​ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ឯកសារ​ភ្ជាប់​តាម​ខ្លួន នៅពេល​បើកបរយានយន្ត​ ក្រោយពេល ក្រសួង​នេះ បាន​សង្កេតឃើញនា ថ្មីៗ​នេះថា មាន​បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន ជាពិសេស​អ្នកបើកបរ​យានយន្ត បាន​សំដែង​មតិ នៅតាម​បណ្ដាញ​ទំនាក់ទំនង សង្គម ពាក់ព័ន្ធ​នឹង​ឯកសារ ដែល​ត្រូវ​ភ្ជាប់​តាម​ខ្លួន ពេល​បើកបរ​យានយន្ត ធ្វើ​ចរាចរណ៍ នៅលើ​ផ្លូវថ្នល់។

​ពាក់ព័ន្ធនឹងករណីនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានជម្រាបជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ តាមរយៈ​សេចក្តីជូនដំណឹង​របស់ខ្លួន ​ឱ្យបានជ្រាបថាៈ ចាប់ពី​ឆ្នាំ​២០១៧ មក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើការ​កែទម្រង់ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដោយបាន​បញ្ចូល QR Code លើ​ឯកសារ​បណ្ណ​បើកបរ​យានយន្ត បណ្ណ​សម្គាល់​យានជំនិះ វិញ្ញាបនបត្រ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀក​) លិខិត​អនុញ្ញាតឱ្យ​យានយន្ត ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ងាយស្រួល​គ្រប់គ្រង​។ ដូចនេះ ដើម្បី​ចូលរួម​អនុវត្ត ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ក្រសួង​សូម​ធ្វើការ​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ត្រូវមាន​ឯកសារ​ភ្ជាប់​តាម​ខ្លួន ដែល​រួមមានៈ​

១. បណ្ណ​បើកបរ​យានយន្ត តម្រូវឱ្យ​ប្រើប្រាស់​ឯកសា​រ​ច្បាប់ដើម​។​
២. បណ្ណ​សម្គាល់​យានជំនិះ អាច​ប្រើប្រាស់​ឯកសារ​ច្បាប់​ថតចម្លង​។ ករណី​បណ្ណ​សម្គាល់​យានជំនិះ មិនមាន QR Code តម្រូវឱ្យមាន​ការបញ្ជា​ក់ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច លើ​ច្បាប់​ថតចម្លង​នោះ ទើប​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន​។​
៣. វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) អាច​ប្រើប្រាស់ ឯកសារ​ច្បាប់​ថតចម្លង​។​
៤. ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម ដឹកជញ្ជូន​ទំនិញ ឬ​អ្នកដំណើរ ត្រូវ​ភ្ជាប់​តាម​ខ្លួន បន្ថែម​នូវ​លិខិតអនុញ្ញាត ឱ្យ​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន អាច​ប្រើប្រាស់​ឯកសារ ច្បាប់ ថតចម្លង​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹង ចូលរួម​សហការ អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕/V​