ដោយ: ភ្នំខៀវ /បាត់ដំបង: មន្ត្រីជំនាញឆ្មក់ចំត្រួតពិនិត្យរថយន្តដឹកទំនិញមួយគ្រឿងចូលទីផ្សារក្រុងបាត់ដំបង ដកហូតវត្ថុតាងជាច្រើនសង្ស័យខុសច្បាប់។
ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមន្ត្រី និងកម្លាំងគណៈបញ្ជាការកងឯកភាពក្រុង រួមជាមួយមន្ត្រីគយ និងរដ្ឋាករតំបន់ (ចល័ត)។
ទំនិញដែលសង្ស័យគេចមិនបង់ពន្ធជូនរដ្ឋនេះរួមមាន: ប៊ីចេង ម៉ាក ANKEE ចំនួន ៦០ការ៉ុង, ស្ករដូងចំនួន ៣០កេះ, បារី តិចសាសចំនួន ១៦០កេះ, បារីអូរីសចំនួន ៥០កេះ, ដែកញ៉ូមចំនួន ១០៤ដុំ, ប៊ីយែរ បាត់វ៉ៃស័រចំនួន ១០០កេះ និងកាហ្វេគ្រាប់ចំនួន ៣០បាវ។
ភ្លាមៗកម្លាំងចម្រុះមិនបានឃាត់ខ្លួនអ្នកពាក់ព័ន្ធទេ ប៉ុន្តែបានស្នើដល់ម្ចាស់ទំនិញសហការជាមួយដោយនាំយកទំនិញទាំងអស់ខាងលើទៅកាន់ទីស្នាក់ការមន្ត្រីគយ និងរដ្ឋាករតំបន់ (ចល័ត) ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ថាទំនិញដែលដឹកជញ្ជូននាំចូលនេះបានបង់ពន្ឋប៉ុន្មានភាគរយ ឬក៏មិនបានបង់ពន្ធទាំងស្រុង។
ករណីដដែលនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងបណ្តាញសង្គមបានក្រើនរម្លឹកទៅដល់បណ្តាអ្នករកស៊ីទាំងអស់សូមឲ្យចូលរួមបង់ពន្ធឲ្យបានត្រឹមត្រូវកុំគេចវេះ។ ជាងនេះទៀតបានសង្កត់ធ្ងន់ដល់មន្ត្រីគយផងដែរថា សូមកុំរឹងត្រគាកស្តូកពេក៕