ដោយៈ កាំ​ពី / ក្រចេះ ៖ នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នេះ កម្លាំង​នគរបាល ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តក្រចេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន បីនាក់ ទៅ​សាលាដំបូង​ខេត្តក្រចេះ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម កាប់សម្លាប់​មនុស្ស រហូតដល់​ស្លាប់ ដែល​ប្រ​ព្រិ​ត្ត​កាលពីដើម​ខែមិថុនា កន្លងទៅ ដោយសារតែ​ទំនាស់​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​។​

​យោងតាម​របាយការណ៍ នគរបាល បានបញ្ជាក់​ឲ្យ​ដឹងថាៈ នៅ​ថ្ងៃទី​៣ និង​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ស្នួល បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​bI​នាក់ រួមមានៈ ១.​ឈ្មោះ ស្រី កទៀត អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​នន ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ ២.​ឈ្មោះ ឡុង ឧ​ត្ត​ម (​ហៅ​ដំ​) អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។ ទី​៣. ឈ្មោះ សំ រិ​ទ្ឋី (​ហៅ ធី​ក្រញាញ់​) អាយុ​៣៩​ឆ្នាំ ។ ពួកគេ​ទាំងបី​នាក់ មាន​ទីលំនៅ​ផ្សេងគ្នា ក្នុង​ខេត្តក្រចេះ​។

​តាម​របាយការណ៍ បានបញ្ជាក់​ទៀតថាៈ ជនសង្ស័យ​ទាំង បីនាក់ ក្នុងចំណោម​បក្ខពួក ៥ នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភ្នំ​ព្រិច ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​អ្នក​ទាំង​ប្រាំ​នាក់ ខឹង​នឹង​ជនរងគ្រោះ ជិះ​ម៉ូតូ​វ៉ា​ពួកគេ ហើយ​ពួកគេ បាន​ស្រែក​ឲ្យ​ជនរងគ្រោះ ឈប់​ម៉ូតូ តែ​ជនរងគ្រោះ មិន​ព្រម​ឈប់ ពួកគេ​ទាំង ប្រាំ​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​កាប់​ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់ មួយ​នាក់ និង ពីរ​នាក់​ទៀត រត់​រួច​។ នៅពេលនោះ កម្លាំង​នគរបាល បាន​តាម​ស្រាវជ្រាវ ទើប​ចាប់បាន ចំនួន​បីនាក់ ដោយឡែក បក្ខពួក​ពីរ​នាក់​ទៀត រត់គេចខ្លួន​បាត់ នគរបាល​កំពុងតែបន្ត​ស្វែងរក​ចាប់ខ្លួន​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ ទាំងបី​នាក់ តាម​ចម្លើយសារភាព​ជន ទាំងបី​នាក់​នេះ បាន​ឆ្លើយថា កាលពី​យប់​ថ្ងៃទី​៤ ខែមិថុនា កន្លងទៅ នៅ​ចំណុច​ភ្នំ​ព្រិច ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព កាប់សម្លាប់​ជនរងគ្រោះ ឈ្មោះ ឌា​ន ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ បណ្តាលឱ្យ​ស្លាប់​ប្រាកដ​មែន ដោយ​ទំនាស់​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នេះ កម្លាំង​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជូន​ជនដៃដល់ ចំនួន​បីនាក់​នេះ ទៅកាន់​សាលាដំបូង ខេត្តក្រចេះ ដើម្បី​ចាត់ការ តាម​នីតិវិធី​បន្ត​៕/V