ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រុមការងារ​សមាគម​ស្ដ្រី​គ្រី​ស្ទា​ន នៃ​ការចេះ​ទប់ចិត្ត​កូរ៉េ បានប្រគល់​សៀវភៅ​ណែនាំ អំពី​ផលប៉ះពាល់ នៃ​ការ​ពិសា​បារី ស្រា និង​គ្រឿងញៀន ដល់​ក្រសួង​អប់រំ សម្រាប់​ទុកឱ្យ​សិស្សានុសិស្ស ក្នុងការ​សិក្សា​ស្វែងយល់ ពី​បញ្ហា​សុខភាព​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ បានឱ្យដឹងថា ពិធី​ប្រគល់​នេះ បានធ្វើ​ឡើង​ដោយ ក្រុមការងារ​សមាគម​ស្ដ្រី​គ្រី​ស្ទា​ន នៃ​ការចេះ​ទប់ចិត្ត​កូរ៉េ នា​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នៅ​ទី​ស្តី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​សម្រាប់​សៀវភៅ​ណែនាំ អំពី​ផលប៉ះពាល់ នៃ​ការ​ពិសា​បារី ស្រា និង​គ្រឿងញៀន​នេះដែរ ក្រសួង​អប់រំ បានបញ្ជាក់​ថាៈ ក្រសួង នឹង​ចែកចាយ​ទៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នានា ដើម្បី​យកទៅ​បង្រៀន សម្រាប់​មុខវិជ្ជា ទាក់ទង​ទៅនឹង​សុខភាព​សិក្សា​។​

​ក្នុង​ពិធី​នេះ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ បាន​ថ្លែងអំណរគុណ ដល់​សមាគម​ស្ដ្រី​គ្រី​ស្ទា​ន នៃ​ការចេះ​ទប់ចិត្ត​កូរ៉េ ដែល​បាន​គាំទ្រ និង​ប្រគល់​សៀវភៅ​ណែនាំ អំពី​ផលប៉ះពាល់ នៃ​ការ​ពិសា​បារី ស្រា និង​គ្រឿងញៀន​។ ក្រសួង​អប់រំ នឹង​បន្ដ​គាំទ្រ រាល់​សកម្មភាព ដែល​ជួយ​លើកស្ទួយ​វិស័យ​អប់រំ នៅ​ប្រទេស​កម្ពុជា​៕/V​