​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០២២​នេះ​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានកំណត់​កាលបរិច្ឆេទ​ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង ខៀវ សំផន នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅក្នុង​បន្ទប់​សវនាការ​ធំ​នៃ អ​.​វ​.​ត​.​ក​។

​អង្គជំនុំជម្រះ​សាលាដំបូង​បានប្រកាស​សាលក្រម​របស់ខ្លួន​ប្រឆាំងនឹង ខៀវ សំផន​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ផ្តន្ទាទោស​គាត់​ដាក់ពន្ធនាគារ​អស់​មួយជីវិត ចំពោះ​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​អំពើ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​បានដាក់​បញ្ចូល​ទោស​នេះ​ជាមួយ​ទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ដែល​បានប្រកាស​នៅក្នុង​សំណុំរឿង ០០២/០១​។ ខៀវ សំផន និង​សហ​ព្រះរាជអាជ្ញា បានដាក់​បណ្តឹងសាទុក្ខ​ប្រឆាំងនឹង​សាលក្រម​នេះ​។

​អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​បើកសវនាការ​ស្តាប់​សេចក្តីសន្និដ្ឋាន​ដោយផ្ទាល់​មាត់​ទៅលើ​បណ្តឹងសាទុក្ខ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​។​

​សូមជម្រាបថា សំណុំរឿង ០០២/០២ នៅសល់តែ​ជនជាប់ចោទ ខៀវ សំផន ម្នាក់​គត់ មាន​អាយុ​៩០ ឆ្នាំ រំពឹងថា​នឹង​ប្រកាស​សាលដីកា​ស្ថាពរ​បញ្ចប់​ការតវ៉ា​នៅ​អំឡុង​ចុងឆ្នាំ​ដែល​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រូបនេះ​បាន​ប្តឹង​ជំទាស់​នឹង​ការរកឃើញ​ពិរុទ្ធភាព​ក្នុង​សំណុំរឿង ០០២/០២​។​

​សំណុំរឿង​០០២/០២ បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ដោយ​ផ្ដោតលើ​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រព្រឹត្តឡើង​នៅតាម​ទីកន្លែង​នានា​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​ការគ្រប់គ្រង​ប្រទេស​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ពីថ្ងៃ​ទី​១៧​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​០៦ មករា ឆ្នាំ​១៩៧៩​។ ក្រោយ​ដំណើរការ​កាត់សេចក្ដី​អស់​រយៈពេល​៤​ឆ្នាំ ពោលគឺ​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៨ សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បានសម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​លោក ខៀវ សំផន និង​លោក នួន ជា ដាក់ពន្ធនាគារ​អស់​មួយជីវិត​។​
​ដោយសារតែ​លោក នួន ជា អតីត​បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម​បាន​ស្លាប់ អំឡុងពេល​ជាប់ឃុំ​ខ្លួន​ក្នុង​ខែសីហា ឆ្នាំ​២០១៩ បទ​ចោទ​និង​ដំណើរការ​នីតិវិធី​ប្រឆាំង​រូបលោក​ក្នុង​សំណុំរឿង ០០២/០២ ត្រូវ​ផុតរលត់ និង​នៅសល់​លោក​ខៀវ សំផន មិន​សុខចិត្ត​ចំពោះ​ការសម្រេច​នេះ ហើយ​បាន​ប្រើ​សិទ្ធិ​ប្ដឹង​សាទុក្ខ​ទៅកាន់​តុលាការ​កំពូល​។​

​នៅក្នុង​បណ្ដឹងសាទុក្ខ​របស់ខ្លួន ជនជាប់ចោទ ខៀវ សំផន បានដាក់​សំណើ​ចំនួន ៣ ចំណុច​ទៅកាន់​តុលាការ​៖ ទី​១ ជា​ចម្បង ធ្វើ​មោឃភាព​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​បានប្រកាស​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ដោយ​សំអាង​ហេតុ​ពី​ការរំលោភ​លើ​វិធាន​ផ្ទៃក្នុង​។ ទី​២ ជា​បន្ទាប់បន្សំ ធ្វើ​មោឃភាព​សាលក្រម​ពី​ការ​គ្មាន​ពិរុទ្ធភាព​ចំពោះ​បទ​ចោទ​នីមួយៗ​។ និង​ទី​៣ ជា​បន្ទាប់បន្សំ​បំផុត កែប្រែ​ការផ្ដន្ទាទោស និង​ប្រកាស​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​រយៈពេល​កំណត់​មួយ​៕​