ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ បន្ទាប់ពីចាញ់ម៉ាឡេស៊ី ០ទល់៣ ក្នុងការប្រកួតដំបូងនោះថ្ងៃទី៥ ខែសីហានេះក្រុមយុវជនអាយុក្រោម១៦ឆ្នាំរបស់កម្ពុជាបានយកឈ្នះក្រុមយុវជនអូស្ដ្រាលី៤ទល់២ ។ ការប្រកួតដែលធ្វើនៅកីឡដ្ឋាន Sultan Agung Bantul នៅវេលាម៉ោង៣រសៀលនោះក្រុម
កម្ពុជាបានមានប្រៀបលើគូប្រកួតរបស់ខ្លួនតាំងពីដើមទីមកម្ល៉េះ។
សូមបញ្ចាក់ថា នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ AFF U16 Boys Championship 2022 ដែលធ្វើនៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងជំនួប នៃពូល C នេះ ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អ ដោយ នាំមុខក្រុមយុវជន U16 អូស្ដ្រាលី ២ទល់១ នៅវគ្គទី១។
នៅតង់ទី២ កម្ពុជារកបានគ្រាប់បាល់បន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ខណៈអូស្ដ្រាលី រកបាន ១គ្រាប់បន្ថែមតែប៉ុណ្ណោះ។ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ក្រុមកម្ពុជា ឈ្នះអូស្ដ្រាលី ៤ទល់២។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុម U16 កម្ពុជា នៅមានឱកាសប្រជែងកៅអីវគ្គបន្ដ បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ដោយឈ្នះ ១ និងចាញ់ ១ ពោលគឺប្រកួតដំបូង កម្ពុជា ចាញ់ម៉ាឡេស៊ី ០ ទល់៣ខណៈនៅសល់ ១ប្រកួតក្នុងដៃ ដែលក្រុមយុវជនកម្ពុជា នឹងត្រូវជួបក្រុម U16 មីយ៉ាន់ម៉ា នាថ្ងៃទី០៨ ខែសីហាខាងមុខ៕