​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ រដូវ​កាល​ថ្មី English Premier League បើក​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​ក៏​ដូចជា​លី​ក​កំពូល​នៅ​បារាំង​និង​អាល្លឺម៉ង់​ផងដែរ ក្នុងនោះ​ក្រុម​ការពារ​ជើងឯក Man City នឹង​ធ្វើដំណើរ​ទៅ​ផ្ទះ​របស់​ញញួរ​ធំ West Ham នៅ​ថ្ងៃអាទិត្យ ចំណែក​ជើងឯក​រង Liverpool ទៅសួរសុខទុក្ខ Fulham នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​។ ទោះ​យ៉ាងណា​យើង​សូម​យក​​តែ​៣​គូ​ក្នុង​ក្របខ័ណ្ឌ EPL មក​វិភាគ​ជូន​ប៉ុណ្ណោះ​។

– Fulham vs Liverpool

​ក្រុម​ឈូកស Fulham បាន​លើក​ពាន​ក្របខ័ណ្ឌ Championship រដូវ​កាល​មុន ហើយ​ពួកគេ​សង្ឃឹម​យក​ទម្រង់​លេង​ដ៏​ល្អ​នេះ​មក​ប្រើ​ក្នុង​យុទ្ធនាការ​ថ្មី​នៅក្នុង​លី​ក​កំពូល​អង់គ្លេស​។​

​នេះ​គឺជា​រឿង​ដែល​ក្រុម​ឈូកស​តែងតែ​បរាជ័យ​ជា​ទៀងទាត់​មិន​អាច​សម្រេចបាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បាន​ទទួលរង​នូវ​ការ​កាត់​ចេញពី​ក្របខ័ណ្ឌ​កំពូល​ចំនួន​ពីរ​លើក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។​

Fulham បាន​ចុះហត្ថលេខា​ទិញ​កីឡាករ​ដូចជា Kevin Mbabu, Joao Palhinha, Manor Solomon និង Andreas Pereira នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​។ ចាំ​មើល​មើល៎​តើ​កីឡាករ​ថ្មីៗ​ទាំងនេះ​អាច​ជួយ Fulham កុំឱ្យ​ធ្លាក់​ទៅ Championship ភ្លាមៗ​ដូច​បណ្តា​ឆ្នាំមុនៗ​បាន​ឬ​យ៉ាងណា​។​

​កីឡាករ Aleksandar Mitrovic លេង​ល្អ​ដូច​ផ្កា​កាល​ពី​រដូវ​កាល​មុន ខណៈ​រូបគេ​បាន​បំបែក​កំណត់ត្រា​នៃ​ក្របខ័ណ្ឌ Championship ជាមួយនឹង​ការ​ស៊ុត ៤៣ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៤៤ លើក​សម្រាប់ Fulham ។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​សែ​ប៊ី​រូប​នេះ​ចាំបាច់​ត្រូវ​សម្រេចបាន​គ្រាប់​បាល់​យ៉ាង​តិច​មួយ​ភាគ​បី​នៃ​ចំនួន​គ្រាប់​បាល់​ទាំងនេះ​នៅក្នុង​លី​ក​កំពូល កន្លែង​ដែល​រូបគេ​ខកខាន​ក្នុងឱកាស​មុនៗ​។​

​គួរ​ឱ្យ​ស្តាយ​សម្រាប់​អ្នកគាំទ្រ​របស់​ពួកគេ ក្រុម Fulham មាន​កាលវិភាគ​ដ៏​លំបាក​នៅ​ដើមរដូវ​កាល​នេះ រួម​ទាំង​ការប្រកួត​បើកឆាក​ជាមួយនឹង​ក្រុម​ហង្ស​ក្រហម Liverpool ដែល​ឈ្នះ​ពានរង្វាន់ Community Shield Trophy ថ្មីៗ​នេះ​។​

​កូនក្រុម​ដ៏​ខ្លាំងក្លា​របស់​លោក Jurgen Klopp នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Craven Cottage ក្នុងនាម​ជា​ក្រុម​រំពឹង​ឈ្នះ​ខ្ពស់បំផុត ជាពិសេស​បន្ទាប់​ពី​ការលេង​ដ៏​អស្ចារ្យ​ក្នុង​ជ័យជម្នះ ៣-១ លើ​ក្រុម​ជើងឯក​អង់គ្លេស Manchester City កាល​ពី​ប្រាំពីរ​ថ្ងៃមុន នៅលើ​ទឹកដី​កណ្តាល​គឺ​កីឡដ្ឋាន King Power​។​

Mohamed Salah បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​មួយ​គ្រាប់​និង​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ក្នុងឱកាស​នោះ ហើយ​រូបគេ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​យុទ្ធនាការ​ដ៏​កក្រើក​រដូវ​កាល​នេះ ក្រោយ​ឈ្នះ​រង្វាន់​ស្បែកជើង​មាស​រួមគ្នា​ជាមួយ​កីឡាករ Heung-Min Son កាល​ពី​រដូវ​កាល​មុន​។​

Liverpool ឈ្នះ​រហូត​នៅ​ទឹកដី​របស់ Fulham នៅ​២​ប្រកួត​ចុងក្រោយ ត្បិត​ហង្ស​ក្រហម​ចាញ់​ឈូក​ស​១-០ នៅ Anfield កាលពី​ខែ​មីនា​ឆ្នាំ​មុន​ក៏ដោយ​។ ជួបគ្នា​៤​លើកចុងក្រោយ ក្រុម​ទាំង​ពីរ​ស៊ុត​បញ្ចូល​ទី​ក្រោម​៣​គ្រាប់​ប៉ុណ្ណោះ​។

​ផ្អែក​លើ​គុណភាព​ក្រុម​ទាំង​ពីរ យើង​រំពឹង Liverpool ឈ្នះ​ក្នុង​លទ្ធផល​ព្យាករណ៍ ២-០​។

– Tottenham vs Southampton

​ក្រុម​មាន់​ខ្នាយ​មាស Tottenham មាន​ភាព​មមាញឹក​ណាស់​នៅ​រដូវក្តៅ​នេះ ហើយ​អ្នកជំនាញ​ជាច្រើន​បាន​សរសើរ​ពួកគេ​ថា​ជា​ក្រុម​ប្រជែង​ពាន​ទៀត​ផង​ដោយសារតែ​ការទិញ​កីឡាករ​ថ្មីៗ​ជាច្រើនរូប​។​

Spurs បាន​ទិញ​កីឡាករ​សាគួ​ខ្លាំងៗ​នៅក្នុង​តំបន់​សំខាន់ៗ ដែល​កីឡាករ​ភាគច្រើន​គឺ​ជ្រើស​ផ្ទាល់ដៃ​ដោយ​លោក Antonio Conte ។​

​ខ្សែ​ប្រយុទ្ធ Richarlison នឹង​ក្លាយជា​កីឡាករ​សាគួ​ល្អ​បំផុត​សម្រាប់ Harry Kane និង Heung-Min Son នៅ​ជួរ​មុខ ហើយ​កីឡាករ Yves Bissouma និង Clement Lenglet គួរតែ​ជួយ​កែលម្អ​ទម្រង់​ការពារ​របស់​ក្រុម​បាន​យ៉ាងច្រើន ខណៈ​កីឡាករ Ivan Perisic និង Djed Spence នឹង​ក្លាយជា​ការបន្ថែម​ដ៏​អស្ចារ្យ​ដល់​តំបន់​ស្លាប ដែល​ជា​ក្បួន​លេង​ប្រចាំត្រកូល​របស់លោក Conte ។

​យើង​មិន​ចាំបាច់​ភ្ញាក់ផ្អើល​ទេ​នៅពេល​ដែល​ឃើញ Spurs លេង​ល្អ​ក្នុង​រដូវ​កាល​នេះ ព្រោះ​ក្រុម​នេះ​ត្រូវបាន​បំពាក់បំប៉ន​យ៉ាង​ល្អ​នៅ​គ្រប់​តំបន់​ទាំងអស់​។​

​ដូចគ្នា​នេះ​ផង​ដែរ​អ្នក​មិន​គួរ​ភ្លេច​ថា លោក Conte បានឈ្នះ​ពានរង្វាន់​លី​ក​ចំនួន ៦ រួច​ហើយ​ជាមួយនឹង​ក្លិប​ផ្សេងៗ​គ្នា​។ តើ​គាត់​អាចដឹកនាំ Spurs លើ​កពាន​ដំបូង​នៅ​រដូវ​កាល​នេះ​បាន​ទេ​?

​ក្រុម​មាន់​ខ្នាយ​មាស​នឹង​មាន​ឱកាស​អស្ចារ្យ​ដើម្បី​ទទួល​ជ័យជម្នះ​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ពួកគេ​ស្វាគមន៍​ក្រុម​យ៉ាប់យ៉ឺន Southampton មក​កាន់​ទីក្រុង​ឡុង​ដ៍​សម្រាប់​ការប្រកួត​បើកឆាក​ថ្ងៃទី​១​។​

​ក្រុម​ភ្ញៀវ​ជួប​ការខកចិត្ត​ខ្លាំង​កាល​ពី​រដូវ​កាល​មុន ហើយ​ពួកគេ​បាន​ពង្រឹង​ក្រុម​តិចជាងគេ​បំផុត​ក្នុង​ពីរ​រដូវ​កាល​ចុងក្រោយ​នេះ​។​

​កីឡាករ Joe Aribo របស់​ក្រុម Rangers គឺជា​ការទិញ​ដ៏​សំខាន់​តែមួយគត់​រហូតមកទល់​ពេល​នេះ​សម្រាប់​លោក Ralph Hasenhuttl និង​ក្រុម​របស់​គាត់​។ គួរកត់សម្គាល់​ផងដែរ​ថា ក្រុមព្រះ​ម៉ែ​ម៉ា​រី​លែង​មាន​កីឡាករ Armando Broja ទៀតហើយ ព្រោះ​រូបគេ​បាន​ត្រឡប់​ទៅ​ក្លិប​មេ​របស់​ខ្លួន​វិញ គឺ Chelsea នៅ​រដូវក្តៅ​នេះ​។​

​ត្បិត Spurs មាន​ប្រវត្តិ​ឈ្នះ ៣១ លើក ស្មើ ៦ និង ចាញ់ ៩ ក្នុងពេល​ទទួល Southampton ក្នុង​ទឹកដី​ខ្លួនឯង ដែល​ជា​កំណត់ត្រា​ល្អ ប៉ុន្តែ​ជួប​ព្រះ​ម៉ែ​ម៉ា​រី​២​លើក​រដូវ​កាល​មុន​គឺ​ចាញ់​ទាំងពីរ​។

​ទោះយ៉ាងណា Spurs នៅតែ​សង្ឃឹម​ច្រើន ហើយ​លទ្ធផល​ព្យាករណ៍​គឺ Spurs ឈ្នះ ២-០​។​

– Everton vs Chelsea

Everton និង Chelsea នឹង​បិទ​ការប្រកួត​ដ៏​រំភើប​បើក​រដូវ​កាល​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ខណៈ​ពួកគេ​ត្រូវ​ជួប​គ្នា​នៅ​កីឡដ្ឋាន Goodison​។​

Chelsea ចូល​មក​ការប្រកួត​នេះ​ក្នុងនាម​ជា​ក្រុម​រំពឹង​ឈ្នះ​ខ្ពស់ សូម្បី​តែ​ហាងឆេង​ឈ្នះ​សម្រាប់​ពួកគេ​ក៏​គេ​ហ៊ាន​ឱ្យ​ត្រឹមតែ ១,៧០ ដែរ​មិន​ហ៊ាន​ឱ្យ​ខ្ពស់​ខ្លាំង​នោះទេ​។​

​ក្រុម​តោ​ខៀវ​បាន​បាត់បង់​ខ្សែការពារ​សំខាន់ Antonio Rudiger និង Andreas Christensen ដោយសារ​ការផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ទៅ​កាន់​ក្លិប​ជើងឯក La Liga គឺ Real Madrid និង Barcelona រៀងៗ​ខ្លួន ប៉ុន្តែ​ពួកគេ​អាច​ទិញ​បាន​មកវិញ​នូវ​ខ្សែការពារ​រឹងមាំ Kalidou Koulibaly ពី Napoli ដើម្បី​បំពេញ​ចន្លោះប្រហោង​នៅ​ខាងក្រោយ​។​

​ក្រុម​របស់​លោក Thomas Tuchel បាន​បរាជ័យ​ក្នុង​ការចុះហត្ថលេខា​ទិញ​កីឡាករ​គោលដៅ​ជា​ច្រើន​នាក់​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​បាត់បង់ Romelu Lukaku ប៉ុន្តែ​ពួកគេ​អាច​ទិញ​បាន Raheem Sterling ដែល​អាច​តំណាង​ឱ្យ​ការបន្ថែម​ដ៏​អស្ចារ្យ​នៅ​ក្នុង​តំបន់​ប្រយុទ្ធ​។​

​វា​នឹង​ក្លាយជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ការមើល​អតីត​ខ្សែបម្រើ​ស្លាបរ​បស់ Manchester City ចូល​លេង​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ក្រឡុក​ខ្សែការពារ​ដ៏​ទន់ជ្រាយ​របស់ Everton ។​

Sterling បាន​ស៊ុត​ចូល​១​គ្រាប់​ក្នុង​ជ័យជម្នះ ១-៣ លើ​ក្រុម Udinese នៃ​ក្របខ័ណ្ឌ Serie A សម្រាប់​ការប្រកួត​មិត្តភាព​ចុងក្រោយ​របស់ Chelsea កាល​ពី​ប្រាំពីរ​ថ្ងៃមុន​។​

Everton ប៊ិះ​តែ​ចៀស​មិន​ផុត​ពី​ការធ្លាក់ចុះ បន្ទាប់​ពី​កើប​បាន​១០​ពិន្ទុ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ហើយ​រួច​ផុត​ពី​ការ​កាត់ចោល​ទាំង​ប្រផុតប្រផើយ​។​

​ទោះយ៉ាងណា ក្រុម​ស្ករ​គ្រាប់​នឹង​ចូល​រដូវ​កាល​ថ្មី​នេះ​ដោយ​គ្មាន​តារា​ឆ្នើម Richarlison ដែល​បាន​ចាកចេញ​ទៅ Tottenham ។​

​បញ្ជី​នៃ​ការទិញចូល​គឺ​មិនសូវ​ជា​ល្អ​អី​ណាស់​ណា​នោះ​ទេ រួមមាន​ដូចជា​កីឡាករ James Tarkowski, Dwight McNeil និង Ruben Vinagre ។ ស្ករ​គ្រាប់​មើល​ទៅ​ប្រហែល​ប្រឈម​ការ​កាត់ចោល​មួយ​រដូវ​កាល​ទៀត​ហើយ​។​

Everton ស្វាគមន៍ Chelsea បួន​ប្រកួត​ចុងក្រោយ​គឺ​ចាញ់​តែ​ម្តង​គត់ ហើយ​មាន​គ្រាប់​បាល់​ស៊ុត​មិន​ច្រើន​នោះ​ទេ ហើយ​ជា​ពិសេស​បាន​ឈ្នះ​តោ​ខៀវ ១-០ រដូវ​កាល​មុន​ជា​ហេតុនាំឱ្យ​រួចផុត​ពី​ការ​កាត់ចោល​ទៅ​ក្របខ័ណ្ឌ​ទី​ពីរ​។

​ទោះយ៉ាងណា តោ​ខៀវ​នៅតែ​មាន​កីឡាករ​គុណភាព​ជាង ដូច្នេះ​លទ្ធផល​រំពឹង​ទុក​គឺ Chelsea ឈ្នះ ២-០៕

Liverpool រំពឹង​ឈ្នះ Fulham នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ