​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ប្រធាន​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ លោក ញឹក រតនៈ បាន​ថ្លែង​បដិសេធ​ច្រានចោល​ព័ត៌មាន​មិន​ពិត​អំពី​គម្រោង​រុះរើ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ទៅ​ខេត្ត​ផ្សេងៗ​។​

​លោក ញឹក រតនៈ បានឱ្យដឹងថា ថ្មីៗ​នេះ មានការ​ផ្សព្វផ្សាយ​តាមរយៈ​បុគ្គល និង​សារព័ត៌មាន​មួយចំនួន​បណ្ដាលឱ្យមាន​ការភ័ន្តច្រឡំ​ថា ឧ​ទ្យា​សួនសត្វ ភ្នំ​តា​ម៉ៅ នឹងត្រូវ​រុះរើ ផ្ទេរ​ទៅកាន់​ខេត្តសៀមរាប ឬ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​ខេត្តមណ្ឌលគិរី បណ្ដាលឱ្យមាន​ផលប៉ះពាល់​ដ​សល់​សត្វព្រៃ​មួយចំនួន​ដែល​កំពុង​ថែរក្សា​នៅក្នុង​ឧទ្យាន​។​

​លោក ញឹក រតនៈ បញ្ជាក់ថា ករណីនេះ ឧ​ទ្យា​សួនសត្វ មិនមាន​ផែនការ​រុះរើ ឬ​ផ្ទេរ​ទីតាំង ទៅកាន់​ខេត្ត​ផ្សេង​ឡើយ​។ ហើយ​ថា សត្វព្រៃ​ទាំងអស់​ដែល​កំពុង​ថែរក្សា នឹងមិន​រង​ផលប៉ះពាល់​ដូច​ការលើកឡើង​នោះដែរ​។​

​បើតាម​លោក ញឹក រតនៈ ហ្វូង​ប្រើស រមាំង ឈ្លួ​ស ជ្រូកព្រៃ សត្វ​ស្លាប​ទាំងអស់ ត្រូវបាន​ដោះ​លែងឱ្យ​រស់នៅក្នុង​បរិវេណ​ឧទ្យាន​សួនសត្វ​និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដែលមាន​ផ្ទៃដី​ជាង ៤ ០០០ ហិកតា និង​មាន​របង​សុវត្ថិភាព​ព័ទ្ធជុំវិញ​ក្នុង​គោលបំណង​ដើម្បី​បម្រើឱ្យ​ការងារ​អប់រំ ការ​បង្កាត់​ពូជ និង​កាត់បន្ថយ​ជម្លោះ​រវាង​សត្វព្រៃ និង​សហគមន៍​មូលដ្ឋាន​។​

​សូម​ជំរាប​ផងដែរ​ថា រាជរដ្ឋាភិបាល បាន​ដាក់ទុន​បន្ថែម​សម្រាប់​គម្រោង​អភិវឌ្ឍ​ឧទ្យាន​សួន​និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ រួមមាន​គម្រោង​ស្ថាបនា​កែលម្អ​គុណភាព ប្រព័ន្ធ​ផ្លូវ​ក្នុង​ឧទ្យាន​សួនសត្វ មាន​ប្រវែង​ជាង ១៥ គីឡូម៉ែត្រ​។​

​គម្រោង​សាងសង់​បន្ទប់​អនាម័យ​ចំនួន ៥​កន្លែង គម្រោង​សាងសង់​អគារ​រដ្ឋបាល​មួយកន្លែង​ដើម្បី​បម្រើឱ្យ​ការងារ​ប្រចាំថ្ងៃ និង​គម្រោង​សាងសង់​មជ្ឈមណ្ឌល​កម្សាន្ដ​ដើម្បី​បម្រើឱ្យ​សេវាកម្ម​ទេសចរណ៍ កសាង​អាង​ស្ដុក​ទឹក​មួយកន្លែង​ដែលមាន​ចំណុះ​ជាង ២០​ម៉ឺន​ម៉ែត្រគូប ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត និង​តម្រូវការ​ប្រចាំថ្ងៃ​របស់​ឧ​ទ្យា​សួនសត្វ​ភ្នំ​តា​ម៉ៅ​។​

​កសាង​ខ្លោងទ្វារ​២​កន្លែង និង​ដាំ​ដើមឈើ ផ្ក​ដាល​ម្អ​តាម​ដងផ្លូវ​ជាង មួយម៉ឺន​ដើម ដើម្បី​បម្រើឱ្យ​សេវាកម្ម​ទេសចរណ៍​ចំនួន ជំរុញ​កំណើនសេដ្ឋកិច្ច និង​ចំណូល​សហគមន៍ មូលដ្ឋាន និង​ជួយ​ឱ្យ​ឧទ្យាន​សួនសត្វ អាច​ប្រកួតប្រជែង​បាន​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន និង​ធានា​និរន្ត​ភាព​ការងារ​ប្រចាំថ្ងៃ​របស់​ឧ​ទ្យា​សួនសត្វ​ផងដែរ​៕​សរន