសញ្ញាណ​អាស៊ាន ក្នុងចំណោម​យុវជន​៕/V​