ដោយ: គង់ហេង / កំពង់ចាម: លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ បង្ការជំងឺគ្រុនឈាម បន្តរៀនរស់ជាមួយជំងឺកូវីដ ១៩ និងស្វែងយល់អំពីរោគសញ្ញា និងការការពារជំងឺ«អ៊ុនស្វា»។
ការអំពាវនាវរបស់ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងជាអភិបាលខេត្តនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោក និងសហការីជាច្រើនអង្គ និងនាក់បាននិមន្តអញ្ជើញចូលរួមប្រគល់ផ្ទះបន្ទាប់ទី១១ នៃកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនគ្រួសារចាស់ជរាទីទ័លំបាក មួយគ្រួសារ របស់លោក ខៀវ ខេត វ័យ ៧២ ឆ្នាំ រស់នៅភូមិទួលប្រាក់ ឃុំតាអុង ស្រុកចម្ការលើ។
លោក អ៊ុន ចាន់ដា បានបន្ថែមថាៈ ប្រជាពលរដ្ឋគ្រប់លំនៅឋានចាំបាច់ត្រូវថែរក្សាអនាម័យសម្អាតលំនៅឋាន ដុតកម្ទេចចោលវត្ថុដក់ទឹកនានា បំផ្លាញជម្រមូសខ្លា និងសម្រាន្តក្នុងមុង ដើម្បីគេចផុតពីជំងឺគ្រុនឈាម និងស្វែងយល់អំពីរោគសញ្ញាជំងឺ«អុតស្វា» និងវិធីការពារជំងឺឆ្លងមួយនេះ ដែលពិភពលោកកំពុងចាប់អារម្មណ៍។
លោកបានបន្តថាៈ ជាពិសេសបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ ១៩ ដោយចាំបាច់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល « បីការពារ បីកុំ» និងជំរុញការចាក់វ៉ាក់សាំង ទាំអដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នា។
សូមបញ្ជាក់ថា ក្រៅពីប្រគល់ផ្ទះមនុស្សធម៌ទី១១ ដល់គ្រួសារលោក ខៀវ ខេត និងភរិយា រិទ្ធ ហុន ស្នាក់នៅជាកម្មសិទ្ធិតរៀងទៅ សាខាកាកបាទក្រហមក៏បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ សម្រាប់សង្កត់ផ្ទះថ្មី និងថវិកាចំនួន ២០ម៉ឺនរៀល ហើយចំពោះលោកតា លោកយាយ ដែលបានចូលរួមជាសាក្សីក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីចំនួន ១២ នាក់ម្នាក់ៗទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ាវ អាវយឺត ម៉ាស និងថវិកាចំនួន ២០.០០០ រៀល៕