ដោយ​: ប​.​ខុន / ភ្នំពេញ​: រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ជូនដំណឹង​ស្តីពី​ការដេញថ្លៃ​ឈ្នួល​ដាយ​ត្រី​លេញ​ចំនួន​៥​និង​ដាយ​បង្កង​ចំនួន​៧​លើក​ទី​២ នៅ​ខេត្តព្រៃវែង សម្រាប់ធ្វើ​អាជីវកម្ម​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២២-២០២៣​និង​ឆ្នាំ​២០២៣-២០២៤​។​

​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ចុះ​ថ្ងៃទី​០១​ខែសីហា បាន​សរស​រយោង​កំណត់ហេតុ​ប្រជុំ​ថ្ងៃទី​២៨​ខែកក្កដា ស្តីពី​ការដេញ​ថ្លៃឈ្នួល​ដាយ​ត្រី​លេញ និង​ដាយ​បង្កង​ថា​រដ្ឋបាល​ជលផល​នឹង​រៀបចំ​ដេញថ្លៃ​ឈ្នួល​ដាយ​ត្រី​លេញ និង​ដាយ​បង្កង​ជា​លើក​ទី​២​សម្រាប់ធ្វើ​អាជីវកម្ម​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២២-២០២៣​និង​ឆ្នាំ​២០២៣-២០២៤ នៅ​ថ្ងៃទី​១៥​ខែសីហា​។​

​រំលឹក​ឱ្យដឹងថា​ការដេញថ្លៃ​ឈ្នួល​ដាយ​ត្រី​លេញ​និង​ដាយ​បង្កង​លើក​ទី​១​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​មាន​អ្នក​ជួល​ដាយ​ត្រី​លេញ​តែ​ម្នាក់ ឯ​ដាយ​បង្កង​មិនមាន​អ្នកដាក់ពាក្យ​ដេញថ្លៃ​នោះទេ​។​

​លោក​អូន ស៊ី​ណាត បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹងថា​សេចក្តីជូនដំណឹង​ស្តីពី​ការដេញថ្លៃ​ដាយ​ត្រី​លេញ​និង​ដាយ​បង្កង​លើក​ទី​២​នេះ បានធ្វើការ​ផ្សព្វផ្សាយ​និង​មាន​បិទ ផ្សាយ​នៅតាម​សាលាឃុំ ស្រុក​និង​អង្គភាព​រដ្ឋបាល​ជលផល​សង្កាត់ ផ្នែក ខណ្ឌ​នៅក្នុង​ខេត្តព្រៃវែង​។ មូល​ហេតុដែល​ការដេញថ្លៃ​លើក​ទី​១ គ្មាន​អ្នកដេញថ្លៃ​ដោយសារ​អ្នក​ន​ធ្វើ អាជីវកម្ម​នេសាទ​តាម​គន្លង​ដាយ​រក​កម្មករ​ជំនាញ​លែង​បាន​។ ការដេញថ្លៃ​ឈ្នួល​ដាយ​ត្រី​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​និង​ដាយ​ត្រី​លេញ ដាយ​បង្កង​នៅ​ខេត្តព្រៃវែង សម្រាប់ធ្វើ​អាជីវកម្ម​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២២-២០២៣​និង​ឆ្នាំ​២០២៣-២០២៤ លើក​ទី​១​នៅ​ខេត្តព្រៃវែង នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២២ គ្មាន​អ្នក​ដេញ​តែមាន​អ្នក​សុំ​ជួល​បាន​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ដេញថ្លៃ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២២ មាន​អ្នកដាក់ពាក្យ​ចំនួន​៨​នាក់ និង នៅ​ខេត្តកណ្តាល​ដេញថ្លៃ​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០២២ មាន​អ្នកដាក់ពាក្យ​ចំនួន​៤​នាក់​។​

​គន្លង​ដាយ​ត្រី​ដែល​ត្រូវ​ដាក់ឱ្យ​ដេញថ្លៃ​មាន​ចំនួន​១៧​នៅ​រាជធានី​ភ្នំពេញ ចំនួន​២៣​នៅ​ខេត្តកណ្តាល និង​ចំនួន​១៣​នៅ​ខេត្តព្រៃវែង​ដែល​ក្នុងនេះ​មាន​ដាយ​ត្រី​លេញ​ចំនួន​៦ និង​ដាយ​បង្កង​ចំនួន​៧៕​