ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួនជាង ៤១ប៊ីលានយ៉េនសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានជំនួបទ្វេភាគី ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន(រូបថតក្រសួងការបរទេស)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី៥ ខែសីហានេះបានឲ្យដឹងថា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ដែលត្រូវចុះហត្ថលេខានៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ មានដូចជាៈ
១-លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន៤១.៣៨៨.០០០.០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន។
២-កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហារឹកុ ប្រធានតំណាង JICA ប្រចាំកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។
នៅមុនពិធីចុះហត្ថលេខា ឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៕សរន