ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន (Recep Tayyip Erdogan)​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​ទី​៥​សីហា​​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដោយ​ផ្តោត​លើ​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ដែល​សម្របសម្រួល​ដោយ​តួ​ក​គី​និង​អង្គការសហប្រជាជាតិ ទស្សនវិស័យ​សម្រាប់​កិច្ច​​ពិភាក្សា​ស្តីពី​ការបញ្ចប់​អរិភាព​ក្នុងប្រទេស​អ៊ុ​យក្រែន ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ី​រី និង​ទំនាក់ទំនង​សេដ្ឋកិច្ច​លូតលាស់​រវាង​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​អង់កា​រ៉ា​។​

​ថ្លែង​នៅ​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​នៅឯ​លំនៅដ្ឋាន​របស់​ពូ​ទីន​នៅ​សមុទ្រ​ខ្មៅ​ក្នុង​ទីក្រុង​សូ​ជី (Sochi) លោក​អឺ​ដូ​ហ្គាន​បាន​និយាយថា ការចរចា​របស់​ពួកគេ​នឹង​ជួយ​”​ដាក់ចេញ​នូវ​តួនាទី​ដែល​​តួ​ក​គី​និង​រុស្ស៊ី​កំពុង​ដើរតួ​នៅក្នុង​តំបន់​”​។ លោក​បាន​ចាត់ទុក​ការពិភាក្សា​នេះ​ថា​មាន​សារៈសំខាន់ ដោយ​និយាយថា ពួកគេ​កំពុង​ត្រូវបាន​ពិភពលោក​មើល​យ៉ាង​ដិតដល់​។​

​លោក​អឺ​ដូ​ហ្គាន​បាន​និយាយថា “​ថ្ងៃនេះ ពិតណាស់ ភ្នែក​របស់​ពិភពលោក​គឺ​សម្លឹងមើល​ទីក្រុង​សូ​ជី​។ ពួកគេ​កំពុង​តាម​វា​ដោយ​ឆ្ងល់​ថា​តើ​អ្វី​កំពុង​ត្រូវបាន​ពិភាក្សា​និង​សម្រេចបាន​នៅ​សូ​ជី​”​។​

​កាលពី​ខែ​មុន តួ​ក​គី​និង​អ​.​ស​.​ប​បាន​ជួយ​សម្រួល​ឱ្យ​មាន​កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី​និង​អ៊ុ​យក្រែន ដើម្បី​បើកផ្លូវ​សម្រាប់​អ៊ុយ​ក្រែន​ក្នុង​ការនាំ​ចេញ​ផលិត​ផល​កសិកម្ម​ចំនួន ២២​លាន​តោន​ដែល​ជាប់គាំង​​នៅក្នុង​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ខ្លួន ចាប់​តាំងពី​ទីក្រុង​មូ​ស្គូ​បាន​បញ្ជូន​ទាហាន​ចូល​ប្រទេស​នេះ​កាលពី​ជាង ៥ ខែ​មុន​។ កិច្ចព្រមព្រៀង​នេះ​ក៏​អនុញ្ញាតឱ្យ​រុស្ស៊ី​នាំចេញ​គ្រាប់​ធញ្ញជាតិ​និង​ជីរ​គីមី​ផងដែរ​។​

​កប៉ាល់​បី​គ្រឿង​ទៀត​ដែល​ផ្ទុក​ពោត​រាប់ពាន់​តោន​បាន​ចាក​ចេញពី​កំពង់ផែ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សុក្រ​។ កប៉ាល់​ដំបូង ដែល​ចេញ​ដំណើរ​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ បាន​ចាកចេញ​ពី​អ៊ុយ​ក្រែន​កាលពីដើម​សប្តាហ៍​។​

​លោកពូ​ទីន​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​អឺ​ដូ​ហ្គាន​សម្រាប់ការ​ជួយចរចា​កិច្ចព្រមព្រៀង​គ្រាប់ធញ្ញ​ជាតិ​ដែល​ត្រូវបាន​ត្រួតពិនិត្យ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដោយ​មន្ត្រី​មកពី​អ៊ុ​យក្រែន រុស្ស៊ី តួ​ក​គី​និង​​អ​.​ស​.​ប​។ កប៉ាល់​ដឹក​ទំនិញ​ត្រូវ​បាន​អម​ដោយ​នាវា​អ៊ុយ​ក្រែន​សម្រាប់ការ​ឆ្លងកាត់​ដោយ​សុវត្ថិភាព ដោយសារតែ​គ្រាប់មីន​ពង្រាយ​ពេញ​សមុទ្រ​ខ្មៅ​។​

​មេដឹកនាំ​រុស្ស៊ី​បាន​កត់សម្គាល់​ពី​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ​សម្រាប់​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ដែល​ពឹងផ្អែក​លើ​ការនាំចេញ​របស់​រុស្ស៊ី និង​អ៊ុ​យក្រែន ដើម្បី​ចិញ្ចឹម​ប្រជាជន​របស់​ពួកគេ និង​ដាំ​ដុះ​ដំណាំ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ លោក​បាន​បន្តថា “​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​ដែល​ប្រឈម​នឹង​បញ្ហា​ធំ​ជា​មួយ​អាហារ​និង​ជី​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​បន្ទាប់​ពី​កិច្ចពិភាក្សា​ដែល​មាន​រយៈពេល​បួន​ម៉ោង លោកពូ​ទីន​និង​លោក​អឺ​ដូ​ហ្គាន​បាន​សង្កត់ធ្ងន់​អំពី “​ភាពចាំបាច់​នៃ​ការបំពេញ​ពេញលេញ​នៃ​កិច្ច​ព្រមព្រៀង​ជា​កញ្ចប់​ដែល​បាន​សម្រេច​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល … រួម​ទាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ និង​ជី​របស់​រុស្ស៊ី​ដោយ​គ្មាន​ការរារាំង​”​។​

​ពួកគេ​ក៏​បាន​កត់សម្គាល់​ផងដែរ​អំពី “​សារៈសំខាន់​នៃ​ទំនាក់ទំនង​ដ៏​ស្មោះត្រង់ និង​ជឿជាក់​រវាង​រុស្ស៊ី​និង​តួ​ក​គី​សម្រាប់​ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោក​”៕

​លោកពូ​ទីន​ទទួល​លោក​អឺ​ដូ​ហ្គាន​នៅ​លំនៅដ្ឋាន​គាត់​ក្នុង​ទីក្រុង​សូ​ជី​កាលពី​ថ្ងៃ​សុក្រ