ដោយៈមុនីរ័ត្ន/​ភ្នំពេញ៖លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង លោក ស៊ែរហ្គី ឡាវូស(Sergey Lavrov) រដ្ឋមន្ត្រីការបរទេស​នៃ​សហព័ន្ធរុស្ស៊ីបាន​ចុះហត្ថលេខា​លើ «​ផែនការ​នៃ​កិច្ច​ពិគ្រោះ​យោបល់រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងការបរទេស​នៃ​សហព័ន្ធរុស្ស៊ីសម្រាប់​ឆ្នាំ ២០២២-២០២៤» ដែល​នឹង​រួមចំណែក​ពង្រឹង​បន្ថែមទៀត​ទំនាក់​ទំនងជា​មិត្តភាពនិង​កិច្ចសហ ប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរនៅក្នុង​ពិធី​ចុះហត្ថលេខានៅ​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ​២០២២ នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ានលើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​ផែនការ​នៃ​កិច្ច​ពិគ្រោះ​យោបល់​នេះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដូច​មានភ្ជាប់​មកជា​មួយ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​សហព័ន្ធរុស្ស៊ី នៅ​ថ្ងៃទី​៥ ខែសីហា​នេះ​បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រីការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី បាន​ជួបប្រជុំ​ចរចា​ប្រកបដោយផ្លែផ្កា នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២​។ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាពគ្នា​លើកស្ទួយ​ការអភិវឌ្ឍ​បន្ថែមទៀត​នូវ​ចំណងមិត្តភាព ទំនាក់ ទំនង​ជិតស្និទ្ធ​ដ៏​យូរអង្វែង​ដូចដែល​ពេលវេលា​បានបញ្ជាក់​នាពេល​កន្លងមក និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅ មករ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ស្របតាម​តម្លៃ​ជា​មូលដ្ឋាន និង​សេចក្តីប្រាថ្នា​របស់ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​សេចក្តីថ្លែងការណ៍​រួម​បាន​បន្តថា កម្ពុជា និង​រុស្ស៊ី នឹង​រក្សា ព្រមទាំង​ពង្រឹង​កិច្ចសន្ទនា​នយោបាយ ទំនាក់ទំនង​ទៀងទាត់​រវាង រដ្ឋាភិបាល សភា អាជ្ញាធរ​មូលដ្ឋាន និង​គណបក្សនយោបាយ​។ ភាគី​ទាំងពីរ នឹង​បង្កើន​កិច្ច​សហ ប្រតិបត្តិការ ដែលជា​ផលប្រយោជន៍​ទៅវិញទៅមក ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វិស័យ​អប់រំ និង​វប្បធម៌ វិស័យ​ការពារជាតិ និង​សន្តិសុខ ក៏ដូចជា​បង្កើត​នូវ​លក្ខខណ្ឌ អំណោយផល សម្រាប់​សកម្មភាព​អង្គការ និង​ក្រុមហ៊ុន ក្នុង​គ្រប់​វិស័យ​។​
​កម្ពុជា និង​រុស្ស៊ី នឹង​បន្ត​គោរព​ផលប្រយោជន៍​ស្របច្បាប់​របស់​គ្នា​ទៅវិញទៅមក ក្នុង​ទំនាក់ទំនង ទ្វេភាគី និង​ក្នុង​ក្របខណ្ឌ​នៃ​វេទិកា​តំបន់ និង​អន្តរជាតិ​។​

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ឯកភាពគ្នា​ជំរុញការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​បញ្ហាសំខាន់ៗ ក្នុង​របៀបវារៈ​អន្តរជាតិ និង​តំបន់ ដោយ​សង្កត់ធ្ងន់​លើ​ការពង្រឹង​ម​ជ្ឈ​ភាព​អាស៊ាន ក្នុង​បរិបទ​នៃ​ការ កំពុង​រីកធំឡើង​នៃ​អន្តរ​កម្ម​ពហុភាគី ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕សរន​