​ដោយៈ យោធិន / កណ្តាលៈ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក សែម សុវណ្ណនី អនុប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុង​ស្អាង ខេត្តកណ្តាល អមដំណើរ​ដោយ​មន្ត្រី​ជាច្រើន​នាក់ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល ការស្ថាបនា​ផ្លូវ​បេតុង ចំនួន ២ ខ្សែ នា​ត្រើយ​ខាងកើត​ទន្លេ បាសាក់ រួមមាន ១​ខ្សែ មាន​ប្រវែង ១.៣០០ ម៉ែត្រ ស្ថិតនៅក្នុង​ឃុំ​តា​លន់ ដោយ​ស្ថាបនា ត​ភ្ជាប់​ពី​ឃុំ​ត្រើយ​ស្លា និង​ផ្លូវ​បេតុង ១​ខ្សែ​ទៀត មាន​ប្រវែង ១.៥០០ ម៉ែត្រ នៅក្នុង​ភូមិ​កោះ​ថ្មី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ ខាងលើនេះ លោក សែម សុវណ្ណនី បានបញ្ជាក់​ថាៈ ផ្លូវ​ទាំង ២​ខ្សែ ខាងលើនេះ នឹង​ស្ថាបនា ឱ្យ​រួចរាល់​នាពេល​ឆាប់ៗ ខាងមុខនេះ ដែល​ស្ថាបនា ដោយ​កងកម្លាំង​វិស្វកម្ម នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​ថ្លែង​ទៅកាន់​អាជ្ញាធរ​ដែនដី​ភូមិ ឃុំ និង​ប្រជាជន លោក​ប្រធាន​ក្រុមការងារ បានបញ្ជាក់​ថាៈ បន្ទាប់ពី​ស្ថាបនា​រួចរាល់ ផ្លូវ​នេះ នឹង​ជួយ​សម្រួល​ដល់​ការងារ​ធ្វើដំណើរ របស់​បងប្អូន ប្រជាពលរដ្ឋ ជាពិសេស​អាច​ដឹក​កសិផល​កសិកម្ម ទៅកាន់​ទីផ្សារ បាន​យ៉ាង​ងាយស្រួល​។​

​លោក សែម សុវណ្ណនី បានបញ្ជាក់​បន្ថែមថាៈ “ ស្មោះត្រង់​ជាមួយ​ទេវតា គឺ​ទេវតា​ជួយ ដូច្នេះហើយ ”​។ លោក សែម សុវណ្ណនី បានឱ្យដឹង​ដែរ​ថាៈ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្អាង ជាពិសេស​នៅ​ឃុំ​ត្រើយ​ស្លា​, ឃុំ​តា​លន់ និង​ឃុំ​ខ្ពប នា​ឆ្នាំ​កន្លងទៅ ក្រុមការងារ បាន​ស្ថាបនា​ផ្លូវ ជាង​១០​ខ្សែ សរុប​ប្រវែង​ជាង ២០ គីឡូម៉ែត្រ និង​បាន​បំពាក់​នូវ​អំពូល​សូ​ឡា នៅតាម​សងខាង​ដងផ្លូវ ជាច្រើន​ពាន់​ដើម​។ ដោយឡែក ផ្លូវ​បេតុង​ថ្មី កំពុង​សាងសង់​នេះ នឹង​បំពាក់​អំពូល​សូ​ឡា​ផងដែរ ក្រោយ​សាងសង់​រួច​។​

​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ​បេតុង និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅតាម​ខ្នង​ផ្ទះ លោក សែម សុវណ្ណនី បាន​ចែក​ក្រមា ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ម្នាក់ៗ ក្រមា​១ និង​បាន​ឧបត្ថម្ភ ស៊ីម៉ង់ត៍ ចំនួន​៦​តោន ដែល​គិត​ជា​ថវិកា​ចំនួន ៦០០ ដុល្លារ​អាមេរិក សម្រាប់​ចាក់សាប នៅ​ទីធ្លា​សាលាបឋមសិក្សា រកា​ក្រោម ក្នុង​ឃុំ​ខ្ពប និង​បាន​ឧបត្ថម្ភ​ថវិកា ដល់​កងកម្លាំង​ទាំង បី​ប្រភេទ និង​កងកម្លាំង​វិស្វកម្ម នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ដែល​កំពុង​ស្ថាបនា ផ្លូវ​បេតុង​ទាំង ២ ខ្សែ​នេះ ៕/V​