ដោយៈសុផល/ភ្នំពេញ៖លោកស្រីព្រឹទ្ឋសមាជិក Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានថ្លែងថា៖«កាលពី ៣០ឆ្នាំមុន នាយករដ្ឋមន្ត្រីអូស្ត្រាលី Paul Keatingនិងអតីតរដ្ឋមន្ត្រីការបរទេស Gareth Evans បានទទួលស្គាល់ពីតម្លៃនៃកិច្ចសហការគ្នារវាងប្រទេសរួមតំបន់។សាលា ACE ជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ការអប់រំបែបអូស្ត្រាលីទៅកាន់ប្រជាពលរដ្ឋកម្ពុជា ហើយជាសមិទ្ធិផល សិស្សានុសិស្សរបស់ ACE បានប្រើប្រាស់ជំនាញភាសាអង់គ្លេសរបស់ខ្លួនដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលីហើយត្រលប់មកបំពេញការងារដែលពួកគេពេញចិត្ត បង្កើតអាជីវកម្មនានា និងធ្វើជាស្ពានដើម្បីភ្ជាប់សហគមន៍ក្នុងប្រទេសទៅកាន់សហគមន៍ដទៃទៀតលើពិភពលោ»។
លោកស្រីបានមានប្រសាសន៍ដូច្នេះក្នុងពេលលោកស្រីបានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធមជ្ឍមណ្ឌលសម្រាប់ការបណ្តុះបណ្តាល (ACE) សាខាចាក់អង្រែ ដែលជាសាខាទី ៦ កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២២។
ឆ្លៀតពេលពីកិច្ចប្រជុំអាស៊ាននៅកម្ពុជានោះ លោកស្រី បានបន្តថា៖សាលា ACEថ្មីដែលស្ថិតតាមដៃទន្លេបាសាក់នៃទន្លេមេគង្គនេះនឹងផ្តល់ឱកាសឲ្យយុវជន និងយុវនារីជាច្រើននាក់ទៀត រួមទាំងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងថ្ងៃនេះ នូវជំនាញភាសាអង់គ្លេស ដើម្បីទទួលបានឱកាសផ្សេងៗក្នុងនាមជាពលរដ្ឋអន្តរជាតិ។ ទាំងនេះ សបញ្ជាក់អំពីតម្លៃនៃកិច្ចសហការគ្នារវាងប្រទេសរួមតំបន់ និងអនាគតរួមគ្នា»។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ យុវជន និងកីឡា បានថ្លែងថា ឆ្នាំនេះកម្ពុជា និងអូស្ត្រាលី ប្រារព្ធខួបទី ៧០ នៃទំនាក់ទំនងការទូត ខណៈដែលប្រទេសទាំងពីរមានចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការរឹងមាំប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា៖ «ចាប់តាំងពីឆ្នាំ ១៩៩២ មកសាលា ACEបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ជំនាញភាសាអង់គ្លេសសម្រាប់សិស្សានុសិស្សកម្ពុជា មន្ត្រីរដ្ឋាភិបាល និងសិស្សនិស្សិតទូទៅគ្រប់កំរិត»។
នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education នៅកម្ពុជា និង ជានាយកសាលា ACE លោក ម៉ៅ ស្រេង បានថ្លែងក្នុងពិធីសម្ពោធនេះថា៖ «អគារសាលានេះពីមុនជារោងចក្រកាត់ដេរដ៏ធំមួយ ហើយយើងបានកែប្រែនិងបំពាក់បរិក្ខារឱ្យក្លាយជាអាគារសាលារៀនកំរិតពិភពលោកក្នុងឆ្នាំ២០២០។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ ១៩ សាលាក៏ត្រូវបានបិទ ហើយផ្លាស់ប្តូរទៅការរៀនពីចម្ងាយតាមរយៈប្រព័ន្ធឌីជីថល។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សាខាថ្មីនេះ ក៏បានដាក់ឲ្យប្រើប្រាស់ជាមណ្ឌលសម្រាប់ផ្តល់ការចាក់វ៉ាក់សាំង ដោយក្នុងនោះប្រជាពលរដ្ឋប្រមាណ ១០.០០០ នាក់នៅក្នុងសហគមន៍បានមកទទួលវ៉ាក់សាំងនៅទីនេះ។
ក្នុងមួយឆ្នាំ សាលា ACE មានសិស្សចុះឈ្មោះចូលរៀនប្រមាណជា ៨ ម៉ឺននាក់ទូទាំងប្រទេស ហើយអាគារថ្មីនេះនឹងអនុញ្ញាតឲ្យសាលាទទួលសិស្សរៀនបានកាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនឹងវិសាលភាព ACE ទទួលបានពានរង្វាន់ដែលជាសាលាភាសាល្អជាងគេលើពិភពលោកនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសកាលពីឆ្នាំ២០២១ ហើយក៏ជាសាលាដំបូងគេបង្អស់ក្រៅតំបន់អឺរ៉ុបដែលទទួលបានពានរង្វាន់នេះ ក្រោមការជ្រើសរើសដោយគណកម្មការចំនួន ៤៣ រូប មកពីសាកលវិទ្យាល័យ ស្ថាប័នអប់រំ និង អ្នកជំនាញមកពី ២៥ ប្រទេសទូទាំងពិភពលោក។
សាលា ACE ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ១៩៩២ ដោយស្ថាប័ន IDP Education ដែលជាស្ថាប័នមានភាពឈានមុខគេលើពិភពលោកលើវិស័យអប់រំអន្តរជាតិ និងការសិក្សានៅបរទេស ហើយបច្ចុប្បន្ន ACE មាន ៦ សាខានៅទូទាំងប្រទេស។ លើសពីនេះស្ថាប័ន IDP ក៏បានផ្តល់ការធ្វើតេស្តភាសាអង់គ្លេស IELTS និងការប្រឹក្សាពីការសិក្សានៅបរទេសទៅកាន់ប្រទេសរួមមាន អូស្ត្រាលី ណូវែលហ្សេឡង់ កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអៀរឡង់។
លោក ម៉ៅ ស្រេង ក៏បានមានប្រសាសន៍បន្ថែមថា៖ «ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ មាន សិស្សានុសិស្សជាងកន្លះលាន នាក់ មកពីបណ្តាប្រទេសជាង ២០ បានចូលរៀននៅសាលា ACE និងមានសិស្សានុសិស្សកម្ពុជាប្រមាណ ១ ម៉ឺននាក់បានមកទទួលការប្រឹក្សាមុនទៅបន្តការសិក្សានៅបរទេស។
លោក ម៉ៅ ស្រេង បានគូសបញ្ជាក់ផងដែរពីសមិទ្ធផលរបស់សាលា ACE ជាង ៣០ ឆ្នាំ និង ខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និង កម្ពុជាថា៖ «ក្នុងរយៈពេល ២២ ឆ្នាំរបស់ខ្ញុំនៅស្ថាប័ន IDP និង សាលា ACE កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងបានដើរតួនាទីក្នុងការបង្កើតឲ្យមានអ្នកដឹកនាំជំនាន់ក្រោយ ព្រមទាំងបន្តពង្រឹងនិងធ្វើឲ្យសហគមន៍ខ្មែរ និង អូស្ត្រាលី រីកចម្រើនទៅមុខជាលំដាប់ ស្របពេលដែលពួកយើងប្រារព្ធខួបទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ ហើយឆ្នាំនេះក៏ជាខួបអបអរសាទរទី ៣០ របស់ស្ថាប័នក្នុងការផ្តល់ជូនការអប់រំដែលមានស្តង់ដារអន្តរជាតិ និងការរួមចំណែកដ៏សំខាន់លើវិស័យអប់រំ»។
ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសអូស្ត្រាលី និងកម្ពុជាក្នុងរយៈពេលជាង ៧ ទសវត្សរ៍ និងការអបអរសាទរខួបទី ៣០របស់ស្ថាប័ន IDP Education នៅកម្ពុជាក្រោមពិធីសម្ពោធជាផ្លូវការ សាលា ACE សាខាចាក់អង្រែ៕Ph