ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម ចូសេព បូ​រ៉េ​ល វុន​តេ​លេស (Josep Borrell Fontelles) តំណាង​ជាន់ខ្ពស់​នៃ​សហភាព អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស និង​សន្តិសុខ​គោលនយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ អឺរ៉ុប បាន ប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី នៅក្នុង​ជំនួប​ពិភាក្សា​ការងារ នៅ​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ ក្នុងអំឡុងពេល នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ ដែល​រៀបចំ​កម្ពុជា​។​

​អំពី​ទំនាក់ទំនង ទ្វេភាគី លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឯកឧត្តម បូ​រ៉េ​ល បាន​សម្តែង នូវ​សេចក្តី​រីករាយ ចំពោះ​ការរីកចម្រើន​ជា​លំដាប់​នៃ​កិច្ចសហប្រតិបត្តិការ និង បាន​ពិភាក្សា​អំពី​មធ្យោបាយ នានា ដើម្បី​លើកកម្ពស់​ការយោគយល់​គ្នា​ទៅវិញទៅមក ក៏ដូចជា ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់ថា សហភាព​អឺរ៉ុប​មិន​ត្រឹមតែ​ជា​ម្ចាស់ជំនួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជា​ដៃគូ​ល្អ​ទាំង​ក្នុង​ផ្នែក នយោបាយ និង​សេដ្ឋកិច្ច និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះត្រង់​ចំពោះ​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក សម្រាប់​ការបន្ត​គាំទ្រ និង​ជំនួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក បូ​រ៉េ​ល ក៏បាន​រំលឹក​ឡើងវិញ​ផងដែរ​អំពី​ភាពជោគជ័យ នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប​លើក​ទី​១១ ដែល​បាន​ប្រព្រឹត្តទៅ កាលពីដើម​ឆ្នាំនេះ​នៅ​រាជធានី​ភ្នំពេញ និង​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការប្រាស្រ័យ ទាក់ទង​គ្នា​ជា​ទៀងទាត់ អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​កាត់បន្ថយ​ការ ភ័ន្ត​ច្រ​លំ​អំពី​គ្នា​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន លោក បូ​រ៉េ​ល អំពី​វឌ្ឍនភាព​ដ៏​គួរឱ្យកត់សម្គាល់​របស់​ប្រទេស​កម្ពុជា លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាលពីដើម​ខែមិថុនា​ឆ្នាំនេះ ដែល​បាន​ដំណើរការ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព ជាមួយនឹង​អត្រា​អ្នក​ទៅ​បោះឆ្នោត​ច្រើនជាង​៨០% និង​មានការ​ចូលរួម ប្រកួតប្រជែង​ពី​គណបក្សនយោបាយ​ចំនួន ១៧​គណបក្ស​។​
​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក បូ​រ៉េ​ល ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ផ្សេងៗ​ផងដែរ​។​

​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​-​សហភាព​អឺរ៉ុប ឯកឧត្តម បូ​រ៉េ​ល បាន​ថ្លែងអំណរគុណ​យ៉ាងខ្លាំង ចំពោះ​កម្ពុជា ដែល​បាន​អញ្ជើញ លោក ឆាល មី​ឆែ​ល (Charles Michel) ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ចូលរួម​ក្នុង ពិធី​បើក​ជា​ផ្លូវការ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងឋានៈ​ជា​ភ្ញៀវ​របស់ ប្រធាន​អាស៊ាន ឆ្នាំ​២០២២​។ ភាគី​ទាំងពីរ​ក៏បាន​រំពឹង​ដល់ កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន​-​សហភាព​អឺរ៉ុប ដើម្បី អបអរសាទរ​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៤-១៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ដែល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ជាមួយនិង​តំណាង សហភាព​អឺរ៉ុប​៕​