​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ចិន​និយាយថា​ខ្លួន​បាន​កោះហៅ​អ្នកការទូត​អឺរ៉ុប​ប្រចាំ​ប្រទេស​ចិន​មក​ស្តាប់​ការតវ៉ា​ប្រឆាំង​នឹង​សេចក្តីថ្លែងការណ៍​រួម​មួយ​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំពីរ​ហៅថា​G-7 ដែល​រិះគន់​សមយុទ្ធ​យោធា​ចិន​និង​ទទូច​សុំ​អោយ​ដោះស្រាយ​ជាមួយ​តៃវ៉ាន់​ដោយ​សន្តិវិធី​។​

​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​៥​សីហា​បាន​និយាយថា អនុ​រដ្ឋមន្ត្រីការបរទេស តេង លី​( Deng Li)​បាន​ធ្វើការ​កោះ​អញ្ជើញ​តំណាង​ដោយសារតែ​អ្វី​ដែល​លោក​ហៅថា​«​ការជ្រៀតជ្រែក​ចូលក្នុង​​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​»​។​

​ចិន​បាន​បញ្ជូន​នាវា​និង​យន្តហោះ ព្រមទាំង​បាញ់​កាំជ្រួច​ចូល​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ការឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​សប្តាហ៍​នេះ​ដោយ​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​កោះ​​តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ជា​ទឹកដី​របស់​ខ្លួន​។​

​មុន​នេះ​ចិន​ក៏​បាន​កោះអញ្ជើញ​ឯកអគ្គរដ្ឋទូត​ជប៉ុន​និង​អាម៉េរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​មក​ស្តាប់​ការតវ៉ា​ប្រឆាំង​ស្រដៀង​គ្នា​ដោយសារ​ប្រទេស​ទាំង​ពីរ​ក៏​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​និង​ថ្កោលទោស​សម​​យុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។​

​លោក​តេង​បាន​និយាយថា ចិន​នឹង​រារាំង​មិនអោយ​មាន​ការ​បំបែក​ទឹកដី​ចិន ជាមួយនឹង​ការប្តេជ្ញាចិត្ត​រឹងមាំ​បំផុត ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​និង​ទោះ​ត្រូវ​ចំណាយ​ក្នុង​តំលៃ​ណា​ក៏​ដោយ​។​

​លោក​បាន​និយាយថា​«​ដំណើរ​ទស្សនកិច្ច​របស់ផេ​ឡូ​ស៊ីទៅ​តៃវ៉ាន់​ជា​ល្បិចកល​នយោបាយ​យ៉ាង​ច្បាស់ក្រឡែត​មួយ និង​ជា​ការរំលោភ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ចិន​។​ជា​ការឆ្លើយតប​នឹង​ការ​សម​​គំនិត​អាម៉េរិក​-​តៃវ៉ាន់​និង​ការបង្ក​រឿងនេះ ការ​វាយបក​របស់​ចិន​គ្រាន់តែ​ជា​រឿង​ធម្មតាប៉ុណ្ណោះ​»​។​

​នៅ​ទីក្រុង​តូ​ក្យូ​នា​ថ្ងៃ​សុក្រ​នេះ លោកស្រី​ផេ​ឡូ​ស៊ី​បាន​និយាយថា​ចិន​មិនអាច​រារាំង​មិន​អោយ​មន្ត្រី​អាម៉េរិក​ទៅធ្វើ​ទស្សនកិច្ច​តៃវ៉ាន់​បានទេ​។​ចំណែក​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយថា សមុទ្ធ​យោធា​ចិន​​សំដៅលើ​តៃវ៉ាន់ តំណាងអោយ​«​បញ្ហា​ធំធេង​»​មួយ​ដែល​គំរាម​សន្តិភាព​និង​ស្ថិរភាព​តំបន់​។​

​សមយុទ្ធ​យោធា​ចិន​មាន​ការចូលរួម​ពី​កាង​ទ័ពជើងទឹក កងទ័ព​អាកាស កងកម្លាំង​រ៉ុក្កែត កងកម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ និង​កងកម្លាំង​គាំទ្រ​ភស្តុ​ភា នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន​ស៊ីន​ហួរ​។​​វា​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​លំ​ហាត់​យោធា​ធំ​បំផុត​មិន​ដែល​ធ្លាប់​មាន​ពី​មុននៅក្បែរកោះ​តៃវ៉ាន់​របស់​កងទ័ពរំដោះប្រជាជន​ចិន​ គឺ​ធ្វើឡើង​នៅ​ប្រាំមួយ​តំបន់​នៅ​ជុំវិញ​កោះ​នេះ​។​

​សមយុទ្ធ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​រួម​មាន​ការបាញ់​កាំជ្រួច​លើ​គោលដៅ​កំណត់​នៅក្នុង​សមុទ្រ​នៅ​ខាងជើង​និង​ខាងត្បូង​កោះ ហើយ​កាំជ្រួច​ខ្លះបាន​ហោះ​រំលង​កោះ​តៃវ៉ាន់​កាលពីថ្ងៃព្រហស្បតិ៍៕