​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បង្ហាញ​ការសោកស្តាយ ចំពោះ​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល មួយចំនួន ដើម្បី​មកជួប​ពិភាក្សា តទល់​មុខ​គ្នា​ដោយផ្ទាល់ នៅ​ចំពោះមុខ​មហាជន តាមរយៈ​ការផ្សាយ​ផ្ទាល់ តាម​បណ្ដាញសារព័ត៌មាន សំដៅ​ជម្រះ​ចោល នូវ​កង្វល់​មិន​ត្រឹមត្រូវ​នានា ជុំវិញ​ការធ្វើ​វិសោធនកម្ម លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នេះ​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ បានបញ្ជាក់​ថាៈ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ដែល​យល់ថា ឬ​អះអាងថា ការធ្វើ​វិសោធនកម្ម លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ះពាល់​ដល់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​សភានិយម ដើម្បី​មកជួប​ពិភាក្សា តទល់​មុខ​គ្នា​ដោយផ្ទាល់ នៅ​ចំពោះមុខ​មហាជន តាមរយៈ​ការផ្សាយ​ផ្ទាល់ តាម​បណ្ដាញសារព័ត៌មាន សំដៅ​ជម្រះ​ចោល​នូវ កង្វល់​មិន​ត្រឹមត្រូវ​នានា ជុំវិញ​ការធ្វើ​វិសោធនកម្ម លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នេះ​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ គណបក្សនយោបាយ​ទាំង ៤ ដែល​បានដាក់​ញត្តិ​ជូនទៅ​រដ្ឋសភា ជំទាស់​នឹង​ការធ្វើ វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នេះ និង​អង្គការ​សង្គម​ស៊ីវិល ចំនួន ១០៤ ដែល​បានចេញ​សេចក្ដីថ្លែងការណ៍ សម្តែង​នូវ​កង្វល់​នានា ជុំវិញ​ការធ្វើ​វិសោធន​កម្មនេះ ពុំបាន​អញ្ជើញ​ចូលរួម តាម​ការអញ្ជើញ​របស់ ក្រសួងយុត្តិធម៌ នោះទេ​។​

​ក្រសួងយុត្តិធម៌ បានបញ្ជាក់ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន របស់ខ្លួន​ថា ប្រសិនបើ​គណបក្ស នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ពិតជា​មានបំណង​ដោយ​សុទ្ធចិត្ត ដើម្បី​ចង់​ការពារ​រដ្ឋធម្មនុញ្ញ​, របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​, របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​សភានិយម ដូច​អ្វីដែល​បាន​អះអាង ពិតប្រាកដ​មែន​នោះ​, គួរ​ណាស់​តំណាង​គណបក្សនយោបាយ ឬ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ អញ្ជើញ​តាម​ការអញ្ជើញ​របស់​ក្រសួងយុត្តិធម៌ ដើម្បី​ស្វែងយល់​ឱ្យបាន​ត្រឹមត្រូវ អំពី​ខ្លឹមសារ និង​គោលបំណង​ពិតប្រាកដ នៃ​ការធ្វើ​វិសោធនកម្ម លើក​ទី​១០ នេះ ឬ​ដើម្បី​លើកយក​ទឡ្ហីករណ៍ មក​តទល់​ពន្យល់​គ្នា ទៅវិញទៅមក ជាមួយ​ក្រសួងយុត្តិធម៌ ដោយមាន​ការផ្សាយ​ផ្ទាល់ តាម​បណ្ដាញសារព័ត៌មាន ដើម្បី​អាចឱ្យ​សាធារណជន អាច​យល់ច្បាស់​ថា តើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០ នេះ ពិតជា​បាន​ប៉ះពាល់​ដល់ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ឬ​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ឬ​របប​សភានិយម ដូច​អ្វីដែល​គណបក្សនយោបាយ ទាំង ៤ ឬ អង្គការ​សង្គម​ស៊ីវិល ទាំង ១០៤ បានលើកឡើង​នោះដែរ ឬទេ​? ។​

​ក្រសួងយុត្តិធម៌ មានការ​សោកស្តាយ ដោយ​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ខាងលើ មិនបាន​ចូលរួម តាម​ការអញ្ជើញ ខាងលើនេះ ក្រោមលេស​នានា ដោយ​មិន​សម​ហេតុផល​។​

​ក្រសួងយុត្តិធម៌ សង្ឃឹមថា តាមរយៈ​ការបកស្រាយ​បំភ្លឺ ជា​បន្តបន្ទាប់​របស់ តំណាង​រាជរដ្ឋាភិបាល​, គណបក្សនយោបាយ​ទាំង ៤ និង​អង្គការ​សង្គម​ស៊ីវិល ទាំង ១០៤ ពិតជា​អាច​ទទួលយក នូវ​ការពន្យល់​បកស្រាយ​បំភ្លឺ​របស់ តំណាង​រាជរដ្ឋាភិបាល អំពី​ខ្លឹមសារ និង​គោលបំណង​ពិតប្រាកដ នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​៕/V​