បម្រាម​, បង្រួម​, បម្រាស់​, បម្រះ​, បង្រួប​, បញ្ឈរ​, បញ្ឈប់​, បញ្ឆោត​, បញ្ចុះ​, និមិត្ត​, ព្រោះ​, និន្នាការ​, និពន្ធ​, និមន្ត​, និទ្ទេស​, និបាតសព្ទ​, និមិត្តរូប​, និមិត្តហេតុ​, នីហរ័ណ​

2460
ចែករម្លែក

បម្រាម បំ​-​រ៉ា​ម ( ន​. ) សំបុត្រ ហាមប្រាម​, សេចក្តី​ហាមប្រាម​៖ មាន​បម្រាម​បិទ​នៅ​ជិត​មាត់ទ្វារ ប្រាប់ថា កុំឱ្យ អ្នក​ក្រៅ​ចូល​…​។​
​ ​
បង្រួម ( កិ​. ) ធ្វើឱ្យ​រួម​៖ ចង្កេះ ខោ​នេះ​ទូលាយ​ណាស់​ត្រូវ​បង្រួម​វា បន្តិច​មក ទើប​ស្លៀក​ល្មម​។ (​ប្រើ​ជា ពង្រួម​ក៏បាន​) ។​
​ ​
​បម្រាស់ បំ​-​រ៉ា​ស់ ( ប​. ) ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង ពាក្យ​បម្រើ​ថា បម្រើបម្រាស់​គឺ​ទទួល ភារៈ​តាម​កិច្ច​ដែល​គេ​ប្រើប្រាស់​ឬ​ទទួល រ៉ាប់រង​កិច្ចការ​ខ្ពស់​ទាប​គ្រប់យ៉ាង​តាម ពាក្យ​ដែល​គេ​ប្រើ​៖ ក្មួយ​ឯង​ជា​អ្នក ទ័លក្រ​, ឯង​ខំ​បម្រើបម្រាស់​លោក ទៅ​…​។​
​ ​
​បម្រះ បំ​រ៉ះ ( កិ​. ) ប្រះ​ចុះ ប្រះ​ឡើង​រឿយៗ​៖ ដេក​បម្រះ​ខ្លួន​។ បម្រះននៀល​ប្រះប្រាណ​ននៀល រឿយៗ ប្រើ​ជា​បង្រះ (​បង់​រ៉ះ​) ក៏បាន (​តាម ទម្លាប់​និយាយ​ឬ​សរសេរ​) ។ ម​. ព​.​បង្រះ​នោះ​ទៀត ផង​។​

បង្រួប ( កិ​. ) ធ្វើឱ្យ​រួប​។ បង្រួបបង្រួម​ធ្វើឱ្យ​រួបរួម​, ឱ្យ​សះជា​រួម មូលគ្នា​វិញ (​ប្រើ​ជា​ពង្រួប​ក៏បាន​) ។​
​ ​
បញ្ឈរ ( កិ​. ) ធ្វើឱ្យ​ឈរ​៖ បញ្ឈរជង្គង់​ជាដើម​។ គុ​. ដែល​ឈរ​។ បញ្ឈរភ្នែក​កិ​. ធ្វើ​ភ្នែក​ទាំងពីរ ស្លឹង​៖ លុះ​ឮ​គេ​ប្រាប់​រឿង​ហ្នឹង​ស្រាប់តែ​បញ្ឈរ ភ្នែក​ស្លឹង​តែម្តង​។​
​ ​
បញ្ឈប់ ( កិ​. ) ធ្វើឱ្យ​ឈប់​៖ បញ្ឈប់រទេះ​, បញ្ឈប់រថយន្ត​, បញ្ឈប់ ដំណើរ​ត្រឹមនេះ​។​
​ ​
​បញ្ឆោត ( កិ​. ) ធ្វើឱ្យ​ឆោត ឱ្យ​លង់គំនិត​ជឿ​។ ត្រី​បញ្ឆោត​ត្រី​រំអិល​ដែល​ស៊ីសំ​គេ​បញ្ឆោត ចាប់​បានមក​។​
​ ​
បញ្ចុះ ( កិ​. ) ធ្វើឱ្យ​ចុះ​។ បញ្ចុះ កំពង់​ដាក់​ប្រដាប់​បន្លុង​ប្រគេន​ភិក្ខុសង្ឃ ជា​កិច្ច​ឧទ្ទិសផលបុណ្យ បញ្ជូនទៅ​បុគ្គល ដែល​ទើប​ធ្វើ​មរណកាល​ថ្មីៗ (​ពាក្យ សាមញ្ញ​, ពាក្យ​រាបសា​ហៅថា ប្លុង​, ធ្វើតាម​ប្រពៃណី​របស់​ប្រទេស​), បរិភោគ ច្រើន​ហើយ​ថែមទាំង​យឺតយូរ​ក្រ​ឈប់​ក្រលែង មិនចេះ​អស់​មិនចេះ ហើយ​៖ ចុះ​វា​បញ្ចុះកំពង់​ដល់​ណា ទៀត​? (​ព​. ទ្រ​. ម​.) ។​
​ ​
និមិត្ត –​មិ​ត​សំ​. បា​. ( ន​. ) ដើមហេតុ​, លក្ខណៈ​, គោល​, ចារឹក​, គ្រឿង​សម្គាល់​៖ និមិត្តសីមា​ជា​គ្រឿង ដែល​ភិក្ខុសង្ឃ​បានកំណត់​យក​ជា គោល​ចារឹក​សីមា​។ ខ្មាស​របស់​បុរស​ស្ត្រី​៖ និមិត្តបុរស​, និមិត្តស្ត្រី​។ សំ​. បា​.(​អា​. និ​.)
​ ​
ព្រោះ​ : ព្រោះតែ​៖ ដំរី​បានជា ព្រាន ស្វែង​តាម​បាញ់​និមិត្ត​ភ្លុក​វា (​មិន សូវ​ប្រើ​, ច្រើន​ប្រើពាក្យ​ព្រោះ​, ព្រោះ តែ ) ។​
​ ​
និន្នាការ និ​ន​-​នា​កា​បា​. ( ន​. ) (​និ​ន្ន + អាការ​) អាការ​ដែល​ទ្រេត​ទេរ​ទៅ​ឬ​ដែល​លម្អៀង ទៅ​ម្ខាងៗ​៖ ប្រទេស​នេះ​មាន​និន្នាការ​ទៅខាង​ឆ្វេង​, ប្រទេស​នោះ​មាន​និន្នាការ​ទៅខាង​ស្តាំ​, ប្រទេស​អព្យាក្រឹត​ឋិត​នៅត្រង់​កណ្តាល ឥតមាន​និន្នាការ​ទៅខាង​ឆ្វេង​ឬ​ទៅ ខាងស្តាំ​ឡើយ​។​
​ ​
និពន្ធ និ​ពន​,​បា​. ( កិ​. ឬ​គុ​. ) តែង​ឡើង​, ចងក្រង​, រៀបរៀង​៖ និពន្ធ ពង្សាវតារ​, និពន្ធ​រឿង ប្រលោមលោក​, ដែល​ចង​ហើយ​, ដែល​តែង​ហើយ​, ដែល​សម្រេច​ឱ្យមាន​កម្រិត​ហើយ​,… រឿង​និពន្ធ​។ ន​. ចំណង (​សេចក្តី​), សេចក្តី​តែង​, ពំនោល​៘ (​រ​. ស​.)៖ ព្រះ​និពន្ធ​, ព្រះរាជ​និពន្ធ គឺ​សេចក្តី​ដែល ស្តេច​ទ្រង់​តែង​, ទ្រង់​រៀបរៀង (​ម​. ព​. រាជនិពន្ធ​ផង​) ។​
​ ​
និមន្ត និ​មន់​,​បា​.( កិ​. ) អញ្ជើញ​, សូមឱ្យ​ទៅ​ឬ​សូម​ឱ្យមក (​ស​. ស​.)៖ និមន្ត លោក​ទេស្នា​, និមន្ត​លោក​ទៅ​បិណ្ឌបាត​, និមន្ត​លោក​មក​ឆាន់​។​
​ ​
​និទ្ទេស និ​ត​-​ទេសៈ ឬ​–​ទេស​បា​. ( ន​. ) ការសម្តែង​ចែក​ញែក សេចក្តី​, សេចក្តី​ដែល​សម្តែង ចែក​ញែក ជា សង្កាត់ៗ​ ៖ ធម៌​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ ចែកចេញជា​បី​និទ្ទេស គឺ​សីល​និទ្ទេស​, សមាធិ​និទ្ទេស​, បញ្ញា​និទ្ទេស​។ (​ម​. ព​. វិសុទ្ធិមគ្គ​ផង​) ។​
​ ​
និបាតសព្ទ –​តៈ​ស័​ប​សំ​., បា​. ( ន​. ) (​និបាត​សទ្ទ​) សព្ទ​សម្រាប់​ផ្សំ​សម្តី​ត្រង់​ឃ្លា​របះ​នីមួយៗ ជា​ជំនួយ​នាមសព្ទ និង​កិរិយាសព្ទ​ឱ្យមាន​សេចក្តី​ស្រឡះ​, ច្បាស់លាស់​, ពីរោះ​ស្រួល​ស្តាប់​៘ ដូច​ពាក្យ​ថា​ក៏​, ក៏ដោយ​, ក៏​ដែរ​, ក្តី​, ផង​, ឯ​, បើ​, ទោះ​, ទោះបី​, បើទុកជា​, ទើប​, ពុំនោះសោត​, ដែរ​ជាដើម (​ព​. វ​.) ។​
​ ​
​និមិត្តរូប –​មិ​ត​-​តៈ​– បា​. (​ន​.) រូប​ជា​គ្រឿង​កំណត់សម្គាល់ គឺ​វត្ថុ​ជា​តំណាង​អ្វីមួយ​ដែល​គ្មាន រូប​ដូចជា ជញ្ជីង​ទុកជា​តំណាង​នៃ​សុចរិតយុត្តិធម៌ ជាដើម​៖ ជញ្ជីង​ជា​និមិត្តរូប​នៃ​យុត្តិធម៌​, អំបោះ​ចងដៃ​គូ​ស្វាមីភរិយា​ថ្មី​ទុកជា និមិត្តរូប​នៃ​ពរ​បួន​ប្រការ គឺ​អាយុ​វណ្ណៈ សុ​ខៈ​ពលៈ (​បារ​. យ្ស​ម​បៀ​លេ​) ។​
​ ​
​និមិត្តហេតុ –​មិ​ត​-​តៈ​ហែ​តបា​. ( ន​. ) ហេតុ​ជា​គ្រឿង​ចំណាំ​ឬ​សម្គាល់​។ សព្វថ្ងៃ​ប្រើពាក្យ​នេះ សំដៅ យក​អាកា​រៈ នៃ​រោគ​ឬ​ប្រភេទ​នៃ​ជំងឺ​ដែលនាំឱ្យ​ដឹង បាន​ដោយ​គ្រឿង​សម្គាល់​ផ្សេងៗ​៖ និមិត្តហេតុ​នៃ​រោគ​គ្រុនចាញ់ (​បារ​. យ្ស​ម​ប​ល​មេ )​។​
​ ​
​នីហរ័ណ –​ហៈ​– បា​. ( ន​.) (​នី​ហរ​ណ “​ការ​នាំទៅ​, ការដឹកនាំ ចេញ​”) ជំនួញ​នាំចេញ​, ជំនួញ​ខាង ដឹកនាំ​ទំនិញ​ចេញពី​ប្រទេស​របស់ខ្លួន ទៅ​លក់​ឯ​ប្រទេសក្រៅ​, មុខរបរ​ពាណិជ្ជកម្ម ខាង​ដឹកនាំ​វត្ថុ​ផ្សេងៗ​ទៅ លក់​ឯ​បរទេស​ ៖ ខ្ញុំ​ប្រកបមុខរបរ​ខាង នីហរ័ណ (​បារ​. ខែ​ផៀរត )​។ ព​. ផ្ទ​. អាហរ័ណ ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ