ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចិនបាននិយាយថា ខ្លួននឹងលុបចោលឬផ្អាកការសន្ទនាជាមួយសហរដ្ឋអាម៉េរិកលើបញ្ហាជាច្រើនរាប់ចាប់ពីបម្រែបម្រួលអាកាសធាតុរហូតដល់ទំនាក់ទំនងយោធានិងកិច្ចខិតខំប្រឹងប្រែងប្រឆាំងគ្រឿងញៀន ក្នុងការសងសឹកចំពោះដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះដោយប្រធានសភាតំណាងរាស្ត្រអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី។
វិធានការ ដែលធ្វើឡើងចំពេលទំនាក់ទំនងធ្លាក់ចុះរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន គឺជាវិធានការចុងក្រោយបំផុតក្នុងជំហានដែលបានសន្យាជាច្រើនដែលមានបំណងដាក់ពិន័យសហរដ្ឋអាម៉េរិកចំពោះការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចទៅកាន់កោះដែលខ្លួនអះអាងថាជាទឹកដីរបស់ខ្លួន ដែលនឹងដណ្តើមយកមកវិញដោយកម្លាំងប្រសិនបើចាំបាច់។
សេតវិមានបានកោះហៅឯកអគ្គរដ្ឋទូតចិនមកតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនហៅថាសកម្មភាពគ្មានទំនួលខុសត្រូវរបស់ចិនចាប់តាំងពីដំណើរទស្សនកិច្ចនេះ។
ចិនកាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្តើមសមយុទ្ធយោធាគំរាមកំហែងក្នុងតំបន់ចំនួនប្រាំមួយនៅក្បែរឆ្នេរសមុទ្រតៃវ៉ាន់ ដែលខ្លួននិយាយថានឹងដំណើរការរហូតដល់ថ្ងៃអាទិត្យ។
មន្ត្រីការពារជាតិបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា មីស៊ីលក៏ត្រូវបានបាញ់រំលងលើកោះតៃវ៉ាន់ផងដែរ។
ចិនជំទាស់នឹងកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយរដ្ឋាភិបាលបរទេសប៉ុន្តែការឆ្លើយតបរបស់ចិនចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ីមានភាពខ្លាំងក្លាខុសពីធម្មតា។
ក្រសួងការបរទេសចិនបាននិយាយថា ការសន្ទនារវាងមេបញ្ជាការតំបន់អាម៉េរិកនិងចិនព្រមទាំងប្រមុខក្រសួងការពារជាតិប្រទេសទាំងពីរនឹងត្រូវលុបចោលរួមជាមួយនឹងការពិភាក្សាអំពីសុវត្ថិភាពដែនសមុទ្រយោធាផងដែរ។
ក្រសួងបាននិយាយថា កិច្ចសហប្រតិបត្តិការលើការបញ្ជូនត្រឡប់ជនអន្តោប្រវេសន៍ខុសច្បាប់ ការស៊ើបអង្កេតឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀនខុសច្បាប់ និងបម្រែបម្រួលអាកាសធាតុនឹងត្រូវផ្អាក។
ចិនបាននិយាយកាលពីថ្ងៃសុក្រថា យន្តហោះចម្បាំងជាង ១០០ គ្រឿង និងនាវាចម្បាំង ១០ គ្រឿងបានចូលរួមក្នុងសមយុទ្ធយោធាបាញ់គ្រាប់ពិតជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខណៈប្រកាសដាក់ទណ្ឌកម្មជានិមិត្តរូបប្រឆាំងនឹងលោកស្រីផេឡូស៊ីនិងក្រុមគ្រួសាររបស់លោកស្រីជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់កាលពីដើមសប្តាហ៍នេះ៕
ចិនដាក់ទណ្ឌកម្មជានិមិត្តរូបប្រឆាំងនឹងលោកស្រីផេឡូស៊ីនិងក្រុមគ្រួសាររបស់លោកស្រីជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់