ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ារី ណុក (Mary Ng) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ ការជំរុញ ការនាំចេញ ធុរកិច្ចធន់តូច និងការអភិវឌ្ឍសេដ្ឋកិច្ចកាណាដា នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌ អាស៊ាន នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ម៉ារី ណុក បានឯកភាពធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាពល្អរវាងប្រទេសទាំងពីរ និងបានជំរុញកិច្ចសហប្រតិបត្តិការ ឱ្យបានទូលំទូលាយ ដើម្បីផលប្រយោជន៍រួមគ្នាក្នុងក្របខ័ណ្ឌ ទ្វេភាគី តំបន់ និងសកល។ ភាគីទាំងពីរបានឯកភាពរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះជំនួយ និងការគាំទ្រផ្នែកបច្ចេកទេសរបស់ប្រទេសកាណាដា នៅក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា និងបានស្នើសុំឱ្យឱ្យមានវិភាគទានបន្ថែមទៀតពីកាណាដា ឆ្ពោះទៅសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥»។
ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្ដីពេញចិត្តចំពោះគន្លងវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគី ខណៈដែលលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណដល់កាណាដា ដែលបានរក្សាប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់កម្ពុជា។
ចំពោះទំនាក់ទំនងអាស៊ាន-កាណាដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់កាណាដាសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីការចូលរួមរបស់នាយករដ្ឋមន្ត្រីកាណាដាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំនេះ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងសំណើរបស់កាណាដាក្នុងការលើកកម្ពស់ឋានៈរបស់ខ្លួនទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ៕