​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួប​សំណេះសំណាល និង​សម្តែង​ការគួរសម​ជាមួយ​លោកជំទាវ ផេ​ន​នី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី កាលពី​រសៀល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២២ ។

​ជំនួប​នេះ បាន​ធ្វើឡើង​ខណៈពេលដែល​រដ្ឋមន្ត្រី ការបរទេស​អូស្ត្រាលី កំពុងស្នាក់នៅ​រាជធានី​ភ្នំពេញ ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ថ្លែង​ក្នុង​កិច្ច​ជំនួប​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​បាន​រំលឹក​នូវ​ចំណងមិត្តភាព​ដ៏​យូរអង្វែង​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​អូ​ស្រា្ត​លី ដែលមាន​រយៈពេល ៧០​ឆ្នាំ គិត​ចាប់តាំងពី​ឆ្នាំ​១៩៥២ មក​។

​មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​រលឹក​ផងដែរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​អូស្ត្រាលី សម្រាប់​ដំណើរ​ស្វែងរក​សន្តិភាព និង​ការដើរ​តួនាទី​នាំមុខ​ក្នុង​អំ​ទ្បុ​ង​ពេល​បេសកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​។ បន្ថែម​ពីនេះ​ទៅទៀត ប្រទេស​អូស្ត្រាលី បាន​ជួយឧបត្ថម្ភ​យ៉ាងខ្លាំង​ក្លា​ដល់​វិស័យ​អប់រំ​ធនធានមនុស្ស និង​ការបណ្តុះបណ្តាល​ភាសា​អង់គ្លេស​កម្រិត​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា និង​ជាពិសេស​ការគាំទ្រ​លើ​វិស័យ​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ផងដែរ​។

​មេបញ្ជាការ​កងទ័ពជើងគោក មានសង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រទេស​ទាំងពីរ​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ស្និទ្ធស្នាល​បន្ថែមទៀត ដើម្បី​ផលប្រយោជន៍​រួម​ទៅវិញទៅមក​។​

​ជាការ​ឆ្លើយតប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បានធ្វើការ​ថ្លែងអំណរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​សកម្មភាព​មួយចំនួន​ក្នុង​វេទិកា​អន្តរជាតិ​កន្លងមក ក៏ដូចជា​សម្តែង​នូវ​ក្តី​រីករាយ និង​ការ​សាទរ​ដល់​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា ព្រមទាំង​បានបង្ហាញ​នូវ​ការគាំទ្រ​បន្តទៀត​ដល់​ប្រទេស​កម្ពុជា​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ក៏បាន​បង្ហាញ​នូវ​ទស្សនៈ​ព្រម​គ្នា​ថា កិច្ចការពារ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព នៅក្នុង​តំបន់ គឺជា​កត្តា​សំខាន់​ដែល​ត្រូវតែ​រួមគ្នា​យកចិត្តទុកដាក់ និង​រក្សា​ឱ្យ​បានជា​ចាំបាច់​៕​