ដោយ: ប.ខុន / ភ្នំពេញ: មន្ត្រីតំណាងក្រសួងធនធានទឹកនិងឧតុនិយមនិងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ចុះពិនិត្យវាយតម្លៃ,គម្រោងការពារច្រាំងទន្លេមេគង្គនិងច្រាំងព្រែកកុយ សរុបប្រវែង៩៧០ម៉ែត្រនិងគម្រោងការពារច្រាំងព្រែកអន្លង់គគីមានប្រវែង៤៩៥ម៉ែត្រ ក្រោយពីបានសាងសង់រួច។
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម(គល)និង(អល) នៃក្រសួងធនធានទឹកនិងឧតុនិយមនិងតំណាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី៥ខែសីហា ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានចុះពិនិត្យ និងវាយតម្លៃ គម្រោងការពារច្រាំងទន្លេមេគង្គនិងច្រាំងព្រែកកុយដែលទើបសាងសង់រួចដោយក្រសួងធនធានទឹកនិងឧតុនិយម។
គម្រោងការពារច្រាំងទន្លេមេគង្គនិងច្រាំងព្រែកកុយ សរុបប្រវែង៩៧០ម៉ែត្រ ស្ថិតនៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយរៀបប្រអប់ថ្ម Gabion Box ផ្នែកខាងលើ និង រៀបបាវ Geotextile Bags ការពារផ្នែកខាង ក្រោមនៃច្រាំងទន្លេនិងព្រែក ដែលការងារសម្រេចបាន១០០ភាគរយ។
គម្រោងការពារច្រាំងព្រែកអន្លង់គគីមានប្រវែង៤៩៥ម៉ែត្រ នៅភូមិអន្លង់គគី ឃុំព្រែកកុយ ប្រវែង១១០ម៉ែត្រនិងឃុំស្តៅប្រវែង៣៨៥ម៉ែត្រ ស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម (ជំហានទី២) ក្រោយពីបានបញ្ចប់សុពលភាពរយ:ពេល១២ខែរួចមក។
ក្រុមការងារបានពិនិត្យវាយតម្លៃនិងទទួលស្គាល់ថាគម្រោងការពារច្រាំងទន្លេមេគង្គ និងច្រាំងព្រែកកុយ គឺអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសនិងធានាគុណភាពបានល្អ៕